sky-trian-map

គម្រោង​ខ្សែ​រថភ្លើង​ស្វ័យប្រវត្តិ​លើ​អាកាស ​នឹង​ត្រូវ​ស្នើ​ទៅ​រដ្ឋាភិបាល ដើម្បី​សម្រេច​នា​ពេល​ខាង​មុខ​នេះ

ភ្នំពេញជារាជធានី ដែលមានភាពមមាញឹកជាប់រវល់ជានិច្ទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលជាទីប្រសព្វដោយទន្លេធំៗបួនដូចជា ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេសាប និងទន្លេបាសាក់ កំពុងរក្សាការអភិវឌ្ឍយ៉ាងខ្លាំងជាបន្តបន្ទាប់ក្នុងវិស័យអចលនទ្រព្យក្នុងពេលបច្ទុប្បន្ននេះ និងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនទៀត។

លទ្ធភាពនៃការសិក្សាចំណាយ និងចំណូលនៃគម្រោងខ្សែរថភ្លើងស្វ័យប្រវត្តិក្នុងរាជធានីភ្នំពេញ (feasibility study) ដែលបានចាប់ផ្តើមកកើតជាច្រើនឆ្នាំមកហើយ ហើយនឹងត្រូវចាប់ផ្តើមត្រួតពិនិត្យវាយតម្លៃឡើងវិញនៅខែសីហានេះ។

លោកស្រី ជិន គឹមហ៊ាង អ្នកនាំពាក្យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានមានប្រសាសន៍ថា ការសិក្សារបាយការណ៍នៃលទ្ធភាពចុងក្រោយនេះ នឹងត្រូវបានដាក់ស្នើជូនទៅរដ្ឋាភិបាលកម្ពុជាដើម្បីអនុញ្ញាត ឬសម្រេចចិត្តថា នឹងត្រូវធ្វើគម្រោងនេះឬយ៉ាងណា។

អ្នកនាំពាក្យរូបនេះបានឱ្យដឹងថា ៖ «គោលបំណងនៃគម្រោងនេះគឺដើម្បីសាងសង់ផ្លូវរថភ្លើងស្វ័យប្រវត្តិលើអាកាសនៅក្នុងទីក្រុងភ្នំពេញ ដើម្បីដោះស្រាយទប់ស្កាត់បញ្ហាកំណើនយានយន្តឯកជន ហើយរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង»។

លោកស្រីបានបន្ថែមថា ៖ «គម្រោងនេះបានប៉ាន់ស្មានតម្លៃរៀបចំសាងសង់ប្រមាណជាង ៨០០លានដុល្លារ បើយោងតាមរបាយការណ៍របស់ JICA កាលពីខែធ្នូឆ្នាំ២០១៤ ស្ដីពី “គម្រោងផែនការសេវាដឹកជញ្ជូនសាធារណៈក្នុងទីក្រុងភ្នំពេញ”»។ គម្រោងថវិកាលម្អិត នឹងត្រូវបានពិនិត្យមើលតាមរយៈការសិក្សាពីលទ្ធភាពចំណាយផ្សេងៗ ។

បច្ចុប្បន្នផ្លូវមួយចំនួនរវាងទីប្រជុំជននៃទីក្រុងភ្នំពេញ និងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានផ្ដល់អាទិភាព ហើយលទ្ធភាពចំណាយក្នុងគម្រោងផ្លូវរថភ្លើងស្វ័យប្រវត្តិនេះនឹងវិភាគឲ្យបានសមស្របបំផុត។

ដោយផ្អែកលើការពិនិត្យយ៉ាងហ្មត់ចត់នៃខ្សែផ្លូវសាធារណៈ គម្រោងរថភ្លើងលើអាកាសចំនួន ៣ខ្សែនឹងត្រូវបានចាប់ផ្តើម គឺ ៖ ខ្សែទី១ ចាប់ផ្តើមពី មហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី និងរង្វង់មូលចោមចៅ។ ខ្សែទី២ ចាប់ផ្តើមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើង(ចាស់) ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ខ្សែទី៣ ចាប់ផ្តើមពីផ្សារថ្មី មហាវិថីហ្សាលដឺហ្គោល មហាវិថីព្រះមុនីរ៉េត ផ្លូវវ៉េងស្រេង រង្វង់មូលចោមចៅ បត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានមានប្រសាសន៍ថា ៖ «យើងធ្លាប់បានជួបជាមួយ ទីភ្នាក់ងារ JICA ម្តងដែលគាត់មានគម្រោង ស្នើពិភាក្សាពីបំណងនៃការរៀបចំ ផ្លូវរថភ្លើងធុនស្រាលស្វ័យប្រវត្តិលើអាកាសលើកដំបូងនៅក្រុងភ្នំពេញ ហើយយើងក៏បានស្នើសុំគាត់ដើម្បីឲ្យសិក្សាលម្អិតពីគម្រោងនេះ ប៉ុន្តែ(ភាគី)សាលារាជធានីភ្នំពេញមិនទាន់បានឯកភាពនៅឡើយទេ ពីព្រោះគម្រោងមួយៗគឺត្រូវការសិក្សាច្រើនពីគុណសម្បតិ្ត និងគុណវិបត្តិ»។

លោកបានបន្ថែមថា ៖ «យើងមិនបានបដិសេធពីគម្រោងនេះទេ ប៉ុន្តែសាលារាជធានីភ្នំពេញ មិនអាចឆ្លើយយល់ស្របភ្លាមបានទេ ពីព្រោះគម្រោងនេះត្រូវការស្វែងយល់ពីការចំណាយ ថវិកាចំណាយ ផលប៉ះពាល់ ផលចំណេញ រយៈពេលនៃការសាងសង់ ពីព្រោះការងារទាំងនេះគឺត្រូវការសិក្សាពីខាងអង្គការ JICA នៅពេលជំនួបសាជាថ្មីខាងមុខទៀត»។

ចំណែកលោក អៀ ចរិយា នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍បានឲ្យដឹងថា ៖ «ខ្ញុំគិតថាការបង្កើតសេវាដឹកជញ្ជូនសាធារណៈគឺជាអាទិភាពមួយក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទីក្រុង ដើម្បីកាត់បន្ថយកំណើនកកស្ទះចរាចរណ៍នានា ហើយការសិក្សាក៏មិនចំណាយពេលខ្លីដែរ យ៉ាងហោចណាស់ក៏ត្រូវមានការសិក្សាក្នុងរយៈពេល១០ឆ្នាំមុនដែរ»។

លោកបានបន្តថា ការរៀបចំប្រព័ន្ធសេវាដឹកជញ្ជូនសាធារណៈនេះអាច (ទី១)ជួយទប់ស្កាត់ការប្រើប្រាស់យានយន្តឯកជន ដែលពីមួយឆ្នាំទៅមួយឆ្នាំមានកំណើនខ្ពស់ ដែលជាមធ្យមជាង២០ភាគរយ ក្នុងមួយឆ្នាំ។ (ទី២)ជួយចូលរួមការកាត់បន្ថយភាពស្ទះចរាចរណ៍ (ទី៣)ជួយសន្សំសំចៃប្រជាពលរដ្ឋក្នុងការចំណាយលើការធ្វើដំណើរ (ទី៤)រួមចំណែកក្នុងការថែរក្សាបរិស្ថានកុំឲ្យមានសារជាតិបំពុលផ្សែងតាមរយៈយានជំនិះឯកជន និង(ទី៥)ជួយកាត់បន្ថយពេលវេលាដោយសេវាកម្មដឹកជញ្ជូនមានប្រសិទ្ធភាព។

ទោះជាយ៉ាងណា លោក ចរិយា បានបន្ថែមថា ៖ «បើយើងមិនមានការរៀបចំចិញ្ចើមផ្លូវ និងដោះស្រាយចំណតឲ្យបានប្រសើរ និងមិនបានគិតគូរពីសេវាដឹកជញ្ជូនសាធារណៈនេះដូចប្រទេសថៃ វៀតណាម ឬប្រទេសឥណ្ឌូនេស៊ីទេ យើងនឹងអាចជួបប្រទះនឹងបញ្ហាធំៗដូចជាការកកស្ទះ និងការចំណាយខ្ជះខ្ជាយផ្សេងៗ»។

លោកបន្តថា ៖ «យើងគួរតែរៀបចំពីពេលនេះ ព្រោះកាលណាដែលប្រទេសមានការកើនឡើងនៃសំណង់ធំៗវានឹងលំបាកក្នុងការសាងសង់សេវាសាធារណៈដូចជាផ្លូវរថភ្លើងលើអាកាស» នេះជាដើម។

បើយោងតាមអ្នកជំនាញផ្នែកសេវាដឹកជញ្ជូនរបស់វិទ្យាស្ថាន GGGI លោក James Seong-Cheol Kang ដែលកំពុងធ្វើការងារលើការអភិវឌ្ឍទីក្រុងបៃតងនៅកម្ពុជាបានឱ្យដឹងថា៖ «ការបង្កើតសេវាសាធារណៈពិតជាមានផលវិជ្ជមានលើការកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។ ប៉ុន្តែផលដែលអាចជះឥទ្ធិពលខ្លាំង នឹងអាស្រ័យលើកត្តាជាច្រើនដូចជា ភាពងាយស្រួលនៃការប្រើប្រាស់ផ្លូវឆ្លងកាត់ស្វ័យប្វត្តិ (AGT) និងលទ្ធភាពបង់ថ្លៃសំបុត្រ ធ្វើដំណើររបស់ប្រជាជន»។

លោកបានបន្ថែមថា ៖ «គន្លឹះសំខាន់ដើម្បីទទួលបានភាពជោគជ័យពីការងារនេះ គឺត្រូវផ្លាស់ប្តូរទម្លាប់អ្នកប្រើប្រាស់រថយន្តឯកជនឲ្យប្រើប្រាស់សេវាដឹកជញ្ជូនសាធារណៈឱ្យបានច្រើនបំផុតដូចជារថយន្តក្រុងជាដើម ពីព្រោះបើគ្មានអ្នកគាំទ្រនោះទេ ការកកស្ទះនៅក្នុងទីក្រុងនៅតែជាបញ្ហា»។

លោកបាននិយាយថា ប្រព័ន្ធដឹកជញ្ជូនសាធារណៈមានសារៈសំខាន់ដើម្បីធ្វើឱ្យស្ថានភាពចរាចរណ៍ល្អ ហើយថែមទាំងធ្វើឱ្យវិស័យនគរូបនីយកម្មល្អប្រសើរជាងមុន។

គម្រោងនេះអាចជាគម្រាងសំខាន់ពីព្រោះទីក្រុងភ្នំពេញ ខ្វះជម្រើសការដឹកជញ្ជូនសាធារណៈ ហើយវាអាចជាការចាប់ផ្តើមនៃការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលល្អ និងអាចជួយកាត់បន្ថយនូវផ្សែងពុលពីយានយន្តឯកជនដែលធ្វើដំណើរទៅមករាល់ថ្ងៃ។

ទោះជាយ៉ាងណា ជាធម្មតាគម្រោងនីមួយៗតែងជួបការលំបាកដំបូងលើការចំណាយ (ប្រតិបត្តិការសាងសង់ និងការចំណាយថែទាំ) និងការផ្តល់នូវតម្លៃសំបុត្រសមរម្យសម្រាប់អ្នកប្រើប្រាស់សេវាសាធារណៈ។

លោក James បានបន្តទាំងភាពជឿជាក់ថា ដូច្នេះអភិបាលក្រុងគួរមានឆន្ទៈក្នុងការទទួលយកការខាតបង់ ឬផ្តល់ឧបត្ថម្ភធនធានដល់ប្រតិបត្តិករ។ ពេលខ្លះការរចនារាល់រចនាសម្ព័ន្ធខ្ពស់ៗអាចនឹងរារាំងភាពស្រស់ស្អាតនៃទីក្រុង ប៉ុន្តែប្រសិនបើការរចនាឡើងបានស្អាតល្អ វាអាចជាការទាក់ទាញនៅក្នុងទីក្រុងទៅវិញទេ។

គួររំលឹកដែរថា ផែនការបង្កើតប្រព័ន្ធផ្លូវរថភ្លើងស្វ័យប្រវត្តិលើអាកាសនៅភ្នំពេញ ត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំមួយរវាងសាលារាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន កាលពីចុងបញ្ចប់នៃឆ្នាំ២០១៦ ហើយជំនួបរវាងឯកឧត្តម ហោ ណាំហុង និងតំណាងប្រទេសជប៉ុន អំពីគម្រោងនេះបានធ្វើឡើងកាលពីដើមខែឧសភាកន្លងទៅថ្មីៗនេះ៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៏

Leave a Reply