គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​នឹង​ចុះ​ពិនិត្យ​ពុទ្ធសាសន​បណ្ឌិត្យ

ប្រភព៖ ភ្នំពេញប៉ុស្តិ៍, Mon, 5 January 2015,

ភ្នំពេញៈ គណៈកម្មការ​ទី៧​នៃ​រដ្ឋសភា នឹង​ចុះ​ទៅ​ពិនិត្យ​ស្ថាន​ភាព​ដី​បរិវេណ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ និង​ពុទ្ធិកសាកល​វិទ្យាល័យ​ព្រះសីហនុ​រាជ នៅ​ថ្ងៃ​សុក្រនេះ ដើម្បី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ចំពោះ​ការ​អះអាង​របស់​រដ្ឋមន្ត្រី​​ក្រសួង​ ធម្មការ និង​សាសនា ដែល​ថា ពុំ​មាន​ការ​​លក់ ឬ​ជួលដី​វិទ្យា​ស្ថាន​នេះ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ណាហ្គា​វើល​ទេ។

រដ្ឋសភា​ ធ្លាប់​បាន​កោះ​ហៅ​លោក មិន ឃិន រដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា​កាល​ពី​ខែ​តុលា បន្ទាប់​ពី​ផ្នែក​ខ្លះ​នៃ​របង​ និង​ខ្លោង​ទ្វារ​នៃ​វិទ្យាស្ថាន​ពុទ្ធ​សាសន​​បណ្ឌិត្យ ត្រូវ​បាន​វាយ​កម្ទេច កាល​ពី​ដើម​ ឆ្នាំ​ ២០១៤ ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា។

ប្រធាន​ គណៈកម្មការ​ទី​៧ ផ្នែក​អប់រំ យុវជន ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ លោក យ៉ែម បុញ្ញឬទ្ធិ បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ក្រុម​គណៈ​កម្មការ​ នឹង​ចុះ​ទៅ​ពិនិត្យ​មើល​វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ នៅ​ថ្ងៃ​ទី​៩ ខែ​មករា​ ខាង​មុខ​នេះ​ថា​តើ​មាន​ការ​រុះ​រើ​របង​ឃាំង​របស់​​ក្រុម​ហ៊ុន​ ណាហ្គាវើល ចេញ​ពី​បរិវេណ​ដី​ពុទ្ធ​សាសន​បណ្ឌិត្យ​ហើយ​ឬ​ក៏​យ៉ាង​ណា?

លោកថា៖ «យើង​ទៅ​មើល​ជាក់​ស្តែង​រឿង​​របង​​ដែក និង​ជញ្ជាំង​ឃាំង​ដែល​សង់​លើ​ដី​ពុទ្ធ​សាសន​បណ្ឌិត្យ​ហ្នឹង ថា​តើ​មាន​ការ​រុះ​រើ​ហើយ​ឬ​នៅ?​ ហើយ​មាន​ការ​​រៀបចំ​ដូច​ម្តេចដែរ? ហើយ​ការ​សាងសង់​របង និង​ខ្លោង​​ទ្វារដែល​យើង​ស្នើឲ្យ​ធ្វើ​តាម​រចនា​ប័ទ្ម​ដើម​ហ្នឹង តើគេ​ធ្វើ​ឡើង​នៅ​ពេល​ណា​ឲ្យ​ពិត​ប្រាកដ​?»។

លោក​បុញ្ញ​ឫទ្ធិ​ បាន​បន្ថែម​ថា ក្រៅ​ពី​ការ​ពិនិត្យវិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ គណៈ​កម្មការ​ ក៏​នឹងចុះ​​ពិនិត្យ​​ការ​រៀបចំ​កែ​​ទម្រង់​ផ្នែក​ធម្មការ និង​សាសនា នៅ​ក្នុង​ពុទ្ធិកសាកល​វិទ្យាល័យ​ព្រះ​សីហនុ​រាជផង​ដែរ។

លោក ​ថា៖​ «យើង​ទៅ​ពិនិត្យ​មើល​លក្ខខណ្ឌ​នៃ​ការ​សិក្សា​របស់​ព្រះ​សង្ឃ និង​ឧបាសក​ មាន​ភាព​ខុស​គ្នា​ដូច​ម្តេច​​ តើ​ការ​បើក​​ប្រាក់​​ឧបត្ថម្ភ ប្រាក់​បៀវត្ស​រ៍ទៀង​ទាត់​អត់? មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​អប់រំ​ដែរ​ឬ​ក៏អត់?​»។

លោក មិន​ ឃិន រដ្ឋមន្ត្រី​ក្រសួងធ​ម្មការ​ និង​សាសនា មិន​អាច​សុំការ​អត្ថាធិប្បាយ​បាន​ទេ។ ប៉ុន្តែ​ លោក​ មិន ឃិន ធ្លាប់​បាន​ថ្លែង​បន្ទាប់​ពីការ​បំភ្លឺ​នៅ​រដ្ឋសភា​ថា វិទ្យាស្ថាន​នេះ​​គឺ​ជា​កន្លែង​ផ្ទុក​​នូវ​ឯកសារ​​ដ៏​សំខាន់​មួយ​និង​មាន​ តម្លៃ​ស្មើ​នឹង​នាយកដ្ឋាន​​របស់​រដ្ឋ ដែល​មិន​អាច​លក់​ឬ​ជួល​បាន​ទេ។

លោកថា៖ «សម្រាប់​វិទ្យា​ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ មិន​កំពុង​ជួល​ដីឬ​លក់​វា ឬ​អនុញ្ញាត​ឲ្យ​មាន​ការ​អភិវឌ្ឍ​ណាមួយ​ទេ ហើយ​ចំពោះ​ការ​រើ​សំណង់​នោះ យើង​កំពុង​រៀបចំ​តាម​នីតិវិធី​រើ​វា​នា​ពេល​ឆាប់ៗ នេះ»។

ព្រះ​តេជ​គុណ ថង ណារិទ្ធ ប្រធាន​បណ្តាញ​ព្រះ​សង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ដែល​ធ្លាប់​បាន​​តវ៉ា​ទាមទារ​ឲ្យ​បញ្ឈប់​ការ​សាងសង់​របស់​ក្រុម​ហ៊ុន​ ណាហ្គា​វើល​ លើ​ដី​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​នេះ​ បាន​​ស្វាគមន៍​ចំពោះ​​ចំណាត់​ការ​​ចុះ​ទៅស៊ើប​អង្កេត​បន្ថែម​​របស់​ គណៈកម្មការ​ទី ៧​ ខណៈ​ដែល​​ព្រះ​អង្គ​នៅ​តែ​មាន​​មន្ទិល​សង្ស័យ​ថា ​រដ្ឋាភិបាល​អាច​នឹង​លក់​ដី​វិទ្យាស្ថាន​​ដែល​ជា​ព្រះ​រាជ​ទ្រព្យ​របស់​ព្រះ ​មហា​វីរក្សត្រ​ ទៅ​ឲ្យ​ក្រុម​ហ៊ុន​ណាហ្គា​វើល នៅ​ថ្ងៃ​អនាគត។

ព្រះ​ ​តេជ​គុណបាន​បញ្ជាក់ថា៖ «វិទ្យាស្ថាន​នេះ ជា​ឃ្លាំង​វប្បធម៌ ឃ្លាំង​អក្សរ​​សាស្ត្រ និងមាន​​ផ្ទុក​នូវ​វត្ថុ​​សំខាន់ៗ​ អ៊ីចឹង​​យើង​ត្រូវតែ​ការ​ពារ»។

ទាក់ទង​នឹង​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បាន​ផ្ញើ​លិខិត​ថ្វាយ​ព្រះ​មហាក្សត្រ​ កាល​ពី​ដើម​ខែ​តុលា ឆ្នាំ​ ២០១៤ ​ផងដែរ ដោយ​បញ្ជាក់​ថា ពុំ​មាន​ការ​លក់ ឬ​ដោះ​ដូរ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ទេ។

ចំពោះការ​រុះរើ​របង​ និង​ខ្លោង​ទ្វារ​វិទ្យាស្ថាន​នេះ​កន្លង​មក គឺ​ដើម្បី​សម្រួល​ដល់​ការ​សាង​សង់​ផ្លូវ​ក្រោម​ដី ដែល​ជា​គម្រោង​ណាហ្គា​ស៊ីធីវ៉ក (NagaCity Walk) នៅ​ពី​មុខ​វិទ្យាស្ថាន​នេះ​ប៉ុណ្ណោះ។ បន្ទាប់​ពី​បញ្ចប់​ការ​សាង​សង់​ នឹងមានការ​សាង​សង់​របង និង​ខ្លោង​ទ្វារ វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ តាម​រចនា​ប័ទ្ម​​ដើម​វិញ៕

Leave a Reply