ខុន​ដូរ La Vie របស់​គម្រោង Yuen Development សំលឹង​មើលឃើញ​ពី​សក្ដានុពល​ជិត​ទីក្រុង​រណប​ជ្រោយចង្វា
Posted On : March, 25, 2015 | By សំឡេងទីក្រុង

សុធា, ថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០១៥, កោះសន្តិភាព

រាជធានី​ភ្នំពេញ ៖ គម្រោង​ខុន​ដូរ La Vie ដែល​ជា​គម្រោង​របស់​ក្រុមហ៊ុន Yuen Development Co., Ltd នឹង​ចាប់ផ្ដើម​សាងសង់ នៅ​ពេល​ឆាប់​ៗ​នេះ ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង វិនិយោគទុន​ពី​សឹ​ង្ហ​បុរី និង​វិនិយោគទុន​ខ្មែរ ក្នុង​នោះ កម្ពុជា មាន​ភាគហ៊ុន​ចំនួន​៥១% ។ គម្រោង​ខុន​ដូរ La Vie បាន​សម្លឹង​មើលឃើញ​ពី​សក្តានុពល​នៃ​តំបន់​ជាប់​នឹង​ទីក្រុង​រណប​ជ្រោយចង្វា ដែល​កំពុង​អភិវឌ្ឍន៍ ។ គម្រោង​ដែល​មាន​រយៈពេល​វែង និង​ជា​ដំណាក់​ៗ នេះ ក៏​បាន​ចាប់ផ្ដើម​ប្រកាស​លក់​គម្រោង​ទី​១ ដែល​មានឈ្មោះ​ថា​La Vie​ផង​ដែរ  ។

លោម Darren Yap អគ្គនាយក​នៃ​ក្រុមហ៊ុន Yuen Development Co., Ltd បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក ការិយាល័យ​លក់​កាលពី​ថ្ងៃ​ទី​២៤ មីនា​នេះ​ថា  ដោយ​សំលឹង​មើលឃើញ​ពី​សក្ដានុពល​សេដ្ឋកិច្ច​នៅ​កម្ពុជា មាន​ស្ថេ​រ​ភាពល្អ កំណើនសេដ្ឋកិច្ច ក៏​មាន​ស្ថាន​ភាពល្អ​ប្រសើរ ហើយ​ការ​និយម​រស់នៅ​បែប​ជា​លក្ខណៈ​ទំនើប​ៗ​នៅ​កម្ពុជា ក៏​មាន​តម្រូវការ​ច្រើន ដូចនេះ​លោក​ក៏​បាន​សម្រេច​វិនិយោគ​សាងសង់​គម្រោង​ខុន​ដូរ​នេះ​ឡើង​នៅ​កម្ពុជា ជា​ពិសេស​នៅ​តំបន់​ជ្រោយចង្វារ​ផ្ទាល់​តែ​ម្ដង ដែល​ជា​តំបន់​មួយ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​អ្នក​ស្នាក់​នៅ​ក្នុង​ខុន​ដូរ ។ អ្នក​ស្នាក់​នៅ​ខុន​ដូរ​អាច​ទទួល​បាន​ទេសភាព​ដ៏​ស្រស់​ស្អាត​នៃ​ទន្លេមេគង្គ និង​តំបន់​ជុំវិញ ។ ម្យ៉ាងទៀត​ដូច​យើង​ដឹង​ហើយ​ថា គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា ជា​គម្រោង​ធំ​មួយ សម្រាប់​ប្រទេស​កម្ពុជា ហើយ​ក៏​បាន​ចាប់ផ្ដើម​អភិវឌ្ឍន៍​ជា​បណ្ដើរ​ៗ និង​នៅ​ថ្ងៃ​អនាគត​គម្រោង​ទីក្រុង​រណប​ជ្រោយចង្វា ជា​តំបន់​មួយ​ដែល​មាន​សក្ដានុពល​ខ្លាំង​សម្រាប់​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ។

លោក​បន្ត​ថា គម្រោង​ខុន​ដូរ​របស់ Yuen Development មាន​ទំហំ​ទឹកប្រាក់​ច្រើន ហើយ​យើង​មិន​អាច​កំណត់​ពី​ទំហំ​ទឹកប្រាក់​បាន​នៅឡើយ ដោយសារ​តែ​វា​ជា​គម្រោង​ដែល​មាន​ជា​ដំណាក់កាល ជាក់ស្ដែង​បន្ទាប់​ពី​គម្រោង La Vie នេះ​យើង​នឹង​មាន​គម្រោង​មួយ​ផ្សេង​ទៀត ដែល​នឹង​សាងសង់​នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​នោះ​ទេ  ។ ចំពោះ​គម្រោង La Vie នេះ​យើង​សាងសង់​លើ​ផ្ទៃដី ២.២៥៣​ម៉ែត្រការ៉េ និង​បញ្ចប់​ការ​សាងសង់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​បន្ទាប់ ហើយ​បើ​តាម​គម្រោង​របស់​យើង គម្រោង​ទី​១​នេះ នឹង​អាច​បញ្ចប់​ការ​សាងសង់​ទាំងស្រុង និង​អនុញ្ញាត​អោយ​អតិថិជន ចូល​ស្នាក់​នៅ​តែ​ម្ដង​នៅ​អំឡុង​ឆ្នាំ​២០១៨  ។

លោក​បន្ថែម​ទៀត​ថា ចំពោះ​គម្រោង​ខុន​ដូរ របស់ Yuen Development នឹង​ធ្វើ​អោយ​មាន​លក្ខណៈ​ខុស​ប្លែក​ពី​ខុន​ដូរ​ដទៃ​ទៀត​ក្នុង​ប្រទេស​កម្ពុជា ក្នុង​នោះ​យើង​បាន​នាំ​ចូល​បរិក្ខារ​តុបតែង ពី​សឹ​ង្ហ​បុរី​ដែល​សុទ្ធតែ​ជា​របស់​ដែល​មានគុណ​ភាព ហើយ​ការ​តុបតែង​លំអរ ក៏​មាន​អ្នក​ដែល​មាន​ស្នាដៃ និង​បទ​ពិសោធន៍​ខ្ពស់​ក្នុង​ការ​ទាក់ទាញ ជា​ពិសេស​នៅ​ក្នុង​ខុន​ដូរ​នេះ​នឹង​មាន​កន្លែង​ហាត់ប្រាណ​នៅ​ជាន់​ទី​៦​នៅ​លើ​ៗ​បន្តិច​ដើម្បី​អោយ ភ្ញៀវ​អាច​ហាត់ប្រាណ​ផង និង​មើល​ទេសភាព​ជុំវិញ​អគារ​ផង ព្រមទាំង​មាន​កន្លែង​ចត​យានយន្ត​ធំ​ទូលាយ​ទៀត​ផង ។

គួរ​បញ្ជាក់​ថា គម្រោង​ខុន​ដូរ La Vie របស់ Yuen Development មាន​ចំនួន​១៨០ ឯក​តា កំពស់​១៨​ជាន់ គ្រប់គ្រង​គម្រោង​នេះ​ដោយ ភាគី​វិនិយោគិន​ប្រទេស​សឹ​ង្ហ​បុរី  ហើយនឹង​ចាប់ផ្ដើម​លក់​ជា​ផ្លូវការ​ជូន​ភ្ញៀវ​នៅ​អំឡុង​ចុងខែ មីនា ឆ្នាំ​២០១៥​នេះ សម្រាប់​ភ្ញៀវ​នៅ​កម្ពុជា ហើយ​នៅ​អំឡុង​ខែ ៤ មេ​សា ២០១៥ សម្រាប់​ភ្ញៀវ​នៅ​ប្រទេស​សឹ​ង្ហ​បុរី ហើយ​តម្លៃ​លក់ ក្នុង​មួយ​ឯក​តា​ចាប់ពី ១០​ម៉ឺន​ដុល្លារ ដល់ ជាង​២០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ៕

 

Urban Voice Cambodia

Urban Voice Cambodia