ខេមកូ​ ចាប់ផ្តើម​ដំណាក់កាល​ទីពីរ​ ៣០០ លាន​ដុល្លារ
Posted On : January, 26, 2015 | By សំឡេងទីក្រុង

ដោយ៖ ភ្នំពេញ ប៉ុស្តិ៍ ថ្ងៃ ទី ២៦ ខែ មករា ឆ្នាំ ២០១៥

ក្រុម​ហ៊ុន ​World​City​ ដែល​អភិ​វឌ្ឍទី​ក្រុងរណប​ ខេមកូ បាន​ចាប់​ផ្តើម​គម្រោង​ជំហាន​ទី២​របស់​ខ្លួន​ ដែល​មាន​ទឹក​ប្រាក់​ ៣០០ ​លាន​ដុល្លារ​។

ការ​ចាប់​ផ្តើម​ឡើង​វិញ​គឺ​បន្ទាប់​ពី​ពន្យា​រពេល​យ៉ាង​យូរ​ដោយ​សារ​​វិបត្តិ​សេដ្ឋ​កិច្ច​សកល​ឆ្នាំ​២០០៨​។ ជំហាន​ទី ២ ​នេះ​រួម​មាន​វីទ្បា​ប្រភេទ​លំហែកាយ​ផ្សារ​ទំនើប​អគារ​ការិយាល័យ ​និង​មន្ទីរ​ពេទ្យ​។

នាយក​រង​ក្រុម​ហ៊ុន​ World​City ​លោក​ K ​C ​WHANG ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ តាម​អ៊ីមែល​​ថា ​ដើម្បី​អភិវឌ្ឍ​ទីក្រុង​​ ខេមកូ​ ឲ្យ​បាន​រលូន​​ និង​ឆ្លើយ​តប​តាម​ផែន​ការ​មេ​របស់​ទី​ក្រុង​នេះ ​ក្រុម​ហ៊ុន​ WorldCity​ បាន​និង​កំពុង​បោះ​ទុន​វិនិ​យោគ​ ៣០០​ លាន​បន្ថែម​ទៀត​សម្រាប់​អភិវឌ្ឍ​​គម្រោង​ដំណាក់​កាល​ទី២​ ដែល​​រួម​មាន​ការ​សាងសង់​វីទ្បា​លំហែ​កាយ​ប្រណីត ​​១៣​៤​ ខ្នង​ ផ្សារ​ទំនើប​ និង​មន្ទីរ​ពេទ្យ​។ ​

លោកបាន​បន្ត​ថា៖​ «​គម្រោង​ទាំង​បី​នេះ​បាន​និង​កំពុង​ចាប់​ផ្តើម​និង​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ​ ២០១៦​ ខាង​មុខ​បើ​​គ្មាន​អ្វីប្រែប្រួល​ទេ​នោះ»​។​

លោក​បាន​បន្ថែម​ថា​៖ «ការ​ចាប់​ផ្តើម​គម្រោង​ដែល​ចំណាយ​ប្រាក់​ដ៏​ច្រើន​នេះ​ធ្វើ​ទ្បើង​ស្រប​ពេល​ដែល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ស្ទុះ​ងើប​ទ្បើង​វិញ​យ៉ាង​ឆាប់រ​ហ័ស ​និង​រំពឹង​ទទួល​បាន​ជោគជ័យ​​ ព្រោះ​យើង​បាន​ប្តេជ្ញា​​អភិវឌ្ឍរយៈ​ពេល​យូរ​នៅ​ទី​នេះ​ និង​ផ្តល់​នូវ​ជីវិត​ដ៏​ទាន់សម័យ​សម្រាប់​ប្រជាជន​កម្ពុជា​»​។​

ការ​សាងសង់​ផ្សារ​ទំនើប ​និង​មន្ទីរពេទ្យ​នឹង​ចាប់​ផ្តើម​នៅ​ពេល​ឆាប់​ៗ​នេះ​ខណៈ​ក្រុម​ហ៊ុន​កំពុង​រៀបចំ​ប្លង់​អគារ។​ចំណែក​វីទ្បា​លំហែកាយ​ចំនួន​ ១៣៤​ ត្រូវ​បាន​សាង​សង់​រួច​មួយ​ចំនួន​ហើយ ​ដោយ​ផ្ទះ​ទាំង​នោះ​លក់​ក្នុង​តម្លៃចន្លោះ​ពី ​៦០ ម៉ឺន​​ដុល្លារ​​ដល់​ ១,៤ លាន​ដុល្លារ​អាមេរិក​។​
គម្រោង​ខេមកូ​ស៊ីធី បាន​ចាប់​ផ្តើម​ជំហាន​ទីមួយ​ កាល​ពី​ឆ្នាំ ​២០០៧ ​ដែល​បាន​អភិវឌ្ឍ​គម្រោង​ជាច្រើន​រួម​មាន​ផ្ទះ​វីឡា​ផ្ទះ​លែ្វង​ទំនើប ​អគារ​ខុនដូ​ និង​ហាង​ទំនិញ​។​

គម្រោង​អភិ​វឌ្ឍន៍​ទី​ក្រុង​រណប ​ខេមកូ​ស៊ីធី ​ត្រូវ​បាន​ពន្យារពេល​សាងសង់​នៅ​ឆ្នាំ​ ២០១០ ​បន្ទាប់​ពីបាន​បញ្ចប់​ការ​សាង​សង់​អគារ​ខុន​ដូ​ចំនួន​ ៤៤១ ​យូនីត​​ជំ​ហាន​ទី​មួយ​ ហើយ​បាន​ចាប់​ផ្តើម​សាង​សង់​វិញ​នៅ​ពាក់​កណ្តាល ​ឆ្នាំ​២០១២​។

គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ ខេមកូស៊ីធី ​ក៏​បាន​បន្ត​ការងារ​សាងសង់​ខុនដូ ​ដែល​មិន​ទាន់​សាងសង់​រួច​នៅ​ចុង​ខែ​មិថុ​នា ​ឆ្នាំ​២០១៤ ​ហើយ​បាន​ចាប់​ផ្តើម​ការ​អភិវឌ្ឍ​ជំហាន​ទីពីរ​នៅ​ចុង​ខែ​កក្កដា​។

លោក​ អ៊ីន​ស៊ីថា ​អគ្គ​នាយក​ក្រុម​ហ៊ុន​ World ​Trust ​Estate​ ​មាន​ប្រសាសន៍​ថា​ ខេមកូ ​ជា​ទី​ក្រុង​រណប​ដំបូង​គេ​នៅ​រាជ​ធានី​ភ្នំ​ពេញ​ដែល​ទទួល​បាន​អាជ្ញា​ប័ណ្ណពី​រាជ​រដ្ឋាភិ​បាល​។​

លោក​បន្ត​ថា ​គម្រោង​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​។ ​លោក​ថ្លែង​ថា​៖ «​ដោយ​សារ​តំបន់​ជុំវិញ​នោះ​មាន​គម្រោង​អភិវឌ្ឍន៍​ច្រើន​បាន​ធ្វើ​ឲ្យ​ទី​ក្រុង​រណប​ ខេមកូ ​ស្ថិត​នៅ​ចំ​ចំណុច​កណ្តាល​នៃ​តំបន់​អភិ​វឌ្ឍន៍​ និង​ជា​គម្រោង​អភិវឌ្ឍន៍​ដែល​បាន​រៀបចំ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បាន​យ៉ាង​ល្អ​ប្រសើរ»​។​

លោក​បន្ត​ថា​៖ «ទី​ក្រុង​រណបនេះ​បាន​និង​កំពុង​ក្លាយ​ជា​តំបន់​ពាណិជ្ជ​កម្ម​មួយ​យ៉ាង​រស់រវើក​ដោយ​សារ​គម្រោង​នេះ​មាន​ទាំង​មន្ទីរ​ពេទ្យ​សាលា​រៀន​អន្តរជាតិ​ ផ្សារ​ទំនើប​​និង​មាន​ដី​សម្រាប់​សាងសង់​ផ្សារ​មូលបត្រ​នា​ពេល​អនាគត​ផង​ដែរ​»។

លោក​ អ៊ិន ​ស៊ីថា ​ថ្លែង​ថា ​ការ​អភិវឌ្ឍ​ផ្សារ​ទំនើប​លំដាប់​អន្តរ​ជាតិ​នៅ​តំបន់​នេះ​នឹង​ទទួ​ល​បាន​ជោគ​ជ័យ​ព្រោះ​នៅ​តំ​បន់​នេះ​មាន​បណ្តុំ​ដោយ​អតិថិ​ជន​មាន​ជីវ​ភាព​លំដាប់​ខ្ពស់​ច្រើន​និង​អាច​ស្រូប​ទាញ​អតិថិជន​មក​ពី​តំបន់​​ជុំវិញ​បាន​ច្រើន ​ខណៈ​តំបន់​នេះ​មិន​ទាន់​មាន​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​នៅ​ទ្បើយ​។

លោក ​ស៊ឹង ​ប៊ុណ្ណា ​អគ្គ​នាយក​ក្រុម​ហ៊ុន​អច​លនទ្រព្យ​ប៊ុណ្ណា​រៀល​ធី​គ្រុប​ បាន​ថ្លែង​ថា៖​«​រហូត​មក​ដល់​ពេល​នេះ​យើង​មិន​ទាន់​បាន​ដឹ​ងថា​ ជម្លោះ​របស់​ ខេមកូ ​និង​ក្រុម​ហ៊ុន​ពាក់ព័ន្ធ​កន្ល​ង​មក​បាន​បញ្ចប់​ឬ​នៅ​នោះ​ទេ​ តែ​បើ​ជម្លោះ​ទាំង​អស់​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​ការអភិ​វឌ្ឍ​តំបន់​នេះ​ឲ្យ​ទទួល​បាន​ជោគជ័យ​វា​មិន​មាន​អ្វី​ពិបាក​នោះ​ទេ​ព្រោះ​ទីតាំង​របស់​គាត់​មាន​សក្តា​នុពល​និង​ទីផ្សារ​កំពុង​មាន​តម្រូវ​ការ​ច្រើន​សម្រាប់​វីទ្បា​ប្រណីត​ដែល​គាត់ ​[ក្រុម​ហ៊ុន ​World ​City]​ បាន​និង​កំពុង​សាងសង់​»​៕

Urban Voice Cambodia

Urban Voice Cambodia