ក្រុម​អ្នក​ជំនាញ​អចលនទ្រព្យ​ថា​ឆ្នាំ​២០១៧​ នឹង​បន្ត​រក្សា​កំណើន​យឺត
Posted On : វិច្ឆិកា, 3, 2016 | By Sarim Tith

Sorry, this entry is only available in អង់គ្លេស For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍

នៅសល់រយៈពេលមិនដល់ពីរខែទៀតនោះទេ ឆ្នាំ២០១៧ នឹងចូលមកដល់ដែលជាវដ្តមួយនៃការថយចុះ ឬកើនឡើងសម្រាប់វិស័យអចលនទ្រព្យ ហើយវាជាពេលវេលាមួយដែលអ្នកជំនាញអចលនទ្រព្យបានបង្ហាញការប្រុងប្រយ័ត្ននៅពេលនិយាយពីទីផ្សារ និងឱកាសវិនិយោគក្នុងវិស័យនេះ ខណៈឆ្នាំនេះជាពេលដែលវិស័យនេះមានភាពស្រអាប់រួចទៅហើយ។

ព្រឹត្តិការណ៍ធំៗពីរនឹងកើតឡើងនៅឆ្នាំ២០១៧ នោះគឺការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាព្រឹត្តិការណ៍ដែលអាចជាក្តីបារម្ភសម្រាប់អ្នកវិនិយោគជាតិ និងអន្តរជាតិ ប៉ុន្តែទន្ទឹមនឹងនោះឆ្នាំក្រោយនេះ ក៏ជាពេលដែលកម្ពុជា អាចបង្ហាញនូវកិត្យានុភាពរបស់ខ្លួនបន្ថែមទៀតតាមរយៈការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកនៅខែឧសភាខាងមុខ ជាពេលដែលអ្នកវិនិយោគអន្តរជាតិជាច្រើន នឹងមកកាន់ប្រទេសនេះ។

លោក សន សៀប ស្ថាបនិក និងជានាយកក្រុមហ៊ុន Key Real Estate បានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា វិស័យអចលនទ្រព្យកម្ពុជានៅឆ្នាំ២០១៧ខាងមុខនេះនឹងមានកំណើនយឺតជាងឆ្នាំ២០១៦ ដោយសារកត្តាពីរ ទី១ ការថយចុះនូវកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលធ្វើឲ្យរដ្ឋាភិបាលចិនរឹតបន្តឹងមូលនិធិមិនឲ្យហូរចេញក្រៅ និងទី២ ដោយសារជាឆ្នាំនៃការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលតែងតែបង្កក្តីបារម្ភ ដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ។

លោកបន្តថា ៖ «នៅក្នុងវិស័យនេះការវិនិយោគនិងការលក់ខុនដូជាផ្នែកដែលគេចាប់អារម្មណ៍ច្រើន ជាងគេ ដោយសារអគារខុនដូមានចំនួនច្រើន និងខ្ពស់ៗ ប៉ុន្តែបើមើលពីតម្រូវការ និងការផ្គត់ផ្គង់បច្ចុប្បន្នមិនទាន់មានបញ្ហានៅឡើយទេ»។ លោកបន្ថែមថា ៖ «ប្រសិនជាយើងមើលពីតួលេខនាពេលអនាគត ពីចំនួនខុនដូផ្គត់ផ្គង់ចូលទីផ្សារថាលើសតម្រូវការឬយ៉ាងណា យើងមិនអាចនិយាយបាននោះទេ ព្រោះរយៈពេលពីរទៅបីឆ្នាំខាងមុខ ទំហំនៃតម្រូវការជាក់ស្តែង ក៏យើងមិនទាន់ដឹងនៅឡើយផងដែរ»។

លោក Michael S. Nhim សមាជិកក្រុមអ្នកវិនិយោគនៃក្រុមហ៊ុន SIDO GROUP បានថ្លែងថា ស្ថានភាពអចលនទ្រព្យឆ្នាំ២០១៧ នឹងមានស្ថានភាពដដែលដូចគ្នានឹងឆ្នាំនេះ ដោយសារវាជាឆ្នាំនៃការបោះឆ្នោត ដែលធ្វើឲ្យអ្នកវិនិយោគក្នុង និងក្រៅប្រទេសមិនសូវហ៊ានទិញ ពួកគេត្រូវរង់ចាំមើលព្រោះពេលកៀកនឹងការរៀបចំការបោះឆ្នោត ស្ថានភាពនៅប្រទេសណាក៏ដូចប្រទេសណាដែរ មិនមែនតែកម្ពុជានោះទេ។

លោកបន្តថា ៖ «ស្ថានភាពឆ្នាំក្រោយអចលនទ្រព្យ សម្រាប់អ្នកមានប្រាក់ចំណូលមធ្យម និងក្រោមមធ្យមនឹងកើនឡើងដោយសារមានគូស្រករថ្មីៗរៀបការច្រើន ហើយការវិនិយោគផ្តោតលើប្រជាជនមានប្រាក់ចំណូលមធ្យមមិន សូវមានហានិភ័យនោះទេ ព្រោះចំនួនទឹកប្រាក់តិច»។ លោកបន្តថា ៖ «ផ្ទុយទៅវិញអចលនទ្រព្យសម្រាប់អ្នកមានជីវភាពខ្ពស់ នឹងស្ថិតក្នុងសភាពទ្រឹងដូច្នេះដំណាក់កាលនេះ អ្នកវិនិយោគក្រោមទំហំទឹកប្រាក់១០០លានដុល្លារអាចទៅមុខបាន តែអ្នកវិនិយោគលើទឹកប្រាក់១០០លានដុល្លារឡើងទៅគួរពិចារណាសិន»។

លោក Michael បានបន្តថា ៖ «ស្ថានភាពអចលនទ្រព្យនៅឆ្នាំក្រោយ មិនជាប់គាំងនោះទេ តែស្ថានភាពគឺដូចការលើកឡើងខាងលើ ដូច្នេះមិនមានសញ្ញាអ្វីគួរឲ្យព្រួយបារម្ភនោះទេ»។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក គីម ហ៊ាង បានថ្លែងថា ឆ្នាំ២០១៧ ជាពេលដែលរោងចក្រ ឧស្សាហកម្មមួយចំនួនងាកចេញ ទៅកាន់ជាយក្រុងបណ្តើរៗ ប៉ុន្តែវាមិនធ្វើឲ្យតម្លៃដីធ្លីកើនឡើងនោះទេ ព្រោះតម្លៃដីនៅជាយក្រុងបានឡើងថ្លៃខ្ពស់រួចទៅហើយ។ លោកបន្តថា បើនិយាយពីខុនដូ គឺជាពេលដែលខុនដូថ្មីៗបញ្ចប់ការសាងសង់តិចបំផុត ព្រោះមានតែក្រុមហ៊ុនមានមូលដ្ឋានហិរញ្ញវត្ថុរឹងមាំ ទើបអាចសាងសង់ចប់តាមពេលវេលា តែក្រុមហ៊ុនដែលលក់យកប្រាក់មកសាងសង់ គម្រោងពួកគេប្រឈមមុខនឹងការជាប់គាំង ឬពន្យារពេលបញ្ចប់គម្រោងរបស់ខ្លួន។

លោកបន្តថា ៖ «អចលនទ្រព្យនៅឆ្នាំ២០១៧ នឹងមិនរីកចម្រើនដូចឆ្នាំ២០១៥នោះទេ កំណើននឹងកើនឡើងតិចតួចបំផុត»។ លោកបន្តថា ៖ «ស្ថានភាពពេលនេះបានឈានដល់ដំណាក់កាលមានការផ្គត់ផ្គង់ច្រើន មានអ្នកលក់ច្រើនតែមិនសូវមានអ្នកទិញព្រោះលំហូរអ្នកវិនិយោគថ្មីៗមានចំនួនតិច ហើយអ្នកគួរមកបានមករួចហើយ»។

លោក គីម ហ៊ាង បានបន្តថា កំណើនរីកចម្រើនយឺតក្នុងវិស័យនេះ ពិតជារងផលប៉ះពាល់មួយផ្នែកមកពីការបោះឆ្នោត ដែលធ្វើឲ្យអ្នកក្នុងស្រុកមិនហ៊ានបញ្ចេញលុយ ហើយអ្នកវិនិយោគបរទេស ស្ថិតក្នុងស្ថានភាពរង់ចាំមើល។

ទោះជាការលក់មានកំណើនយ៉ាងណាក្តី ក៏ទុនវិនិយោគនៅកម្ពុជាក្នុងរយៈពេល៩ខែដើមឆ្នាំនេះ មានទំហំរហូតដល់ ៧៥៦០លាន ដុល្លារអាមេរិក កើនឡើងរហូតដល់ជាង៣៣១ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Hutton CPL បានថ្លែងថា បើនិយាយពីស្ថានភាពអចលនទ្រព្យនៅក្នុងឆ្នាំនេះមានមតិខុសៗគ្នាលើកឡើងថា ការលក់យឺតជាងឆ្នាំមុន និងអ្នកខ្លះទៀតថា លក់ប្រសើរជាងឆ្នាំមុន ដូចជាក្រុមហ៊ុនលោកជាដើម ដូច្នេះគេមិនមានទិន្នន័យសម្រាប់និយាយជារួមថាឆ្នាំនេះល្អជាងឆ្នាំមុនឬមិនល្អនោះឡើយ ប៉ុន្តែបើមើលដល់ឆ្នាំ២០១៧ លោកសង្កេតឃើញ ថា ស្ថានភាពឆ្នាំ២០១៧ អ្នកវិនិយោគក្នុងស្រុកកំពុងមានភាពស្ទាក់ស្ទើរ តែអ្នកវិនិយោគមកពីក្រៅប្រទេសពួកគេនៅតែបន្តសកម្មភាពធម្មតា។

លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Land ដែលបាននិងកំពុងវិនិយោគគម្រោង The Bridge និង The Peak តម្លៃជិត១០០០លានដុល្លារ បានថ្លែងថា នៅឆ្នាំនេះម្នាក់ៗភ្ញាក់ផ្អើលថា ការលក់អចលនទ្រព្យធ្លាក់ចុះ ប៉ុន្តែការពិតមិនដូច្នេះទេ គឺមានអ្នកខ្លះលក់បានច្រើនអ្នកខ្លះលក់បានតិច ដូច្នេះពេលទូទាត់ទៅគឺការលក់អចលន ទ្រព្យមិនធ្លាក់ចុះនោះទេ ដូច្នេះឆ្នាំ២០១៧ ខាងមុខ ស្ថានភាពវិស័យ នេះមានភាពដូចគ្នានឹងឆ្នាំនេះដែរ។

លោកបន្តថា ៖ «ស្ថានភាពនៅឆ្នាំក្រោយ មិនឡើង មិនចុះទេ គឺមាន ភាពដូចគ្នានឹងឆ្នាំនេះ ព្រោះស្ថានការណ៍នយោបាយមិនរងផលប៉ះពាល់ទេ ប៉ុន្តែឆ្នាំ២០១៨អ្វីៗ អាចស្ថិតក្នុងសភាពទ្រឹង»។

លោក ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ស្ថានភាពវិស័យអចលនវត្ថុសម្រាប់ឆ្នាំក្រោយ នឹងមានកំណើនយឺត មិនមានភាពរីកចម្រើនខ្លាំងដូចឆ្នាំនេះនោះទេ ប៉ុន្តែ វាក៏មិនធ្លាក់ចុះនោះដែរដោយសារសេដ្ឋកិច្ចរបស់កម្ពុជាមានកំណើនថេរ ដូច្នេះវិស័យដទៃទៀតនឹងមានស្ថិរភាព។

ទោះជាយ៉ាងណាលោក Alexander Evengroen អគ្គនាយកក្រុមហ៊ុន Key Real Estate Ltd មិនបានយល់ស្របនឹងការលើកឡើងខាងលើឡើយ ដោយលោកបានថ្លែងថា ក្នុងពេលដែលកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជានឹងមានកំណើនយឺតចាប់តាំងពីឆ្នាំ២០១៧ខាងមុខនេះ។ អ្នកអភិវឌ្ឍន៍ចង់ឃើញ និងស្ទង់មើលទីផ្សារដើម្បីឆ្លើយតបទៅនឹងលទ្ធភាព ដែលអាចមានការប្រែប្រួលនៅពេលខាងមុខ នៅមុនពេលការធ្វើសកម្មភាពនៅកម្ពុជា ខណៈពេលកម្ពុជាជាសមាជិកមួយនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោកបន្តថា ៖ «វាមានសារៈសំខាន់ណាស់ ដែលអ្នកនៅក្នុងវិស័យនេះត្រូវចាប់ផ្តើមធ្វើការរួមគ្នា ដើម្បីធ្វើឲ្យមានឱកាសវិនិយោគ និង ធ្វើឲ្យសកម្មភាពទិញលក់ដំណើរការល្អក្នុងអំឡុងពេលនេះ»៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!