ក្រុម​ហ៊ុន​​នៅ​ពីក្រោយ​គម្រោង​អភិវឌ្ឍន៍​តំបន់បឹង​កក់​​លើក​ឡើង​ថា ការ​លក់​ដី​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​

ដោយ ខេមបូឌាដេលី ថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០១៤

ក្រុម​ហ៊ុន​​ដែល​នៅ​ពីក្រោយ​គម្រោង​​អភិវឌ្ឍន៍​​ដ៏ចម្រូងចម្រាស​នៅ​តំបន់ ​បឹង​កក់​​បាន​លើក​ឡើង​ថា ការ​លក់​ដី​រាប់​លាន​ដុល្លារ​ដែល​មិន​ទាន់​ដាច់​ស្រេច​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ សិង្ហបុរី​មួយ​ទំនង​ជា​មិន​កើត​ឡើង​ទេ ដោយ​សារ​​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​របស់​អ្នក​ដែល​មាន​គម្រោង​ទិញ​ដី​ នេះ។

កាលពី​ខែ​មិថុនា ក្រុម​ហ៊ុន​ HLH Group បាន​ប្រកាស​ថា ក្រុម​ហ៊ុន​បុត្រសម្ព័ន្ធ​ថ្មី​របស់​ខ្លួន​គឺ​ក្រុម​ហ៊ុន D’Lottus Development បាន​យល់ព្រម​​ផ្ដល់​ប្រាក់​ចំនួន​១៤,៩លាន​ដុល្លារ ដើម្បី​ទទួល​បាន​ដីទំហំ​១,៣៥​ហិកតា​ពី​​ក្រុមហ៊ុនស៊ូកាគូអុីន ដែល​គ្រប់​គ្រង​ដោយ​លោក ឡាវ ម៉េងឃិន សមាជិក​​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា។

ដោយ​មាន​ជំនួយ​ពី​​សាលា​រាជ​ធានី​ ក្រុម​ហ៊ុន​ស៊ូកាគូអុីនបាន​បណ្ដេញ​អ្នក​ភូមិ​ប្រមាណ​៣.០០០គ្រួសារ​ពី​តំបន់​ បឹង​កក់​ ដើម្បី​បើក​ផ្លូវ​សម្រាប់​គម្រោង​របស់​ក្រុម​ហ៊ុន​នេះ​។ ការ​បណ្ដេញចេញទ្រង់ទ្រាយ​ធំនេះ​ បាន​ធ្វើ​ឲ្យ​ធនាគារ​ពិភព​លោក​​ផ្អាក​ការ​ផ្ដល់​ប្រាក់​កម្ចី​ថ្មី​ទាំង​អស់ ​មក​ឲ្យ​កម្ពុជា​ភ្លាមៗ។

មិន​យូរ​ប៉ុន្មាន​បន្ទាប់ពី​ក្រុម​ហ៊ុន​ HLH Group បាន​បង្ហាញ​គម្រោង​ទិញដី​ជា​សាធារណៈ​​នៅ​លើ​ផ្សារ​មូលបត្រ​សិង្ហបុរី​ លោក Johnny Ong Bee Huatនាយក​ប្រតិបត្តិ​របស់​ក្រុម​ហ៊ុននេះ​​បាន​លើក​ឡើង​ថា លោក​មិន​ដឹង​អ្វី​នោះ​ទេ​ចំពោះ​ភាព​ចម្រូង​ចម្រាស​ដែល​ល្បី​សុះសាយ​ជុំវិញ​​ ​ដីមួយ​ផ្នែក​ ដែល​លោក​​​​គ្រោង​​ទិញ​។ លោក​បាន​លើក​ឡើង​ទៀត​ថា ក្រុម​ហ៊ុន HLH Group ប្តេជ្ញា​គោរព​ច្បាប់​ក្នុង​ស្រុក​ទាំង​អស់​ ហើយ​កំពុង​តែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​ច្បាប់​មួយ​ក្នុង​​រយៈ​ពេល​ ៦ខែ​ចំពោះ​គម្រោង​ទិញ​ដី​នេះ​ មុន​ពេល​សម្រេច​ថា តើ​ត្រូវ​​ទិញ​ពិត​ប្រាកដ​ឬយ៉ាង​ណា។

អង្គការ​សិទ្ធិ​លំនៅដ្ឋាន​​បាន​សាកសួរ​ថា តើ​ក្រុម​ហ៊ុន​ស៊ូកាគូអុីន​អាច​លក់​ដី​ដែល​ខ្លួន​​ជួល​ពី​សាលា​រាជធានី​​មក​ ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់​ឬក៏អត់​។

កាលពី​ម្សិលមិញ លោកស្រី អាមូ ពីឡៃ អ្នក​នាំពាក្យ​ក្រុម​ហ៊ុន​ស៊ូកាគូអុីន​បាន​លើក​ឡើង​​ជា​លើក​ដំបូង​ថា ការ​លក់​ដី​នេះ​ទំនង​ជាមិន​កើត​ឡើង​ទេ​ បន្ទាប់ពី​មាន​ការ​សិក្សា​លើ​ប្រវត្តិ​ហិរញ្ញវត្ថុ​របស់​ក្រម​ហ៊ុន​ HLH Group។

លោកស្រី​ ពីឡៃ បាន​មាន​ប្រសាសន៍​ថា “យើង​មិន​រំពឹង​ថា រឿង​នេះ​នឹង​កើត​ឡើង​នោះ​ទេ​ ព្រោះ​​​ភាគី​ខាង​គេ​​កំពុង​មាន​បញ្ហា​ហិរញ្ញវត្ថុ​។ យើង​​មិន​ដឹង​ទេ​ថា តើ​ពួកគេ​អាច​​រ៉ាប់រង​គម្រោង​នេះ​បាន​​ឬក៏អត់​”។

ហើយ​ដោយ​ក្រុមហ៊ុន​ស៊ូកាគូអុីន​ទំនង​ជា​មិន​លក់​ដី​នេះ​ទៅ​ឲ្យ​ក្រុម​ ហ៊ុន HLH Group នោះ​ លោកស្រី​បាន​បន្ថែម​ថា “យើង​ត្រូវ​តែ​ប្ដូរ​ដៃគូ​ដែល​សាកសម​ជាង​នេះ​”។ ក្រុមហ៊ុន HLH Group បាន​បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​លើ​គម្រោង​នេះ​ឡើយ​ ប៉ុន្តែ​ថា ​ប្រាក់​មិនមែន​​ជា​បញ្ហា​នោះ​​ទេ។

លោក Shane Goh ជំនួយការ​ផ្ទាល់​របស់​​លោក Ong បាន​ឆ្លើយ​តប​នឹង​អុីម៉េល​មួយ​ដែល​ផ្ញើ​មក​ឲ្យ​ថៅកែ​របស់​ខ្លួន​ថា “ជា​ក្រុម​ហ៊ុន​ដែល​មាន​ការ​ចុះ​បញ្ជី​ជា​សាធារណៈ​លក្ខណៈ​អន្តរ​ជាតិ​ យើង​ពិត​ជា​មាន​សមត្ថភាព​​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​សម្រេច​ការ​ទិញ​​ ឬគម្រោង​ណាមួយ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ យើង​នៅ​តែ​រង់ចាំ​ភាគី​ខាង​[ក្រុម​ហ៊ុន​ស៊ូកាគូអុីន] បំពេញ​បែប​បទ​​ឯកសារ​ផ្លូវ​ច្បាប់​មុន​ពេល​យើង​អាច​ចាត់​វិធានការ​បន្ត​។ បាល់​មិន​មែន​នៅ​ក្នុង​ដៃ​របស់​យើង​នោះ​ទេ​”។

នៅ​ក្នុង​សេចក្ដី​​ប្រកាស​របស់​ខ្លួន​ទៅ​ទាន់​​ផ្សារ​មូលបត្រ​សិង្ហបុរី​ ក្រុម​ហ៊ុន​ HLH Group បាន​លើក​ឡើង​ថា ខ្លួន​​កំពុង​មាន​ផែន​ការ​​ប្រើ​ប្រាស់​ដី​នៅ​តំបន់​បឹងកក់​ ដើម្បី​សាង​សង់​អគារ​ការិយាល័យ​ខ្ពស់​ៗ ខុនដូ​ដ៏​ប្រណីត កន្លែង​លក់​ទំនិញ និង​ភោជនីយដ្ឋាន​។ ក្រុម​ហ៊ុន​នេះ​បាន​លើក​ឡើង​ទៀត​ថា តម្លៃ​ចំនួន​១៤​,៩លាន​ដុល្លារ​សម្រាប់​ដី​នៅ​​តំបន់​បឹងកក់​គឺ​វា​តិច​ជាង​ ១ភាគ៣​នៃ​​តម្លៃ​ភាគហ៊ុន​​របស់​ក្រុម​ហ៊ុន​ ដែល​មាន​​តម្លៃ​​៥១,២​លាន​ដុល្លារ​នៅ​ពេល​នេះ​។

ក្រុម​ហ៊ុន HLH Group នឹង​ជា​ក្រុម​ហ៊ុន​ដំបូង​គេ​ដែល​ទិញ​ផ្នែក​ខ្លះនៃ​ដី​តំបន់​បឹងកក់​ពី​ ក្រុមហ៊ុន​ស៊ូកាគូអុីន ដែល​បាន​បង់​ប្រាក់​ចំនួន​៧៩​លាន​ដុល្លារ​​ទៅ​ឲ្យ​សាលា​រាជ​ធានី ដើម្បី​ជួល​ដី​​ទំហំ​១៣៣ហិកតា​នៅ​តំបន់​បឹង​កក់​នេះ​ក្នុង​រយៈ​ពេល​៩៩​ឆ្នាំ ​កាលពី​ឆ្នាំ​២០០៧។ តំបន់​អភិវឌ្ឍន៍​នេះ​ចាប់​តាំង​ពី​ពេល​នោះ​មក​​ត្រូវ​បាន​កាត់​បន្ថយ​មក​ ត្រឹម​​ប្រហែល​១២០​ហិកតា​ តាម​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ក្រុម​ហ៊ុន​ចិន​យ៉ាង​តិច​ចំនួន​ពីរ​​ដែល​ចាប់​ដៃគូ​ជាមួយ​ក្រុម​ហ៊ុន​ ស៊ូកាគូអុីន ដើម្បី​អភិវឌ្ឍ​តំបន់​នេះ​បាន​ដក​ខ្លួន​​ចេញ​រួច​ហើយ។ តំបន់​បឹង​កក់​នេះ​ ឥឡូវ​​​ទើប​តែ​មាន​ផ្លូវ​​ប៉ុន្មាន​ខ្សែ​​ប៉ុណ្ណោះ។ ក្រុមហ៊ុន​​ចុង​ក្រោយ​គឺ​ក្រុម​ហ៊ុន Erdos Hongjun Investment Corporation ដែល​បើ​​យោង​តាម​របាយការណ៍​របស់​រដ្ឋាភិបាល​ មាន​គម្រោង​បណ្ដាក់​ទុន​ជាង​២ពាន់​លាន​ដុល្លារ​ ដើម្បី​ប្រែ​ក្លាយ​តំបន់​នេះ​ជា​តំបន់​ដែល​មាន​ភូមិគ្រឹះ​ប្រណីត​ៗ ខុនដូ អគារការិយាល័យ​ខ្ពស់ៗ និង​សណ្ឋាគារ​ផ្កាយ៥។

កាលពី​ម្សិលមិញ លោកស្រី ពីឡៃ បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​ស៊ូកាគូអុីន​នៅ​មិន​ទាន់​រក​ឃើញ​អ្នក​ផ្សេង​​មក​ជំនួស​​ក្រុម​ ហ៊ុន Erdos នៅ​ឡើយ​ទេ​ ប៉ុន្តែ​ទោះ​ជាយ៉ាង​ណា​​ក្រុម​ហ៊ុន​នៅ​តែ​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច​ ដែល​​ប្រើ​មូលនិធិ​ផ្ទាល់​ខ្លួន​​ ដើម្បី​សាង​សង់​ប្រព័ន្ធ​លូ និង​អគារ​ការិយាល័យ ដែល​មាន​កម្ពស់​ប្រាំជាន់​ ដោយ​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ដំណាច់​ឆ្នាំ​នេះ​។ លោកស្រី​បាន​លើក​ឡើង​ទៀត​ថា ក្រុម​ហ៊ុន​ស៊ូកាគូអុីន​ក៏រំពឹង​ថា នឹង​ទទួល​បាន​​ការ​យល់​ព្រម​​ក្នុង​ពេលឆាប់​ៗ​ពី​សាលា​រាជ​ធានី​​ដើម្បី​ បង្កើត​សួន​សាធារណៈ​មួយ​​ផង​ដែរ​។

លោកស្រី​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ផែន​ការ​មេ​ថ្មី​​សម្រាប់​គម្រោង​នេះ​​ត្រូវ​បាន​អនុម័ត​​យល់​ព្រម​ដោយ​សាលា ​រាជ​ធានី​កាលពី​ដើម​ខែ​នេះ។

ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​​​ដែល​បើក​ផ្លូវ​សម្រាប់​គម្រោង​នេះ​ បាន​ធ្វើ​ឲ្យមាន​ការ​តវ៉ា​រាប់​សិប​​បាន​ផ្ទុះ​ឡើង​ក្នុង​ចំណោម​អ្នក​ភូមិ​​ ​​​ ដែល​មាន​កំហឹង​​យ៉ាង​ខ្លាំង​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ ហើយ​អ្នក​តវ៉ា​ភាគច្រើន​​​ត្រូវ​បាន​បំបែក​ដោយ​ហិង្សា​​ពី​សំណាក់​នគរ​បាល​ និង​កង​សន្តិសុខ​របស់​រដ្ឋាភិបាល​។

កាលពី​ខែមុន នគរ​បាល​​បាន​ចាប់​ខ្លួន​ស្ត្រី​សកម្មជន​មក​ពី​សហគមន៍​បឹងកក់​ចំនួន​ ប្រាំពីរ​នាក់​ ពីបទ​យក​គ្រែ​​ទៅ​ដាក់​ចំ​កណ្ដាល​មហាវិថី​ព្រះមុនីវង្ស ដើម្បី​តវ៉ា​ចំពោះ​ការ​​ជន់លិច​ម្ដង​ហើយ​ម្ដង​ទៀត​នៅ​តំបន់​របស់​ពួកគាត់​ ដោយ​ពួកគាត់​បាន​បន្ទោស​លើ​ក្រុម​ហ៊ុន​ស៊ូកាគូអុីន ដែល​បាន​បូម​ខ្សាច់​ចាក់​​លុប​បឹង​កក់​ដែល​ជា​កន្លែង​ស្តុក​ទឹក​ដ៏សំខាន់​ អំឡុង​រដូវ​វស្សា។

​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​បាន​ចោទ​ប្រកាន់​ពួកគាត់​ពីបទ​រាំង​ស្ទះ​ ចរាចរណ៍​នៅ​ថ្ងៃ​បន្ទាប់ ហើយ​បាន​ផ្តន្ទាទោស​ពួកគាត់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​រយៈ​ពេល​១ឆ្នាំ។ មេធាវី​របស់​ពួកគាត់​បាន​ប្ដឹង​ទាស់​កាលពី​សប្ដាហ៍​មុន​៕

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

Leave a Reply