ក្រុម​​ហ៊ុន​ធ្វើ​ផ្លូវ​របស់​លោក​សៅ សាវ័ន្ត​ ទុក​ស្នា​ដៃ​គួរ​កត់​សម្គាល់​សង្ស័យ​ក្លាយ​ជា​ផ្លូវ«​គំរក់» ដូច​ផ្លូវ​លេខ​៣៧១
Posted On : October, 16, 2014 | By សំឡេងទីក្រុង

ដោយ កោះសន្តិភាព ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០១៤

រាជធានី​ភ្នំពេញ ៖ វិ​ថី​ទំនប់​បឹង​ទំពុន ហៅ​ផ្លូវ​៣៧១ មាន​ប្រវែង​៤.៣៦៥​ម៉ែត្រ ស្ថាបនា​ដោយ​បេតុង​ឆ្អឹង​ដែក កម្រាស់​២​តឹក ដោយ​ក្រុមហ៊ុន BBE ដែល​មាន​លោក សៅ សា​វ័​ន្ត ជា​ប្រធាន បាន​បើក​ការដ្ឋាន​ថ្ងៃ​ទី​១១ មិថុនា ២០១៣ ។ កាល​អើយ​… កាល​ណោះ​… ពេល​បើក​ការដ្ឋាន កោះសន្តិភាព​បាន​ផ្សាយ​តាម​ពាក្យ​គេ​អួតអាង​ថា ផ្លូវ​នេះ​ជា​ផ្លូវ​គំរូ​… ទំហំ​នៃ​ការ​សាងសង់ និង​ការ​ចំណាយ​ប្រមាណ​ជាង​២​លាន​ដុល្លារ ជា​ថវិការដ្ឋ អាច​មានគុណ​ភាព និង​ប្រើប្រាស់​បាន​ពី​២០​ទៅ​៣០​ឆ្នាំ អត់​ខូច​ឡើយ ។

ប៉ុន្តែ​ម្ចាស់​ថ្លៃ​អើយ​… គួរ​ឱ្យ​ទុកចិត្ត​ដូច​អាំង​ផេះ​មែន​… វា​ពុក​ផុយ​… បាក់​ដោយ​ដុំ​ធំ​ៗ​ប្រមាណ​៦​កន្លែង​… តាំង​តែ​ពី​៣​ខែ​មុន​មក​ម្លេ​៉ះ ហើយ​ត្រូវ​បាន​ក្រុមហ៊ុន BBE ជួសជុល​ផាត់ម្សៅ វ៉ៃ​ក្រែ​ម រួច​ទៅ​ហើយ​ដែរ គឺ​វ៉ៃ​រហ័ស ដក​រហ័ស​… ដែល​មើល​សម្បក​ក្រៅ​ទៅ ស្អាត​ភ្លឹង​ដូច​តួល្ខោន​-​យីកេ​ពី​បុរាណ ឱ្យ​ល្អ​គយគន់​នៅ​លើ​ឆាក​… ដែល​ស្ថាបនា​រួច​បាន​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ។ អ្នក​អាន​ពី​គ្រប់​មជ្ឈដ្ឋាន​ទូរស័ព្ទ​ប្រាប់​កោះសន្តិភាព​ជា​បន្តបន្ទាប់​ថា ក្រណាត់​កាលណា​ពុក​ផុយ​ហើយ​… ប៉ះ​ពី​កន្លែង​មួ​ួ​យ វា​ទៅ​រហែក​កន្លែង​មួយទៀត​… មិនយូរ​ទេវា​នឹង​ក្លាយទៅជា «​បំណះ​» ចម្រុះ​ពណ៌​យ៉ាង​ពិតប្រាកដ​មិន​ខាន​ឡើយ ។

មិន​អាច​និយាយ​បាន​ថា​រដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​បាន​ទេ ហើយ​ក៏​មិន​អាច​និយាយ​ថាឱ្យ  BBE សង​វិញ​បាន​ដែរ​… ព្រោះ​គេ​យក​ប្រាក់ យកគំនិត​ឈ្នះ​អស់​ទៅ​ហើយ ។ គឺ​រដ្ឋ​ទេ​ដែល​អន់ ឱ្យ​គេ​បោកប្រាស់​បាន ហើយ​គួរតែ​រាង​… ។ ផ្លូវ «​គំរក់​» មួយ​នេះ រំលង​ចប់​ទៅ​ដោយ​ស្ងៀមស្ងាត់​… ស្រាប់តែ​មាន​ដំណឹង​ច្បាស់​ការណ៍​ថា ក្រុមហ៊ុន​ដ៏​អស្ចារ្យ​រ៉ុយ​ៗ​នេះ​មានសំណាង​សាងសង់​ផ្លូវ​បេតុង​លេខ​១០០៣ ក្នុង​ខណ្ឌ​សែន​សុខ ផ្លូវ​លេខ​៥៩៨ ហៅ​ផ្លូវ ជា សុ​ផា​រ៉ា ផ្លូវ​ហាណូយ ផ្លូវ​លេខ​៤៣០ ក្រោយ​មន្ទីរពេទ្យ​រុ​ស្ស៊ី​… គម្រោង​មួយ​ៗ​សុទ្ធតែ​មាន​តម្លៃ​រាប់​លាន​ដុល្លារ​… អត់​ដេញថ្លៃ​ទេ​… ដែល​សុទ្ធតែ​យក​គំរូ​តាម​ផ្លូវ​លេខ​៣៧១ ដូច​គ្នា ត្រូវ​បាន​ក្រុមហ៊ុន​មាន​ស្នាដៃ​ល្អ​ដូច​ផ្លូវ​លេខ​៣៧១​នេះ ទទួល​ស្ថាបនា​ដែរ​… ហេ ! ហេ !

ក្រុម​អ្នក​សង្កេតការណ៍​យល់​ថា បើ​ផ្លូវ​ធំ​ៗ​ដូច​រៀបរាប់​ខាងលើ ទុក​ឱ្យ​ក្រុមហ៊ុន​សាងសង់​យក​គំរូ​តាម​ផ្លូវ​លេខ​៣៧១ សង្ស័យ​ក្លាយជា «​ផ្លូវ​គំរក់​» ដូច​គ្នា​មិន​ខាន​ឡើយ ។ គេ​ថា​ក្រុមហ៊ុន​នេះ​គ្មាន​គ្រឿងចក្រ​គ្រប់គ្រាន់​សម្រាប់​ស្ថាបនា​ទេ ទំនង​ជួល​បន្ត​ពី​គេ​ស្ទើរ​ទាំងអស់ ។ ប្រទេស​ដែល​កំពុង​អភិវឌ្ឍ គេ​សាងសង់​អត់​ឈប់​ទេ​… ធ្វើ​ទៅ​មុខ ខូច​អា​ក្រោយ​… រួច​ធ្វើ​ដដែល​ឡើង​វិញ​… គិតតែ​ពី​ធ្វើ​អា​ដែល​ៗ… រាប់​ឆ្នាំ​តរៀង​ទៅ ទើប​អាច​ឱ្យឈ្មោះ​បាន​ថា​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ហើយ​កុំ​អាល​ដេក​សង្ឃឹមថា​អាច​រីក​ចម្រើន​បាន ។ បើ​មិន​អុ​ី​ចឹ​ង ម៉េច​ត្រូវ​ពិភពលោក​ឱ្យឈ្មោះ​ថា​ប្រទេស​កំពុង​អភិវឌ្ឍ ? កម្ពុជា​ឧស្សាហ៍​ព្យាយាម​ណាស់ គួរ​ឱ្យ​អាណិត​ស្រឡាញ់ គួរ​ឱ្យ​ជំនួយ​… គិតតែ​ពី​កសាង ស្ថាបនា​អត់​ឈប់ !!!

មតិ​ជា​ច្រើន​បាន​កត់​សម្គាល់ថា មាន​តែ​ផ្លូវ​លេខ​២៧១ និង​ផ្លូវ​កម្ពុជា​ក្រោម​ទេ​ដែល​រឹង​មាំ ស្អាត​ភ្លឹង​ជាង​១០​ឆ្នាំ​កន្លង​មកនេះ ។ ផ្លូវ​២​ខ្សែ​នេះ​អាច​ជា​គំរូ​បាន​សម្រាប់​រាជធានី​ភ្នំពេញ មិនមែន​ផ្លូវ​លេខ​៣៧១ ដ៏​ចម្លែក​នេះ​ទេ ។ ផ្លូវ​ពីរ​ខ្សែ​នេះ​ជា​ស្នាដៃ​របស់​ក្រុមហ៊ុន​ឧកញ៉ា ម៉ុង ឫ​ទ្ធី ដែល​គួរ​កត់​ត្រាទុក ដែល​ក្រៅពី​នេះ ចោលលុយ​ស្ទើរ​ទាំងអស់​… មើលចុះ​ផ្លូវ​៥០+៥០ ក្នុង​រាជធានី រលាយ​រលំ​ស្ទើរ​អស់​ទៅ​ហើយ ។ កោះសន្តិភាព​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេពី​ក្រុមហ៊ុន BBE ម្សិលមិញ​នេះ ព្រោះ​ទូរស័ព្ទ​មិន​ចូល ៕

Urban Voice Cambodia

Urban Voice Cambodia