គណៈកម្មាធិការដោះស្រាយទំនាស់បញ្ហាសហគមន៍បូរីកីឡាបង្ហាញពីលទ្ធផលបឋមក្នុងការដោះស្រាយជាមួយប្រជាពលរដ្ឋ១៥៤គ្រួសារនិងបើកផ្លូវតវ៉ារយៈពេល៤០ថ្ងៃ
Posted On : មិនា, 20, 2015 | By សំឡេងទីក្រុង
ថ្ងៃ សុក្រ ទី20 មីនា ឆ្នាំ2015, ប្រភព៖ kampucheathmey
ភ្នំពេញ ៖ ដូចអ្វីដែលបានគ្រោងទុកនៅព្រឹកថ្ងៃទី២០ ខែមីនា អាជ្ញាធររាជធានីភ្នំពេញ តំណាងក្រុមហ៊ុន ផាន អ៊ីម៉ិច និងតំណាងប្រជាពលរដ្ឋក្នុងសហគមន៍បូរីកីឡាបានបង្ហាញពីលទ្ធផលបឋមមួយក្នុងការដោះស្រាយជាមួយប្រជាពលរដ្ឋ១៥៤គ្រួសារ ដែលតែងតែធ្វើការតវ៉ាជាច្រើនឆ្នាំមកហើយនោះ ហើយលទ្ធផលបឋមនេះត្រូវបានគណៈកម្មាធិការសម្រេចជ្រើសរើសឲ្យប្រជាពលរដ្ឋចំនួន៣ចំណុចដើម្បីឲ្យប្រជាពលរដ្ឋទទួលយក និងបើកផ្លូវតវ៉ារយៈពេល៤០ថ្ងៃ បើការសម្រេចនេះពួកគាត់មិនអាចទទួលយកបាន។
លោកមាន ចាន់យ៉ាដា នាយករដ្ឋបាលសាលារាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា សម្រាប់សហគមន៍បូរីកីឡា សាលារាជធានីភ្នំពេញបានខិតខំធ្វើការដោះស្រាយជាមួយពួកគាត់ច្រើនលើកច្រើនសារួចមកហើយ ដោយសាលារាជធានីរួមនឹងក្រុមហ៊ុនបានធ្វើការសាងសង់អគារស្នាក់របស់ប្រជាពលរដ្ឋនៅហ្នឹងកន្លែងបាន៨អគារស្មើនឹង១៣៩២បន្ទប់ ក្នុងនោះបានប្រគល់ជូនប្រជាពលរដ្ឋ១៣៣៤គ្រួសារ និងដោះស្រាយគោលនយោបាយបាន១១២គ្រួសារ និងនៅសល់ប្រជាពលរដ្ឋ១៥៤គ្រួសារមិនទាន់បានធ្វើការដោះស្រាយឲ្យបានត្រូវរ៉ូវគ្នានៅឡើយ។ ដើម្បីដោះស្រាយបញ្ចប់លើករណីនេះអាជ្ញាធររាជធានីភ្នំពេញបានប្រែងប្រែងខ្លាំងណាស់ ដោយយើងបានស្វែងរកដៃគូជាច្រើនដើម្បីមកប្រជុំពិភាក្សាគ្នាធ្វើយ៉ាងណាដោះស្រាយឲ្យទទួលយកបានទាំងអស់គ្នា។ ក្នុងនោះកាលពីថ្ងៃទី១២សីហាឆ្នាំ២០១៤យើងបានបើកវេទិកាសាធារណៈមួយនៅចេនឡាដោយមានប្រជាពលរដ្ឋរស់នៅ ក្នុងសហគមន៍បូរីកីឡានេះចំនួន១៥០គ្រួសារចូលខ្លួនមកដើម្បីបង្ហាញឯកសារនិងលើកឡើងពីអ្វីដែលជាការចង់បានរបស់ពួកគេ ហើយក្រោយការបើកវេទិកាសាធារណៈនោះរួចហើយ មានប្រជាពលរដ្ឋចំនួន១៥៤គ្រួសារបានមកដាក់ពាក្យដើម្បីឲ្យសាលារាជធានីភ្នំពេញធ្វើការដោះស្រា យជូនពួកគាត់។
លោកបន្តថាជុំវិញការស្នើសុំ និងដាក់ឯកសារមកសាលារាជធានីភ្នំពេញនោះ សាលារាជធានីក៏បានបង្កើតជាក្រុមការងារមួយដើម្បីពិនិត្យវាយតម្លៃ ដោយមានទាំងអាជ្ញាធររាជធានី ខណ្ឌ៧មករា ខាងក្រុមហ៊ុន និងតំណាងប្រជាពលរដ្ឋផងដែរ។ ក្រោយការពិនិត្យវាយតម្លៃហើយនោះក្រុមការងារឬគណៈកម្មាធិការនេះបានសម្រេចនិងបានចុះហត្ថលេខារួមគ្នានូវដំណោះស្រាយជាបឋមមួយ ដែលដំណោះស្រាយជាបឋមនោះមាន៣ចំណុច ។ ក្នុងចំណុចទី១ ដោះស្រាយសម្រាប់ប្រជាពលរដ្ឋដែលមានឯកសារគ្រប់គ្រាន់ឲ្យមានលំនៅនៅអគារបូរីកីឡា ចំណុចទី២ ប្រជាពលរដ្ឋដែលមិនមានឯកសារគ្រប់គ្រាន់ត្រូវទទួលបានដីនៅតំបន់ផ្សេងពីបូរីកីឡា ប៉ុន្តែទីតាំងដែលត្រូវប្រគល់ជូននោះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដូចជាមានទឹក មានភ្លើងផ្លូវសាលារៀន ទីផ្សារជាដើម។ ចំណែកចំណុចទី៣ ប្រជាពលរដ្ឋដែលស្នាក់នៅ មិនមានឯកសារទទួលបានជាគោលនយោបាយ។ ចំពោះការប្រកាសនេះត្រូវបានបិទផ្សាយជាសាធារណៈនៅសាលាខណ្ឌ៧មករា និងទុករយៈពេល៤០ថ្ងៃសម្រាប់ឲ្យប្រជាពលរដ្ឋដែលមិនសុខចិត្តធ្វើការតវ៉ា តែមិនអនុញ្ញាតឲ្យធ្វើការតវ៉ាដោយការប្រមូលផ្តុំគ្នាដង្ហែជាក្បួននោះទេ ពោលគឺបើមានបញ្ហាអ្វីមកតវ៉ានៅសាលាខណ្ឌ៧មករា។
គួរបញ្ជាក់ផងដែរថា ការបិទផ្សាយលទ្ធផលបឋមនៃការដោះស្រាយបញ្ហាបូរីកីឡាខាងលើនេះ ចំណុចទី១មានប្រជាពលរដ្ឋ២៥គ្រួសារទទួលបានលំនៅដ្ឋាន អគារបូរីកីឡា ចំណុចទី២ប្រជាពលរដ្ឋ៨៩គ្រួសារទទួលបានដីនៅតំបន់ផ្សេងពីបូរីកីឡា និងប្រជាពលរដ្ឋ៤០គ្រួសារទទួលបានជាគោលនយោបាយ៕