ក្រោយពី​ជម្លោះ​ជាង​ ១០ ​ឆ្នាំ​តុលាការ​ទម្លាក់​បទ​ចោទ
Posted On : June, 24, 2015 | By សំឡេងទីក្រុង

ប្រភព: ភ្នំពេញប៉ុស្តិ៍,ដោយ ឃុត សុភចរិយា,Wed, 24 June 2015

ភ្នំពេញៈ សាលា​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​បាន​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​ ពលរដ្ឋ​បួន​នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ប្រមាណ​ជាង​ ៥០ ​គ្រួសារ​​នៃ​សហគមន៍​ភូមិ​បឹង​ឈូក បន្ទាប់ពី​រក​មិន​ឃើញ​មូល​ហេតុ​ណា​មួយ​ដែល​បញ្ជាក់​ថា​ពួកគាត់​បាន​ប្រើ​ អំពើ​ហិង្សា​​ទៅលើ​បុគ្គល​​ឈ្មោះ​ ឡៅ តុងមី ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​នោះ​។

កាលពី​ឆ្នាំ ២០០២ បន្ទាប់ពី​អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​បាន​បរាជ័យ​ក្នុង​ការ​បង្ខំ​ពលរដ្ឋ​ នៅក្នុង​សហគមន៍​នេះ​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ពី​ភូមិ​ដែល​ពួកគាត់​រស់នៅ​ដោយ​ ចោទប្រកាន់​ថា​ពួកគាត់​​រស់​នៅ​លើ​ដី​រដ្ឋ​រួច​មក ស្រាប់​តែ​មាន​លេច​ឈ្មោះ​បុគ្គល​​​ម្នាក់​ឈ្មោះ​ ឡៅ តុងមី មក​អះអាង​ថា​ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​​ស្រប​ច្បាប់​លើ​ដីធ្លី​ដែល​ ពួកគាត់​កំពុង​រស់នៅ​ និង​អាស្រ័យ​ផល​ និង​បាន​ប្ដឹង​​តំណាង​របស់​ប្រជាសហគមន៍​នេះ​ចំនួន​បួន​នាក់ រួម​មាន អ្នកស្រី ខៀវ ចិន្តា, លោក ប៊ូ ម៉េង, លោក កាង ណារ៉េន និង អ្នកស្រី កុល សោភា ឡើង​តុលាការ​​ដោយ​ចោទប្រកាន់​ពី​បទ «​ប្រើ​ហិង្សា​លើ​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់» ទៅវិញ។

ទោះបី​ជា​បែប​ណា​ក្ដី​រឿង​ក្ដី​ដ៏​ចម្រូង​ចម្រាស​នេះ​ត្រូវ​បាន​លោក តុប ឈុនហេង ចៅក្រម​ជំនុំជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​បាន ​ប្រកាស​សាលក្រម​ដោយ​សម្រេច​លុប​ចោល​នូវ​បទ​ចោទប្រកាន់​ប្រឆាំង​តំណាង​ ប្រជាសហគមន៍​ទាំង​បួន​នាក់​។

លោក ឈុន ហេង ថែ្លង​ថា​៖ «តុលាការ​សម្រេច​លុបចោល​បទចោទ​ប្រកាន់​លើ​ឈ្មោះ​របស់​បុគ្គល​ទាំង​បួន​នាក់​ចាប់ពី​ពេល​នេះ​តទៅ»។

តំណាង​ម្នាក់​ទៀត លោក កាង ណារ៉េន បាន​និយាយ​ថា​៖ ​«ការ​ពិត​បាន​រក​ឃើញ​ហើយ ប៉ុន្តែ​អ្វី​ដែល​យើង​នៅ​ជួប​ប្រឈម​ទៀត​នោះ​ គឺ​អាជ្ញាធរ​នៅ​តែ​បន្ត​ផែនការ​បណ្ដេញ​ពួក​យើង​ចេញ​ដោយ​គ្មាន​ផ្ដល់​សំណង​ ក្រោម​ការ​ប្រើ​លេស​អភិវឌ្ឍ​ផ្លូវ»៕

Urban Voice Cambodia

Urban Voice Cambodia