គណៈកម្មការ​ទី​៧​ឲ្យ​ក្រសួង​ធម្មការ​បង្ហាញ​ភ័ស្តុតាង​ជា​ក់លា​ក់ថា​មិន​បាន​លក់​ដី​ពុទ្ធសាសនបណ្ឌិត្យ​​
Posted On : October, 9, 2014 | By សំឡេងទីក្រុង

ដោយ VOD, ថ្ងៃព្រហស្បតិ៍ ទី៩ តុលា ២០១៤

ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា អះអាងថាលោក​នឹង​ស្នើឲ្យ​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​បង្ហាញ​នូវ​ភ័ស្តុតាង​ ឲ្យបាន​ជាក់លាក់ ដែល​បញ្ជាក់​ថា​ក្រសួង​មិន​បាន​ជួល ឬ​លក់​ដី​ពុទ្ធ​សាសន​បណ្ឌិត្យ​ទៅឲ្យ​ក្រុមហ៊ុន​ណាហ្គាវើល​។​

​ប្រធាន​​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ លោក យ៉ែម បុញ្ញ​ឫទ្ធិ មានប្រសាសន៍ថា នៅ​ក្នុង​ការ​ចូល​ខ្លួន​បំភ្លឺ​របស់​តំណាង​ក្រសួង​វប្បធម៌ និង​សាសនា នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ នឹង​មាន​ការ​ចោទសួរ​ពី​បញ្ហា​មួយចំនួន​ទាក់ទង​ទៅ​នឹង​វិទ្យាស្ថាន​ ពុទ្ធសាសនបណ្ឌិត្យ។ លោក​ថាគណៈកម្មាការ​ទី​៧​នឹង​សួរ​អំពី​កាលបរិច្ឆេទ​នៃ​ការកសាង​ឡើងវិញ​នូវ​ របង​វិទ្យាស្ថាន​ដែល​ត្រូវបាន​រុះរើ ក៏ដូចជា​រចនាបថ​ដែល​នឹង​ត្រូវ​រចនា​ឡើងវិញ​។​

​លោក យ៉ែម បុញ្ញ​ឫទ្ធិ បន្ថែមថា ក្រៅពី​សួរនាំ​ពី​បញ្ហា​ទាក់ទង​ទៅនឹង​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ ក៏​មាន​លើក​ឡើង​ផងដែរ​អំពី​បញ្ហា​ធម្ម​វិន័យ បញ្ហា​ជន​ឆបោក​យក​សាសនា​ធ្វើ​ជា​ឈ្នាន់ និង​ដំណើរការ​នៅ​ពុទ្ធិកសិក្សា​ជាដើម​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ទី​៧​នៃ​រដ្ឋសភា ចុះ​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ​២០១៤ ឲ្យដឹងថា នៅ​រសៀល​ម៉ោង​២ ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា លោក មិន ឃិន នឹង​ដឹកនាំ​សហការី​មក​បំភ្លឺ​ចំពោះ​គណៈកម្មការ​ទី​៧ និង​តំណាង​គណៈកម្មការ​នានា​នៃ​រដ្ឋសភា ជុំវិញ​រឿង​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ និង​ការរៀបចំ​វិស័យ​ធម្មការ និង​សាសនា។​

​គម្រោង​នៃ​ការសាកសួរ​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​ការតវ៉ា​ពី​សំណាក់​ព្រះសង្ឃ​មួយក្រុម ដែលបាន​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋសភា​សុំ​អន្តរាគមន៍​ទប់ស្កាត់​ការលក់ ឬ​ដោះដូរ​ដី​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​​ដែលជា​ព្រះ​ រាជទ្រព្យអតីតព្រះមហាក្សត្រ។​

​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍ កាល​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០១៤ បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន​ណាហ្គាវើល​​កំពុងតែ​សម្លឹង​ដី​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ សម្រាប់​អភិវឌ្ឍ​សណ្ឋាគារ​ថ្មី​មួយ​។​

​ព័ត៌មាន​នៃ​ការលក់​ទិញ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​នេះ​កើតឡើង ខណៈ​ក្រុមហ៊ុន​ណាហ្គា​កំពុង​សាងសង់​ផ្លូវ Naga Walk តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ មុខ​វិទ្យាស្ថាន​នេះ និង​កំពុង​សាងសង់Naga2 ដែល​ធ្វើឲ្យ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​ស្ថិត​នៅ​ចំ​កណ្ដាលNaga និង Naga2 ៕

Urban Voice Cambodia

Urban Voice Cambodia