ខ្មែរ​ក្រោម​សុំ​សាលា​រាជធានី​ធ្វើ​ពិធី​រំឭក​ខួប​បាត់បង់​ទឹកដី​នៅ​ទីលាន​ប្រជាធិបតេយ្យ
Posted On : May, 27, 2015 | By សំឡេងទីក្រុង

ដោយ យាង សុជាមេត្តា, 2015-05-27, RFA

តំណាង​អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ចូល​ជួប​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែ​ឧសភា។ ពួកគេ​នឹង​ពិភាក្សា​អំពី​ការ​ស្នើ​សុំ​របស់​ខ្មែរ​ក្រោម ដែល​បាន​ស្នើ​ទៅ​កាន់​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​យក​ទីលាន​ប្រជាធិបតេយ្យ ជា​កន្លែង​ប្រារព្ធ​ពិធី​បុណ្យ​ខួប​រំលឹក​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ។

នេះ​គឺ​ជា​លើក​ទី​១​ហើយ​ដែល​ខ្មែរ​ក្រោម​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ខួប​រំលឹក​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ ប្រសិនបើ​អាជ្ញាធរ​ខ្មែរ​អនុញ្ញាត​តាម​ការ​ស្នើ​សុំ​របស់​ពួកគេ ដូច​ការ​គ្រោង​ទុក​មែន​នោះ។

​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា ថា អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ដាក់​លិខិត​ស្នើ​សុំ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ តាំង​ពី​ដើម​ខែ​ឧសភា ដើម្បី​ស្នើ​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​បាន​ប្រារព្ធ​ខួប​រំលឹក​បាត់បង់​ទឹកដី​ថ្ងៃ​ទី​៤ មិថុនា នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ។

លោក ថាច់ សេដ្ឋា បញ្ជាក់​ថា មូលហេតុ​ដែល​អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​សុំ​យក​ទីលាន​ប្រជាធិបតេយ្យ​ជា​កន្លែង​ប្រារព្ធ​ពិធី ព្រោះ​លោក​មើល​ឃើញ​ថា ទីលាន​ប្រជាធិបតេយ្យ​មាន​ទីធ្លា​ធំ​ទូលាយ ងាយស្រួល​ក្នុង​ការ​ប្រារព្ធ​ពិធី និង​ក្នុង​ការ​ការ​សន្តិសុខ សុវត្ថិភាព​ជាដើម។

​លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា ពិធី​បុណ្យ​រំលឹក​ខួប​បាត់បង់​ទឹក​ដី​ឆ្នាំ​នេះ អាច​មាន​មនុស្ស​ច្រើន​ពាន់​នាក់​ចូល​រួម ក្នុង​នោះ​ព្រះសង្ឃ​ជិត ២​ពាន់​អង្គ ក៏​នឹង​ត្រូវ​និមន្ត​ចូល​រួម​ក្នុង​ពិធី​រាប់​បាត្រ​ផង​ដែរ។ លោក​ថា ក្រៅ​ពី​ព្រះសង្ឃ ប្រជាពលរដ្ឋ ព្រះរាជតំណាង​ព្រះមហាក្សត្រ​ខ្មែរ ក៏​នឹង​អាច​យាង​ចូល​រួម​ទៀត​ផង។

យ៉ាង​ណា​ក៏ដោយ លោក ថាច់ សេដ្ឋា បញ្ជាក់​ថា គេ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​នៃ​ជំនួប​រវាង​តំណាង​អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជាមួយ​អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ ជា​មុន​សិន។ ប៉ុន្តែ​លោក​សង្ឃឹម​ថា អាជ្ញាធរ​នឹង​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ ព្រោះ​លោក​ថា ស្ថានភាព​នយោបាយ​ខ្មែរ​ក៏​កំពុង​ស្ងប់ស្ងាត់ ហើយ​ម្យ៉ាង​ទៀត លោក​ថា ការ​បាត់បង់​ទឹកដី គឺ​ជា​បញ្ហា​របស់​ខ្មែរ​ទាំង​អស់​គ្នា។

​លោក ថាច់ សេដ្ឋា៖ «ខ្ញុំ​សង្ឃឹម​ដែរ ដោយសារ​ឃើញ​មាន​ការវិវត្តន៍​នយោបាយ ហើយ​ម្នាក់ៗ​ងាក​មក​គិត​ពី​រឿង​ជាតិ រឿង​ស្រុក​ទេស ដល់​ជាតិ​សាសន៍​របស់​យើង​មិន​ចង់​បែកបាក់ ហើយ​នៅ​ពេល​ដែល​រដ្ឋាភិបាល និង​បក្ស​ប្រឆាំង​បង្កើត​នៅ​វប្បធម៌​សន្ទនា​ហើយ អ៊ីចឹង​យើង​សង្ឃឹម​ថា អាច​មាន​ការ​យោគយល់​គ្នា​រឿង​ហ្នឹង ហើយ​មិន​ខ្លាច​បរទេស​អ្វី​ទៀត​នោះ​ទេ»

គិត​ដល់​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៥ គឺ​មាន​រយៈពេល ៦៦​ឆ្នាំ​ហើយ​ដែល​អាណានិគម​និយម​បារាំង បាន​កាត់​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​ស្ដេច​យួន បាវ ដាយ កាល​ពី​ឆ្នាំ​១៩៤៩។ ចាប់​តាំង​ពី​ពេល​នោះ​មក ខ្មែរ​ក្រោម​បាន​យក​ថ្ងៃ​ទី​៤ ខែ​មិថុនា គឺ​ជា​ទិវា​ចងចាំ​តៗ​រៀង​មក។

កន្លង​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ ធ្លាប់​បាន​អនុញ្ញាត​ឲ្យ​អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម នៅ​វាល​ព្រះមេរុ និង​នៅ​លើ​សួន​ច្បារ​មុខ​វត្ត​បទុមវតី ផង​ដែរ។ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សាលា​រាជធានី​ភ្នំពេញ មិន​បាន​អនុញ្ញាត​ឡើយ ហើយ​បាន​ណែនាំ​ពួកគេ​ឲ្យ​ទៅ​ធ្វើ​នៅ​ទីស្នាក់ការ​អង្គការ-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​តាម​ទី​អារាម ឬ​នៅ​តំបន់​ជាយ​ក្រុង​វិញ។ ការ​មិន​អនុញ្ញាត​ឲ្យ​ខ្មែរ​ក្រោម​ធ្វើ​នៅ​តាម​ទី​សាធារណៈ​ធំៗ​នេះ ត្រូវ​បាន​គេ​មើល​ថា ដោយសារ​រដ្ឋាភិបាល​កម្ពុជា ខ្លាច​រដ្ឋាភិបាល​វៀតណាម ខឹងសម្បា ហើយ​អាច​ធ្វើ​ឲ្យ​ប្រទេស​ទាំង​២ មាន​ទំនាក់ទំនង​មិន​ល្អ​នឹង​គ្នា។

​ចំពោះ​ការ​ស្នើ​សុំ​របស់​ខ្មែរ​ក្រោម​នៅ​ពេល​នេះ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មិន​ទាន់​អាច​ឆ្លើយ​តប​បាន​យ៉ាង​ណា​នោះ​ទេ។ លោក​ថា ត្រូវ​រង់ចាំ​មើល​លទ្ធផល​ជំនួប​នៅ​ថ្ងៃ​ទី​២៨ ឧសភា ជា​មុន​សិន៖ «ប្រជុំ​អំពី​កម្មវិធី​ជាក់ស្ដែង អំពី​កម្មវិធី​លំអិត​យ៉ាង​ម៉េចៗ ប្រធានបទ​អ្វី​ខ្លះ អ្នក​ចូល​រួម​ប៉ុន្មាន​នាក់ មក​ពី​ណា​ខ្លះ? បើ​សិន​យើង​អនុញ្ញាត​ជូន​គាត់​យើង​ត្រូវ​រៀបចំ​ការពារ​សន្តិសុខ​ជូន​គាត់ យើង​ធ្វើ​អ៊ីចឹង​រាល់​ដង ជា​ទម្លាប់​របស់​អាជ្ញាធរ​រាជធានី​ជាមួយ​អង្គការ​សង្គម​ស៊ីវិល ជាមួយ​គណបក្ស​នយោបាយ​នានា»

គេ​នៅ​ចាំ​បាន​ថា នៅ​ក្រោយ​ការ​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម កាល​ពី​ឆ្នាំ​២០១៤ ខ្មែរ​ក្រោម និង​យុវជន​ជា​ច្រើន​បាន​នាំ​គ្នា​តវ៉ា​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស និង​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម។ ការ​តវ៉ា​កើត​ឡើង​បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាំងថុង (Tran Van Thong) បាន​ថ្លែង​ថា ទឹកដី​កម្ពុជា​ក្រោម ដែល​វៀតណាម ហៅ​ថា ទឹក​ដី​ណាមបូ (Nam Bo) គឺ​ជា​ទឹកដី​របស់​វៀតណាម តាំង​ពី​យូរ​ណាស់​មក​ហើយ។ យ៉ាង​ណា​ក៏ដោយ រហូត​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​វៀតណាម មិន​បាន​សុំ​ទោស​ឡើយ ហើយ​ខាង​រដ្ឋាភិបាល​កម្ពុជា ក៏​មិន​បាន​ផ្ញើ​កំណត់​ទូត​ដើម្បី​ឲ្យ​រដ្ឋាភិបាល​វៀតណាម បកស្រាយ​រឿង​នេះ​ដែរ៕

Urban Voice Cambodia

Urban Voice Cambodia