គម្រោង​កែលំអ​សោភ័ណភាព​បន្ថែម​ក្នុង​ខណ្ឌ​ជ្រោយចង្វា បាន​លេច​ជា​ផ្លែផ្កា​បណ្ដើរៗ​ហើយ​
Posted On : January, 17, 2015 | By សំឡេងទីក្រុង

ផ្សាយ ថ្ងៃទី17  ខែJanuary  ឆ្នាំ2015, ប្រភព៖ BNews

គិត​ត្រឹម​ម្សិលមិញ​នេះ ផែនការអភិវឌ្ឍន៍​កែលំអ​សោភ័ណភាព​បន្ថែម​ក្នុង​រាជធានី​ភ្នំពេញ ដែល​ស្ថិត​ក្រោម​ការស្ថាបនា និង​រៀបចំ​របស់​សាលា​រាជធានី​ភ្នំពេញ សម្រេច​បាន​៦៥%​ហើយ ដែល​គម្រោង​នេះ​គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ចុងខែ​កុម្ភៈ​ខាងមុខនេះ​។​

 

យោង​តាម​ទំព័រ​ហ្វេ​ស​បុក​(Facebook Page)​ផ្លូវការ​រ​របស់​សាលា​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា  គម្រោង​ផែនការអភិវឌ្ឍន៍​កែលំអ​សោភ័ណភាព​បន្ថែម​ក្នុង​រាជធានី​ភ្នំពេញ ដូចជា​ការ​ដាក់​រូប​សំណាក់​ការ​ដាក់​ភ្លើង​បំភ្លឺ​សួន ការ​ដាក់​បណ្ដាញ​លូ ការ​ដាក់​រៀបចំ​​ឥដ្ឋការ៉ូឡា ព្រមទាំង​ទីធ្លា និង​សួនច្បារ​ក​កម្សាន្ត​នៅ​លើ​ផ្ទៃដី​ទំហំ ៦០០៨​ម៉ែត្រ​ការេ ស្ថិតនៅ​សង្កាត់​ជ្រោយ​ចង្វា​ ខណ្ឌ​ជ្រោយចង្វា​ និង​ផែនការ​តូចៗ​ដែល​ស្ថិត​ក្នុង​គម្រោង​នេះ​ជាច្រើន​ទៀត កំពុង​សម្រេច​ជា​លទ្ធផល​បណ្ដើរៗ ហើយ​ជា​រួម​គម្រោង​នេះ​សម្រេច​បាន​៦៥% បើ​គិត​ត្រឹម​ម្សិលមិញ​នេះ​។​

 

ប្រភព​ដដែល​ឲ្យ​ដឹង​បន្ត​ថា លទ្ធផល​នៃ​សមិទ្ធផល​ដែល​សម្រេច​បាន​មាន​ដូច​ខាង​ក្រោម​៖
-​ការងារ​ដាក់​លូ​ជុំវិញ​ សម្រេច​បាន ១០០%
-​ការងារ​រៀប​ខឿន​ថ្នល់ សម្រេច​បាន ១០០%
-​ការងារ​ឆ្លាក់​រូប ទីធ្លា​ខឿន សម្រេច​បាន ៨៥%
-​ការងារ​ដាំ​ដើមឈើ​ សម្រេច​បាន ៧៥%
-​ការងារ​រៀប​កា​រឺ​ឡា​ សម្រេច​បាន ៥៥%
-​ការងារ​សួនច្បារ សម្រេច​បាន ៣០%
-​ការងារ​បង្គោល​ភ្លើង​សួន​ សម្រេច​បាន ១៥%។   ​

 

ដោយឡែក​កាល​ពី​ពេល​ថ្មីៗ​នេះ សាលា​រាជធានី​ភ្នំពេញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មន្ទីរ​សាធារណការ​បាន​សិក្សា​ប្លង់​សួនច្បារ និង​ច្រាំង​ទន្លេសាប​ចាប់ពី​ស្ពាន​ជ្រោយចង្វា រហូតដល់​ឃ្លាំង​សាំង​សូ​គី​ម៉ិច​ ក្នុង​ខណ្ឌឫស្សីកែវ ដើម្បី​លើកកម្ពស់​សោភ័ណភាព​តាម​ដង​ទន្លេ​។​   ​

 

…ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា​ ​បាន​បោះ​ទុន​ ៤៨៦​លាន​ដុល្លារសម្រាប់​គម្រោង​​ទីក្រុង​រណប​នៅ​​ជ្រោយ​ចង្វា…

 

សូម​បញ្ជាក់​ថា កាល​ពី​ពេល​ថ្មីៗ​នេះ សាលា​រាជធានី​ភ្នំពេញ ក៏បាន​បង្ហាញ​គ្រោង​ស្ថាបនា​ផ្លូវ​ថ្មើរជើង​នៅ​តាម​ច្រាំងទន្លេ​ចំណាយ ៩៥០​ម៉ែត្រ ចាប់ពី​ចំណុច​បញ្ជរ​ព័ត៌មាន​ទេសចរណ៍​មុខ​ព្រះបរមរាជវាំង​រហូត​ដល់​ស្ពាន​ភ្លោះ​កោះ​ពេជ្រ​ក្នុង​ដំណាក់កាល​ទី​១ ដោយ​ឆ្លងកាត់​សាល​ចតុមុខ សណ្ឋាគារ Himawari និង សណ្ឋាគារ Cambodiana តាមរយៈ​ទំព័រ​បណ្ដាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក (Facebook Page)  ។​

 

​ការពង្រីក​បន្ថែម​ផ្លូវ​ដើរ​ថ្មើរជើង និង​សួនច្បារ​សាធារណៈ​នេះ គឺ​ដើម្បី​កែ​លម្អ​សោភ័ណភាព​រាជធានី​ភ្នំពេញ​ ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ដើម្បី​ជា​ប្រយោជន៍​ដល់​សាធារណៈ​ជន​បាន​កម្សាន្ត លំហែកាយ និង​ហាត់ប្រាណ​ក្នុង​លក្ខខណ្ឌ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​របស់​រាជធានី ភ្នំពេញ ៕     ​

Urban Voice Cambodia

Urban Voice Cambodia