ខុនដូ​ថ្មី​មួយ​ទៀត​នឹង​សាងសង់​នៅ​បឹងកេងកង​១
Posted On : January, 12, 2015 | By សំឡេងទីក្រុង

ដោយ​ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៥

សុវណ្ណខុនដូ កម្ពស់​១៨​ជាន់​នឹង​ក្លាយ​ជា​ខុនដូ​ដ៏ទំនើប​ថ្មី​មួយ​ទៀត​ដែល​នឹង​លេច​ រូបរាង​ឡើង​នៅក្នុង​សង្កាត់​បឹងកេងកង​១ នា​ចុង​ឆ្នាំ​២០១៧ ខាង​មុខ​។

អ្នកនាង លី ហ្គេច ប្រធាន​ផ្នែក​លក់​នៃ​សុវណ្ណខុនដូ បាន​ប្រាប់​ប៉ុស្តិ៍ អចលនទ្រព្យ កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សុវណ្ណខុនដូ​នឹង​ចាប់ផ្តើម​សាងសង់​នៅពេល​ឆាប់ៗ​នេះ ខណៈ​ការ​សាងសង់​ខុនដូ​ខាង​លើ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង​ឆ្នាំ​២០១៧​ខាង​មុខ។ សុវណ្ណខុនដូ មាន​សន្ទប់​ស្នាក់​នៅ​សរុប​១០៤​យូនីត ដោយ​ចែក​ចេញ​ជា​ពីរ​ប្រភេទ គឺ​ប្រភេទ​មួយ​បន្ទប់ និង​ពីរ​បន្ទប់​គេង។

Content image - Phnom Penh Post

ខុនដូ នេះ​ស្ថិត​នៅ​បណ្តោយ​មហាវិថី​ម៉ៅសេទុង (ក្បែរ​ភ្លើង​ស្តុប​បូកគោ) ស្ថិត​ក្នុង​សង្កាត់​បឹងកេងកង១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ ខុនដូ​នេះ​សាងសង់​នៅ​ផ្ទៃដី​ទំហំ​៧៦៨​ម៉ែត្រការ៉េ។

អ្នកនាង លី ហ្គេច បាន​ថ្លែង​ថា​៖ «​យើង​ជឿជាក់​ថា ការ​លក់​បន្ទប់​ស្នាក់នៅ​របស់​សុវណ្ណខុនដូ​នឹង​ទទួល​បាន​ជោគជ័យ​បាន​ឆាប់​ រហ័ស ពីព្រោះ​គ្រាន់តែ​យើង​បើក​លក់​ក្នុង​រយៈពេល​១​ខែ​នេះ យើង​បាន​លក់​អស់​ប្រមាណ​២០​ភាគរយ​ហើយ»។ អ្នក​នាង​បន្ត​ថា​៖ «​អតិថិជន​គោលដៅ​របស់​យើង​គឺជា​ជនជាតិ​ខ្មែរ​។ បន្ទប់​ក្នុង​ខុនដូ​នេះ​នឹង​ផ្តល់​សេវាកម្ម​ជា​លក្ខណៈ​ជួល​ផង និង​លក់ ផង អាស្រ័យ​លើ​ការ​ប្រែប្រួល​នៃ​កម្លាំង​ទីផ្សារ»។

ខុនដូ​នេះ​មាន​លក្ខណ​ពិសេស​ដោយ​ចាប់ពី​ជាន់​ទី​ ១ ​ដល់​ទី​៤​ ជា​ចំណត​យានយន្ត​ (អាច​ចត​រថយន្ត​បាន​ ៦០ ​ភាគរយ​នៃ​ចំនួន​បន្ទប់) និង​ចាប់ពី​ជាន់​ទី ​៥​ ឡើង​ទៅ​ជា​ផ្ទះ​ស្នាក់នៅ​ (​មិន​មាន​ជាន់​ទី​ ១៣)​។ នៅលើ​ដំបូល​នឹង​មាន​ភោជនីយដ្ឋាន អាងហែលទឹក និង​កន្លែង​ហាត់ប្រាណ។ ការ​ឌីហ្សាញ​ខុនដូ​នេះ​បាន​ធ្វើ​ឡើង ដោយ​ផ្តោត​ជា​សំខាន់​ទៅលើ​ការ​ស្រូប​យក​ពន្លឺ​ថ្ងៃ​ចូល​ក្នុង​អគារ​ដើម្បី​ កាត់បន្ថយ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី និង​កាត់បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ផង​ដែរ​។

ទោះបី​ជា​យ៉ាងណា​អ្នកនាង ហ្គេច មិន​ប្រាប់​ឲ្យ​ដឹង​ពី​តម្លៃ​នៃ​ការ​លក់​ចេញ និង​ប្រាក់​វិនិយោគ​របស់​គម្រោង​នោះ​ទេ ដោយ​នាង​គ្រាន់តែ​ប្រាប់​ថា អ្នក​វិនិយោគ​ខុនដូ​ខាងលើ​ជា​ជនជាតិ​ខ្មែរ។

តាម​របាយការណ៍​នៃ​ការសិក្សា​របស់​ក្រុមហ៊ុន Century 21 Cambodia ដែល​បាន​ចេញ​ផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ចាប់ពី​ឆ្នាំ​២០០៨ រហូត​ដល់​ឆ្នាំ​២០១៤ ចំនួន​ខុនដូ​នៅ​កម្ពុជា​មាន​កំណើន​ជា​មធ្យម​ ២០ ​ភាគរយ​ ជា​រៀងរាល់​ឆ្នាំ ដោយ​គិត​រហូត​មក​ដល់​ដំណាច់​ឆ្នាំ​២០១៤ នេះ​មាន​គម្រោង​ខុនដូ​ចំនួន​ ១៣​ បាន​បញ្ចប់​ការ​សាងសង់ ស្មើ​នឹង​បន្ទប់​ស្នាក់​នៅ​សរុប​ ៣០៩០ ​យូនីត ខណៈ​គម្រោង​ខុនដូ​ចំនួន​១៧​ផ្សេង​ទៀត​បាន​និង​កំពុង​ដំណើរការ​សាងសង់។

រូប​ទាំងអស់​គឺជា​រូបគំរូ របស់​គម្រោង​សាងសង់​សុវណ្ណខុនដូ ។

រូប​ទាំងអស់​គឺជា​រូបគំរូ របស់​គម្រោង​សាងសង់​សុវណ្ណខុនដូ ។ សហការី

ការសិក្សា​ដដែល​បាន​រកឃើញ​ថា ចាប់ពី​ឆ្នាំ​ ២០១៥​ ដល់​ឆ្នាំ​ ២០១៨ ចំនួន​ខុនដូ​នឹង​កើនឡើង​៤០​ភាគរយ​ប្រចាំ​ឆ្នាំ ហើយ​ចំនួន​បន្ទប់​ស្នាក់នៅ​នឹង​កើនឡើង​រហូត​ដល់ ​១០ ០០០ ​យូនីត។

ការ​សិក្សា​របស់​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ខាង​លើ​ក៏​បាន​រកឃើញ​ដែរ​ថា គិត​ត្រឹម​ត្រីមាស​ទី​ ៤ ​នៃ​ឆ្នាំ​ ២០១៤ មាន​ ៦៥​ ភាគរយ​ នៃ​ចំនួន​ខុនដូ​ទាំងអស់​ស្ថិត​ក្នុង​ដំណាក់កាល​សាងសង់​នៅ​ឡើយ ដោយ​រំពឹង​ថា នឹង​បញ្ចប់​នៅ​ចន្លោះ​ឆ្នាំ ​២០១៥ ដល់​ឆ្នាំ ​២០១៨​។

លោក កឺក ណារិន អ្នកប្រឹក្សា​យោបល់​ឯករាជ្យ​ផ្នែក​អចលនទ្រព្យ មាន​ប្រសាសន៍​ថា ទីផ្សារ​ខុនដូ​នៅ​តំបន់​បឹងកេងកង​១ នៅ​តែ​មិន​ទាន់​គ្រប់​តម្រូវការ​នោះ​ទេ ពោល​គឺ​នៅ​មាន​តម្រូវការ​ច្រើន​ពី​អតិថិជន ហេតុនេះ​ការ​ផ្គត់ផ្គង់​ខុនដូ​បន្ថែម​ទៀត​មិន​មាន​បញ្ហា​ទេ។ អត្រា​ប្រើប្រាស់​បន្ទប់​ខុនដូ និង​អាផាតមិន​នៅ​តំបន់​បឹងកេងកង​១ មាន​ចន្លោះ​ពី​ ៧០​ ទៅ ​៨០ ​ភាគរយ ប៉ុន្តែ​សម្រាប់​អគារ De Castle Royal ដែល​ទើប​ដំណើរការ​កាលពី​ពេល​ថ្មីៗ​នេះ​នៅ​មិន​ទាន់​មាន​អត្រា​ប្រើប្រាស់​ ពេញ​នោះ​ទេ ដោយ​វា​ត្រូវ​ទាមទារ​ពេលវេលា​បន្ថែម​ទៀត។

លោក​អះអាង​ថា​៖ «​ទីតាំង និង​តម្លៃ​របស់​សុវណ្ណខុនដូ គឺ​ពិតជា​ល្អ​អាច​ទទួល​យក​បាន​។ ខ្ញុំ​ដឹង​ថា ការ​លក់​ចេញ​របស់​គម្រោង​ខាង​លើ គឺ​មាន​តម្លៃ​ ២ ៥០០ ​ដុល្លារ​ក្នុង ​១ ​ម៉ែត្រការ៉េ ដែល​តម្លៃ​នេះ​ខ្ញុំ​គិត​ថា មាន​ភាព​សមរម្យ»។

លោក​បន្ត​ថា​៖​«​ភាព​ជោគជ័យ និង​តម្រូវការ​របស់​ខុនដូ​នៅ​តំបន់​នេះ​វា​អាស្រ័យ​លើ​តម្លៃ​ផង​ដែរ ជាក់ស្តែង​អាផាតមិន​នៅ​តំបន់​នេះ​មួយ​បន្ទប់​អាច​ជួល​បាន​រហូត​ដល់ ​១ ៥០០ ​ដុល្លារ ខណៈ​តំបន់​ផ្សេង​ជួល​បាន​ក្នុង​តម្លៃ​ ៨០០ ​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ»៕

Urban Voice Cambodia

Urban Voice Cambodia