ក្រុម​អង្គការ​សង្គម​ស៊ីវិលចេញ​មុខ​​ហែ​ក្បួន​ប្រឆាំង​​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​​
Posted On : June, 23, 2015 | By សំឡេងទីក្រុង

ប្រភព៖  VOD   ដោយ៖​ ទូច សុខា​ | ថ្ងៃអង្គារ ទី23 មិថុនា 2015

ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ជួបជុំ​គ្នា​លើក​បដា​តវ៉ា​នៅ​មុខ​រដ្ឋសភា រួច​នាំ​គ្នា​ហែ​ក្បួន​ដើម្បី​សម្ដែង​មតិ និង​ដាក់​ញត្តិ​ជូន​រដ្ឋសភា ជំទាស់​ចំពោះ​ការអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម​និង​អង្គការ​ មិនមែន​រដ្ឋាភិបាល ។​

​មន្ត្រី និង​សកម្មជន​មក​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​មាន​គ្នា​ប្រមាណ​៥០០​នាក់ បាន​នាំគ្នា​លើក​បដា​ស្នើ​ឲ្យ​រដ្ឋ សភា​ពន្យារ​ពេល​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ពួកគេ​ទាមទារ​ឲ្យមាន​ការទម្លាក់​ចោល​នៃ​សេចក្តីព្រាងច្បាប់​នេះ​។​

​អង្គការ​សង្គម​ស៊ីវិល​ដែល​ចូលរួម​តវ៉ា​នៅ​ព្រឹក​នេះ​មានដូចជា អង្គការ​លីកាដូ សមាគម​ធាងត្នោត អង្គការ សមាគម​ផ្ទះ​សាមគ្គី ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​(IDEA) និង​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា ជាដើម ។​

​អ្នកគ្រប់គ្រង​បច្ចេកទេស​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​នឹង​រិត​ត្បិត​ដល់​សម្មកភាព​របស់​ អង្គការ​សង្គម​ស៊ីវិល ។ លោក​បន្តថា ច្បាប់​នេះ​ក៏បាន​ផ្តល់​សិទ្ធិ​ហួសហេតុ​ដល់​ក្រសួង​សាមី​ក្នុងកា​រលុបឈ្មោះ​ អង្គការ​សមាគម ចេញ​ពី​បញ្ជី និង​ដាក់​ទោសទណ្ឌ​ទៅលើ​ពួក​គេ ។ លោក​ថា ច្បាប់​នេះ​នឹង​ប៉ះពាល់​ខ្លាំង​ដល់​អង្គការ​សមាគម​នៅតាម​មូលដ្ឋាន និង​អាច​ឈាន​ដល់​ការ​បញ្ឈប់​សកម្មភាព​ពួក​គេ​ទៀត​ផង ។​

​លោក អំ សំអាត បន្ថែមថា «​គឺ​ក្រោយពី​ច្បាប់​ចេញ​ហើយ រាល់​អង្គការ​មូលដ្ឋាន សហគម​មូលដ្ឋាន ត្រូវតែ​មាន​ការចុះបញ្ជី បើសិនជា​មិន​មាន​ការចុះបញ្ជី​ទេ មិន​អាច​ធ្វើ​សកម្មភាព​បាន​ទេ នឹង​ត្រូវ​មាន​ការចាត់​វិធានការ​ពី​អាជ្ញាធរ​ដោយ​ផ្ទាល់ បើ​គ្មាន​ការចុះបញ្ជី ហើយ​មាន​ការផាកពិន័យ បន្ទាប់មក​គឺ​មាន​ការដាក់ទោស​ព្រហ្មទណ្ឌ​ទៀតផង ហើយ​រាល់​អង្គការ​សង្គម​ស៊ីវិល​ណា​ដែល​បាន​ចុះបញ្ជី​ហើយ មិន​គោរព​តាម​លក្ខណ្ឌ​ច្បាប់​នេះទេ អាច​ប្រឈម​មុខ​ត្រូវ​ផ្អាក ឬក៏​ត្រូវ​បិទ​»​។​

រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វ​ន់ ពៅ លើកឡើងថា និយមន័យ​នៃ​ពាក្យ​ខ្លះ​នៅក្នុង​សេចក្ដីព្រាងច្បាប់​នេះ​មាន​ ភាពមិនច្បាស់លាស់ ដែល​លោក​ថា អាជ្ញាធរ​អាច​ធ្វើ​ការបកស្រាយ​តាម​ឆន្ទានុសិទ្ធិ​របស់​ខ្លួន និង​ឈាន​ដល់​ការ​លុបឈ្មោះ​ចេញពី​បញ្ជី ។ លោក​ថា បើសិនជា​ដូច្នេះ អង្គការ​សមាគម ដែល​តែងតែ​ដឹកនាំ​ការតវ៉ា​ដើម្បី​ផលប្រយោជន៍​ប្រជា​ពលរដ្ឋ​នឹង​ត្រូវ​ អាជ្ញាធរ​លុបឈ្មោះ​ចោល​ជាមិនខាន ។

​លោក វ​ន់ ពៅ បន្ថែមថា «​មាន​ត្រា​៣២ ក្រសួង​មាន​សិទ្ធិ​លុប​បញ្ជី​ការ​ចោល​សម្រាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ប្រសិនបើ​គេ​មើលឃើញថា​ប៉ះពាល់​សណ្តាប់ធ្នាប់​សាធារណៈ អញ្ចឹង​យើង​មើលឃើញថា​ប្រទេស​កម្ពុជា អា​ពាក្យ​សណ្តាប់ធ្នាប់​សាធារណៈ ហ្នឹង​ចែង​អត់​ច្បាស់លាស់​ទេ បើ​សិន​ដូច​ជា​សមាគម​Idea អញ្ចឹង​តែងតែ​ធ្វើ​ញត្តិ​ទាមទារ​ការពារ​ប្រជាពលរដ្ឋ ចុះ​បើ​គេ​លុបចោល​ហ្នឹងហើយ ដែល​រងគ្រោះ​សម្រាប់​យើង​ទាំងអស់គ្នា​ជា​ប្រជាពលរដ្ឋ​» ។​

​ទាក់ទង​នឹង​ការទាមទារ​របស់​តំណាង​សង្គម​ស៊ីវិល​នេះ តំណាងរាស្ត្រ​គណបក្សប្រឆាំង លោក សុន ឆ័យ បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ពួកគេ នៅ​ម៉ោង​ប្រមាន​ជា​១០​ព្រឹក ។ លោក សុន ឆ័យ បាន​ថ្លែងថា លោក​នឹង​យក​សំណើ​នេះ​ដាក់​ទៅ​កាន់​រដ្ឋសភា​យក​ធ្វើជា​មូលដ្ឋាន​ក្នុង​ ការអនុម័ត​ច្បាប់​នេះ ។​

​លោក សុន ឆ័យ បញ្ជាក់​ជា​ថ្មី​ថា គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហ​រថា ច្បាប់​នេះ​មិនទាន់​មាន​ភាពចាំបាច់​នៅ​ឡើយ​សម្រាប់​ប្រទេស​កម្ពុជា​នៅពេលនេះ ។ លោក​ថា «​តាម​ការពិនិត្យ​របស់​យើង ច្បាប់​នេះ​មិន​ល្អ​ទេៗ មិន​បំរើ​ឲ្យ​ផលប្រយោជន៍​អង្គការ និង​សមគម​ឲ្យ​បំរើ​ការងារ​ជូន​ប្រជាពលរដ្ឋ​បានទេ នេះ​ជា​ការសង្កេត​របស់​យើង​» ។​

ទោះយ៉ាងណា លោក សុន ឆ័យ បន្ថែមថា បើសិនជា​ច្បាប់​នេះ​ពិតជា​ចាំបាច់​ត្រូវតែ​កើតមាន ហើយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ទប់ស្កាត់​បាន​ទេ លោក​ថា សមាសភាព​របស់​គណ​បក្ស​សង​គ្រោះ​ជាតិ​នៅ​តាម​គណៈកម្មការ​មួយៗ​នឹង​ធ្វើ​ ការតស៊ូ​មតិ​ឲ្យមាន​ការកែប្រែ​ខ្លឹមសារ និង​មាត្រា​ខ្លះ​នៃ​ច្បាប់​នេះ ដើម្បី​ឲ្យ​ធានា​នូវ​ការគោរព​សិទ្ធិ​សេរីភាព​របស់​អង្គការ​សមាគម ។​

​អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន បដិសេធ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ ។ ទោះយ៉ាងណា កន្លងមក​លោក បានបញ្ជាក់​ថា បើសិន​ជា​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​រដ្ឋសភា ប្រគល់​សេចក្តីព្រាងច្បាប់​នេះ​មក​គណៈកម្មការ​ទី​៥​របស់លោក នោះ​លោក​នឹង​បើក​ឲ្យមាន​ការពិភាក្សាឲ្យ​បាន​ទូលំទួលាយ​ជាមួយ​សង្គម​ស៊ីវិល ។​

​គួរបញ្ជាក់​ថា សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ត្រូវបាន​គណៈរដ្ឋមន្ត្រី​អនុម័ត​កាលពី​ថ្ងៃ ទី​៥ ខែមិថុនា រួច​បញ្ជូន​ទៅ​កាន់​រដ្ឋ​សភា​កាលពី​ពេល​ថ្មីៗ​នេះ ។ ​សេចក្តីព្រាងច្បាប់​ចុងក្រោយ ដែល​រដ្ឋាភិបាល​បាន​ដាក់​ទៅ​រដ្ឋសភាមាន​៩​ជំពូក និង​មាន​៣៩​មាត្រា​ ​៕

TU23a4

Tu23a2

Urban Voice Cambodia

Urban Voice Cambodia