pp1

ក្រុម​ហ៊ុន​​អចលនទ្រព្យ​​ជប៉ុន​មួយ​ ​​​​បើក​ការ​វិនិយោគ​នៅ​​តំបន់​កំពុង​​​មាន​សក្ដានុពល​​ក្នុង​រាជធានី​ភ្នំពេញ​

ដោយ BNEWS, ថ្ងៃទី ០៦ ធ្នូ ២០១៤

ក្រុម​ហ៊ុនផ្ដល់​សេវាកម្ម​អចលនទ្រព្យ​ Leopalace 21 Corporation របស់​ជប៉ុន​​នឹង​បើក​ការ​វិនិយោគ​ទៅ​លើ​សំណង់​អគារ​ខ្ពស់​ៗ​នៅ​តំបន់​ទួល​គោក​ និង​តំបន់​បឹង​កេង​កង​ក្រោម​គម្រោង​ទឹក​ប្រាក់​វិនិយោគ​ប្រមាណ​ ២០​លាន​ដុល្លារ​អាមេរិក​។ ​

 

តាម​ការ​ដក​ស្រង់​ប្រសាសន៍​របស់​លោក​លោក Eisei Miyama នាយកប្រតិបត្តិទូទៅនៃក្រុមហ៊ុន “Leopalace21 Corporation ” ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា​(AKP)​ ឱ្យ​ដឹង​ថា ​ការ​វិនិយោគ​នេះ​ដោយ​សារ​​​លោក​មើល​ឃើញ​​ពី​សក្តានុភាព​ផ្នែក​សេដ្ឋកិច្ច​នៅ​កម្ពុជា​កំពុង​តែ​មាន​សន្ទុះ​រីក​ចម្រើន​ ហើយ​​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ជប៉ុន​ជាច្រើន​កំពុងតែ​បណ្ដាក់ទុន​រកស៊ី​នៅ​​កម្ពុជា​ ដូច្នេះ​លោក​ចង់​ឱ្យ​មាន​គេហដ្ឋាន​ក៏​ដូចជា​បន្ទប់ស្នាក់​នៅ​ដ៏​ល្អៗ​ សម្រាប់​ជនជាតិ​ជប៉ុន​ ជា​ពិសេស​​ជួយ​ដល់​​កម្ពុជា​ តាមរយៈ​ការ​សាងសង់​អគារ​ល្អៗ ​បន្ទប់ល្អៗ​ ដើម្បី​ឱ្យ​ការ​ស្នាក់​នៅ​កាន់​តែ​ទំនើប ​និង​មាន​សុវត្ថិភាព​ខ្ពស់។

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​​និង​ភ្នាក់​ងារ​អចលនវត្ថុ​កម្ពុជា​លោក​ឧកញ៉ា​ ចេង​ ខេង​ ​​ថ្លែង​ប្រាប់​ TheBNEWS នៅ​ព្រឹក​នេះ​​ថា ​ការ​ឈាន​ជើង​វិនិយោគ​របស់​​ក្រុម​ហ៊ុន​ជប៉ុន​​វា​​ជា​សញ្ញាណ​មួយ​ល្អ​មែន​ទែន​សម្រាប់​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា ​ដោយ​លោក​សំគាល់​ឃើញ​ថា​ក្រុម​ហ៊ុន​ជប៉ុន​មុន​នឹង​គាត់​ធ្វើ​ការ​វិនិយោគ​នៅ​តំបន់​ណា​មួយ ​ឬ​ប្រទេស​ណា​មួយ ​ពួក​គេ​មាន​ការ​ស្រាវជ្រាវ​ច្បាស់​លាស់​។​ លោក​សង្កេត​ឃើញ​ថា​ក្រុម​ហ៊ុន​អចលនទ្រព្យ​ដែល​មក​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា​រួម​មាន​កូរ៉េ​ ចិន​ ជប៉ុន​ សិង្ហបុរី​ និង​វៀតណាម​ជា​ដើម​។​

 

ទោះ​បី​មាន​សញ្ញាណ​ល្អ​ក្នុង​វិស័យ​អចលនទ្រព្យ​ក្ដី​លោក​នៅ​​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រកួត​ប្រជែង​រវាង​ភ្នាក់​ងារ​អចលនទ្រព្យ​នៅ​ក្នុង​ស្រុក​ជា​មួយ​ភ្នាក់​ងារ​ដែល​មក​ពី​​ក្រៅ​ស្រុក​ ដោយ​សារ​បច្ចុប្បន្ន​វិស័យ​នេះ​នៅ​តែ​ខ្វះ​អ្នក​ជំនាញ​ក្នុង​ការ​ផ្ដល់​សេវាកម្ម​ឱ្យ​បាន​ស៊ី​ជម្រៅ​ទៅ​លើ​ផ្នែក​អចលន​ទ្រព្យ​នេះ​។

 

​នាយិកា​បណ្ដុះ​បណ្ដាល ​នៃ​សាកលវិទ្យាល័យ​អចលនទ្រព្យ​ ដំបូង​បំផុត​នៅ​កម្ពុជា(​Century 21 University-Cambodia​ ) អ្នកស្រី ​គ្រេស​ រចនី​ហ្វុង​ ឱ្យ​The BNEWS ដឹង​ថា​​ទន្ទឹម​នឹង​​ការ​ចូល​មក​វិនិយោគ​​របស់​ក្រុម​ហ៊ុន​​ជប៉ុន​ឬ​បណ្ដា​ក្រុម​ហ៊ុន​ដទៃ​ទៀត​​​ គ្រប់​បណ្ដា​ភ្នាក់​ងារ​អចលនទ្រព្យ​នៅ​ក្នុង​ស្រុក​ត្រូវ​​ស្វែង​យល់​​ពី​វប្បធម៌​ទៅ​តាម​ប្រទេស​នីមួយ​ៗ​និង​សិក្សា​ស្វែង​យល់​ព័ត៌មាន​ឱ្យ​បាន​ច្បាស់​លាស់​ពី​​​គោល​ដៅ​វិនិយោគ​របស់​ក្រុម​ហ៊ុន​នីមួយ​ៗ។​

 

ក្រុមហ៊ុនផ្ដល់​សេវាកម្ម​អចលនទ្រព្យ​ “Leopalace21 Corporation ” ​មាន​សាខា​ចំនួន​ ១៣​ប្រទេស​ក្នុង​តំបន់​អាស៊ី​​និង​​សហរដ្ឋ​អាមេរិក​ហើយ​ក៏​មាន​​​​មូលដ្ឋាន​របស់​ខ្លួន​រួច​រាល់​ហើយ​ដែរ​នៅ​ក្នុង​ប្រទេស​ថៃ​និង​វៀតណាម​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ​នេះ​​។

 

​​​​​គួរ​រំលឹក​ផង​ដែរ​​ថា ​ខណៈ​ដែល​វិនិយោគិន​ជប៉ុន​មក​វិនិយោគ​កាន់​តែ​ច្រើន​នៅ​កម្ពុជា​ ​​​​​​​​​​​ធនាគារ​ Shiga Bank​ របស់​ជប៉ុន​នឹង​​ពង្រីក​​ការ​វិនិយោគ​របស់​ខ្លួន​មក​កាន់​ទីផ្សារ​កម្ពុជា​ តាម​រយៈ​​​ការ​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​ធនាគារ​កាណាឌីយ៉ា​ ក.អ ​នៅ​ចុង​ឆ្នាំ​២០១៤​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ពី​ការ​វិវត្ត​​សេដ្ឋកិច្ច​​ និង​ការ​វិនិយោគ​ចុង​ក្រោយ​​​នៅ​ក្នុង​ប្រទេស​​កម្ពុជា​សម្រាប់​ផ្ដល់​ឱ្យ​​ ក្រុម​​ហ៊ុន​​​និង​វិនិយោគិន​​​របស់​ជប៉ុន​៕​

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

Leave a Reply