ក្រុម​អ្នក​ដឹកនាំ​ចលនា​ភូមិ​ថ្មី​ភ្នំពេញ បើក​យុទ្ធនាការ​បោស​សំអាត​ឆ្នេរ​ទន្លេ​នៅ​មុខ​ព្រះមរមរាជវាំង
Posted On : June, 18, 2015 | By សំឡេងទីក្រុង

ប្រភព៖ បុស្តិ៍ខ្មែរ  Thu, 18 June 2015  ដោយ៖  ប៊ុត រស្មីគង្គា

លោក ណូ ស៊ីឈូល ជា​ទីប្រឹក្សា​ចលនាភូមិថ្មី​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ ប្រទេស​កូរ៉េ​ប្រចាំ​នៅ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ឲ្យ​ដឹង​ថា៖ ក្រុម​ចលនា​ភូមិ​ថ្មី​ភ្នំពេញ គ្រោង​នឹង​ប្រារព្វ​យុទ្ធនា​ការ​បោសសម្អាត​រើស​សំរាម និង កាកសំណល់ ដែល​គេ​បោះបង់​ចោល​នៅ​តាម​ឆ្នេរ​ទន្លេ​នៅ​មុខ​ព្រះមរម​រាជវាំង នៅ​ព្រឹក​ព្រលឹម ថ្ងៃ សៅ​ទី ២០ ខែ មិថុនា ឆ្នាំ ២០១៥ ខាង​មុខ​នេះ។

លោក ណូ ស៊ីឈូល បាន​មាន​ប្រសាសន៍​ថា៖ គោល​បំណង​ដ៏សំខាន់​នៃ​យុទ្ធនាការ​ខាង​លើ​នេះ គឺ ដើម្បី​ផ្សព្វផ្សាយ​អំពី​ផ្នត់​គំនិត​ ចលនាភូមិថ្មី ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្នុង​រាជធានី​ភ្នំពេញ ក្នុង​ការ​ការពារ​ការ​បំពុល​បរិស្ថាន​នៃ​ឆ្នេរ​ទន្លេ និង​ការ​កាត់​បន្ថយ​ការ​ចោល​កាកសំណល់​ពាសវាល​ពាសកាល នៅ​តាម​ឆ្នេរ​ទន្លេ ជាពិសេស​នៅ​ខាង​មុខ​ព្រះបរម​រាជវាំង​ក្នុង​រាជធានី​ភ្នំពេញ។ យុទ្ធនាការ​បោស​សម្អាត​ឆ្នេរ​ទន្លេ​នេះ​នឹង​ប្រារព្វ​ធ្វើ​ជា​រៀងរាល់​ពេល​ ព្រឹក​ម៉ោង ៦ សប្តាហ៍​ទី ៣ នៃ​ខែ​នីមួយៗ។

Content image - Phnom Penh Post

លោក ណូ ស៊ីឈូល បាន​បន្ត​ថា៖ យុទ្ធនាការ​បោស​សម្អាត​នេះ គួរតែ​ផ្សព្វផ្សាយ​ទៅ​ដល់​ភូមិ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ជា​លក្ខណៈ​ ចលនា​ជាតិ។ នេះ​គឺជា​ជំហាន​ទី ១ សម្រាប់​ភាព​ជោគជ័យ និង​និរន្តរភាព​ចលនា​ភូមិ​ថ្មី​ក្នុង​ប្រទេស​កម្ពុជា។ ចលនា​ភូមិ​ថ្មី គឺ​ជា​ចលនា​កំណែ​ទម្រង់​មនសិការ ដូចនេះ យុទ្ធនាការ​បោស​សម្អាត​នេះ​គួរតែ​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា​លឿន​ កាលណា​ល្អ​កាល​នោះ។

លោក ណូ ស៊ីឈូល បាន​គូស​បញ្ជាក់​ថា៖ ចលនាភូមិថ្មី គឺជា​កម្មវិធី​អភិវឌ្ឍន៍​ជនបទ​សហគមន៍​ចម្រុះ​ជា​មូលដ្ឋាន​នៃ​សាធារណរដ្ឋ​ កូរ៉េ ដែល​បាន​កំណែទម្រង់​ប្រទេស​កូរ៉េ​ពី​ប្រទេស​ទទួល​ជំនួយ​ទៅ​ជា​ប្រទេស​ផ្តល់​ ជំនួយ។ អ្វី​ដែល​ធ្វើឲ្យ​មាន​ការ​ភាព​ខុស​គ្នា​នៃ​ចលនាភូមិថ្មី ពី​កម្មវិធី​អភិវឌ្ឍន៍​ផ្សេង​ទៀត គឺ​ការ​ចូលរួម និង​គោលការណ៍ ៣ យ៉ាង​គឺ ឧស្សាហ៍​ព្យាយាម ជួយ​ខ្លួនឯង និង​សហប្រតិបត្តិការ។

ចលនាភូមិថ្មី ផ្តោត​លើ ៣ ចំនុច​ធំៗ​គឺ ទី ១ ជ្រើសរើស និង​អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​ភូមិ ដោយ​ពួកគេ​ផ្ទាល់​ក្នុង​រយៈពេល​យូរ ទី ២ លើក​កម្ពស់​បរិស្ថាន​រស់នៅ​តាមរយៈ​ការ​សហការ​គ្នា និង​ចែករំលែក​ធនធាន ទី ៣ បង្កើន​ប្រាក់​ចំណូល​តាមរយៈ​ប្រភព​ចំណូល​ផ្សេងៗ​ជាមួយ​នឹង​បច្ចេកទេស​ សមស្រប។ ចលនាភូមិថ្មី បាន​យក​ចិត្ត​ទុកដាក់​ទៅ​ដល់​ការ​អភិវឌ្ឍន៍​សហករណ៍​ក្នុង​រយៈពេល​ដ៏យូរ​មួយ ដោយ​ផ្តល់​អំណាច​ទៅ​សហគមន៍​ជា​មូលដ្ឋាន។

លោក​បាន​បន្ថែម​ថា៖ សម្រាប់​ផែនការ​អនាគត ក្រុម​អ្នក​ដឹកនាំ​ចលនា​ភូមិ​ថ្មី​ភ្នំពេញ​នឹង​ចុះ​បញ្ជី​ជា​ផ្លូវការ​ជា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ទ្រឹស្តី និង អនុវត្ត​កម្មវិធី និង ស្មារតី​នៃ​ចលនា​ភូមិ​ថ្មី​របស់​កូរ៉េ​នេះ​ទៅ​ដល់​ភូមិ​ទាំងអស់​ក្នុង​ ប្រទេស​កម្ពុជា​ជា​លក្ខណៈ​ចលនា​ជាតិ។ ដូច្នេះ ក្រសួង​ទាំងអស់​គួរ​តែ​ចូលរួម​យុទ្ធនាការ​បោសសម្អាត​កាកសំណល់​នេះ​មួយ​ដង​ រៀងរាល់​ខែ៕

Urban Voice Cambodia

Urban Voice Cambodia