គណៈរដ្ឋមន្ត្រី​អនុម័ត​គម្រោង​វិនិយោគ​អគ្គិសនី​ចំនួន​ពីរ​កន្លែង
Posted On : កុម្ភៈ, 22, 2017 | By Vantha

គណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្របានអនុម័តលើគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនិងគម្រោងវិនិយោគបន្ថែមម៉ាស៊ីនផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព១៣៥មេហ្គាវ៉ាត់ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការវិវត្តន៍ថ្មីនៃវិស័យថាមពល ត្រូវបានគេមើលឃើញថា នឹងជួយជំរុញ និងទាក់ទាញ សកម្មភាពវិនិយោគនៅក្នុងស្រុក។

គម្រោងវិនិយោគខ្សែបណ្ដាញបញ្ជូនអគ្គិសនី២៣០គីឡូវ៉ុលពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃភ្ជាប់ជាមួយរាជធានីភ្នំពេញនិងដាក់ឲ្យដំណើរការវារីអគ្គិសនីដុតធ្យូងថ្ម ជំនួសគម្រោងវារីអគ្គិសនីស្ទឹងជាយអារ៉ែងនៅខេត្តព្រះសីហនុនឹងចាប់ផ្តើមដំណើរការក្នុងឆ្នាំ២០១៩។ នេះបើយោងតាមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក ផៃស៊ីផានមន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថាការដាក់ឲ្យដំណើរការគម្រោងអគ្គិសនីទាំងពីរនេះនឹងចូលរួមជាមួយគោលនយោបាយកាត់បន្ថយភាពក្រីក្រតាមរយៈផ្តល់ឱកាសឲ្យប្រជាពលរដ្ឋក្រីក្រអាចប្រប្រាស់ថាមពលអគ្គិសនីមានតម្លៃទាប។

លោក ផៃ ស៊ីផាន បានសរសេរនៅក្នុងបណ្ដាញសង្គមFacebook កាលពីថ្ងៃសុក្រ ថា៖ «នយោបាយអគ្គិសនីរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺមានទិសដៅគាំពារអ្នកក្រីក្រ ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋទាំងអស់ មានលទ្ធភាពប្រើប្រាស់ថាមពលអគ្គិសនីដោយមានតម្លៃសមរម្យគ្រប់ទីកន្លែង»។

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ មកអនុស្ថានីយបែកចានភ្នំពេញ មានប្រវែង ២២០គីឡូម៉ែត្រ ជាលក្ខណៈសាងសង់ ប្រតិបត្តិ និងផ្ទេរ (BOT) ដោយទំហំវិនិយោគចំនួន ១៣៦.៧០លានដុល្លារ វិនិយោគដោយក្រុមហ៊ុន Alex Cooperation។ នេះបើតាមលោក ផៃ ស៊ីផាន។

ចំណែកគម្រោងបន្ថែមម៉ាស៊ីនប្រើធ្យូងថ្ម ទំហំ ១៣៥មេហ្គាវ៉ាត់ ដោយប្រើប្រាស់បច្ចេកវិទ្យាធ្យូងថ្មស្អាត នៅខេត្តព្រះសីហនុ គឺជំនួសគម្រោងវារីអគ្គិសនីជាយអារ៉ែង ខេត្តកោះកុង។ គម្រោងនេះ នឹងត្រូវសាងសង់ដោយក្រុមហ៊ុន Cambodia Energy Limited ដែលជាក្រុមហ៊ុនមកពីប្រទេសម៉ាឡេស៊ី ហើយកំពុងដំណើរការរោងចក្រអគ្គិសនីដុតធ្យូងថ្មកម្លាំង ៥០មេហ្គាវ៉ាត់ នៅខេត្តព្រះសីហនុ។

ទំហំវិនិយោគសរុបនៃគម្រោងនេះ ២៥០លានដុល្លារ ជារូបភាពវិនិយោគ សាងសង់ធ្វើជាម្ចាស់អាជីវកម្ម (BOO) គ្រោងដាក់ដំណើរការ នៅចុងឆ្នាំ២០១៩។

បើតាមលោក ផៃ ស៊ីផាន គម្រោងវិនិយោគសាងសង់ខ្សែបញ្ចូលអគ្គិសនី ២៣០គីឡូវ៉ុលស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ-ភ្នំពេញ គម្រោងសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ុល ភ្ជាប់ពីស្ថានីយវារីអគ្គិសនីស្ទឹងតាតៃ មកអនុស្ថានីយបែកចានភ្នំពេញ នេះ មិនត្រឹមតែជាការតភ្ជាប់បណ្ដាញពីវារីអគ្គិសនីស្ទឹងតាតៃ មកកាន់អនុស្ថានីយនៅភ្នំពេញ ប៉ុណ្ណោះទេ តែគឺជាការអភិវឌ្ឍមួយដែលភ្ជាប់ប្រព័ន្ធបណ្ដាញជាតិបញ្ជូនអគ្គិសនីភាគខាងនិរតីកម្ពុជាឲ្យក្លាយជាប្រព័ន្ធបណ្ដាញកងជាមួយភ្នំពេញដើម្បីបង្កើននូវស្ថិរភាពភាពរឹងមាំ និងសមត្ថភាពក្នុងការបញ្ជូនប្រភពអគ្គិសនីពីស្ថានីយវារីអគ្គិសនីដែលមានទីតាំងនៅក្នុងតំបន់ត្រីកោណកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ និងបង្កើននូវស្ថិរភាព និងលំនឹងនៃការផ្គត់ផ្គង់អគ្គិសនីនៅរាជធានីភ្នំពេញ ផងដែរ។

ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោក ម៉ី កល្យាណ បានឲ្យដឹងថា ការរីកចម្រើនក្នុងវិស័យអគ្គិសនី គឺឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ របស់កម្ពុជា។

លោកថ្លែងថា៖ «វានឹងធ្វើឲ្យមានការរីកចម្រើនអគ្គិសនីមានគុណភាពជំរុញឲ្យមានការលូតលាស់ក្នុងវិស័យឧស្សាហកម្ម ព្រោះបច្ចុប្បន្ននេះ យើងមានអគ្គិសនីធម្មតាហើយ បើអត់មានអគ្គិសនីមានគុណភាពទេ យើងជំរុញវិស័យឧស្សាហកម្មពិបាកហើយ»។

លោក ម៉ី កល្យាណ យល់ឃើញថា ការរីកចម្រើននេះនឹងធ្វើឲ្យកម្ពុជា មានឯករាជ្យភាពលើការគ្រប់គ្រងអគ្គិសនីដែលអាចកាត់បន្ថយការនាំចូលអគ្គិសនីពីប្រទេសក្រៅ។ប៉ុន្តែលោកជំរុញឲ្យការអភិវឌ្ឍក្នុងស្រុកដោយលក់ចេញក្នុងតម្លៃទាបជាងអគ្គិសនីនាំចូលពីបរទេស៕

ប្រភព៖ khmertimeskh

សំឡេងទីក្រុង!

សំឡេងទីក្រុង!