គណៈ​​គ្រប់គ្រង​ AIS ​ទួលគោក​​​ដើរ​សម្អាត​​​បរិស្ថាន​​​តាម​​​ដង​​ផ្លូវ​​​ក្នុង​​​រាជ​ធានី​​​ភ្នំពេញ
Posted On : September, 8, 2014 | By សំឡេងទីក្រុង

trash collection

ប្រភព៖ ថ្មីៗ (អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ   06-09-2014, 11:58 pm) |  ដោយ រឿន ភារុន

ភ្នំពេញ៖ គណៈ​អភិបាលខណ្ឌ​ទូល​គោក និង​គណៈ​គ្រប់គ្រង​សាលារៀន អន្តរទ្វីប អាមេរិកាំង ( AIS ) ប្រមាណ ៧០០នាក់ បានរួម​សហការគ្នា​ចុះ​សម្អាត​តាម​បណ្តា​យ​មហាវិថី និង​វិថី​ចំនួន ០៨ ខ្សែ​ក្នុង​ខណ្ឌទួលគោក នៅ​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៤ ។ នេះ​បើតាម លោក ធន សុភ័ក្ត្រ អនុប្រធាននាយកដ្ឋាន​អប់រំ ប្រចាំ​សាលារៀន AIS ។

លោកគ្រូ អ្នកគ្រូ បុគ្គលិក និង​សិស្សានុសិស្ស​ជាង ៥០០នាក់ បាន​ពាក់អាវ​ពណ៌​បៃតង​ធម្មជាតិ ដែលមាន​សរសេរ​អក្សរ​ថា​ទិវា​បរិស្ថាន​ប្រចាំ​វិទ្យាស្ថាន បាន​ចុះ​សម្អាត​តាម​បណ្តោយ​មហាវិថី  និង វិថី​ចំនួន​ប្រាំបី​ក្នុង​ខណ្ឌទួលគោក​រួមមាន ទីមួយ​វិថី៣៥៥ (អង់​តែ​ន​ទួលគោក) ទី​ពីរ​វិថី៥៩២ ( ផ្សារ​មាន់​អាំង ) ទី​បី​វិថី៣១៥ ទី​បួន​វិថី​ជុំវិញ​ផ្សារ​ទួលគោក ទី​ប្រាំ​វិថី៦០៨ ទី​ប្រាំមួយ​វិថី៥២៨ ទី​ប្រាំពីរ និង​ប្រាំបី​តាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី។

លោក ធន សុភ័ក្ត្រ អនុប្រធាន​នាយក​អប់រំ​ប្រចាំ​សាលា​បាន​និយាយថា​ការ​ប្រារព្ធ​ទិវា​នេះ​ឡើង​ ក្នុងទិសដៅ បំផុសស្មារតី​ប្រជាជន​ក្នុង​សហគមន៍​ឲ្យ​ចូលរួមចំណែក​ក្នុងការ​សម្អាត​ បរិស្ថាន​ជាប្រចាំ​ថ្ងៃ ដោយ​ធ្វើការ​វេច​ខ្ចប់​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​ចូលរួម​លើកកម្ពស់​បរិស្ថាន​រស់​នៅ។

លោក​បាន​បញ្ជាក់ដែរថា៖«យើង​ គួរ​មាន​ទម្លាប់​ចោល​សំរាម​ក្នុង​ធុងសំរាម ដោយ​កាត់បន្ថយ​ការ​បោះចោល​សំរាម​លើ​ដង​វិថី ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ និង​សោភ័ណភាព​ទីក្រុង​របស់​យើង និយាយ​រួម​បរិស្ថាន​ស្អាត​គឺ​ផ្តើមចេញពី​យើងទាំងអស់គ្នា»។

លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក បាន​និយាយ​ពី​សកម្មភាព​ចូលរួម​ការពារ​បរិស្ថាន​នេះដែរ​ថា​បរិស្ថាន​រស់នៅ​ ស្អាត​មាន​សារៈសំខាន​ណាស់​សម្រាប់​សុខភាព​របស់​យើង​គ្រប់គ្នា ក៏ដូចជា​សុខុមាលភាព​សាធារណៈ ហើយ​បរិស្ថាន​ល្អ​បង្ក​ភាពងាយស្រួល​ដល់​ការអភិវឌ្ឍ​វិស័យសេដ្ឋកិច្ច ទេសចរណ៍ សុខាភិបាល និង​សង្គម​ផងដែរ។

លោក​បាន​បញ្ជាក់ថា៖«ការបញ្ចេញ​កាកសំណល់​ ចោល​នូវ​កាកសំណល់​គ្រប់​ប្រភេទ​ ពាសវាល​ពាសកាល​ទៅក្នុង​បរិស្ថាន​ធម្មជាតិ ដោយ​គ្មាន​ការ​ទុកដាក់​ឲ្យ​បាន​សមស្រប នាំ​ឲ្យ​បរិស្ថាន​ធម្មជាតិ​បាត់បង់​សោភ័ណភាព ត្រូវ​បំពុល​បាត់​លក្ខណៈ​ដើម និង​ជះឥទ្ធិពល​ជា​វិជ្ជមាន​ដល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​ សង្គមជាតិ»។

បើតាម លោក ធន សុភ័ក្ត្រ វិទ្យាស្ថាន និង​សាលារៀន​អន្តរទ្វីប​អាមេរិកាំង ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​សហការ​ជាមួយ​អាជ្ញាធរ​ក្រុមប្រឹក្សា​ខណ្ឌ សង្កាត់ ក្នុង​ថែរក្សា​បរិស្ថាន ប្រកាន់ខ្ជាប់ និង​ចួ​ល​រួម​ក្នុងការ​យុទ្ធនា​ការអប់រំ​ផ្សព្វផ្សាយ​ជាប្រចាំ​ដល់​ សិស្សានុសិស្ស ក៏ដូចជា​ទាំង​ប្រជាជន​ក្នុង​សហគមន៍ ដើម្បី​លើកកម្ពស់​បរិស្ថាន​រស់​នៅ​ប្រកបដោយ​ផាសុកភាព សោភ័ណភាព និង​បរិយាកាស​ល្អ​បរិសុទ្ធ៕

Urban Voice Cambodia

Urban Voice Cambodia