ក្រុម​ហ៊ុន​ប្រេង​ព្រម​ទទួល​យក​ការ​កំណត់​តម្លៃ​ប្រែប្រួល
Posted On : September, 10, 2015 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ ភ្នំពេញប៉ុស្ត៍ិ ដោយ ស ច័ន្ទដារ៉ា ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥

ក្រុមហ៊ុន​លក់​រាយ​ប្រេង​ឥន្ធនៈ​ក្នុង​ស្រុក​កាល​ពី​ម្សិលមិញ​បាន​យល់​ព្រម​អនុវត្ត​យន្តការ​កំណត់​តម្លៃ​ប្រែប្រួល​ទៅ​តាម​ទីផ្សារ ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​ឡើង​ចុះ​តម្លៃ​ប្រេង​ពិភពលោក។

ទោះ​បី​យ៉ាង​នេះ​ក្តី​នឹង​មិន​ទាន់​មាន​ការ​កាត់​បន្ថយ​តម្លៃ​ភ្លាមៗ​ណា​មួយ​ទេ។ នេះ​បើ​តាម​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា យន្តការ​ថ្មី​នេះ​នឹង​ទាក់​ទង​ក្នុង​ការ​ត្រួត​ពិនិត្យ​តម្លៃ​នាំ​ចូល​ប្រេង និង​ថា​ប្រសិន​បើ​មាន​ការ​ធ្លាក់​ចុះ​តម្លៃ ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ពិភពលោក ក្រុមហ៊ុន​ឯកជន​នឹង​ត្រូវ​បន្ទាប​តម្លៃ​នៅ​តាម​ស្ថានីយ​ប្រេង បើ​មិន​អ៊ីចឹង​ទេ​នឹង​ប្រឈម​នឹង​ការ​ចាត់​វិធានការ។

លោក កែន រដ្ឋា អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ថា៖ «ពួក​គេ [ក្រុមហ៊ុន​ប្រេង] បាន​យល់​ព្រម​ក្នុង​ការ​ប្រើប្រាស់​យន្តការ​កំណត់​តម្លៃ​ប្រែប្រួល ប៉ុន្តែ​លទ្ធភាព​ថា​តើ​ពួក​គេ​អាច​អនុវត្ត​បាន​កម្រិត​ណា​នោះ យើង​នឹង​ត្រួត​ពិនិត្យ​នៅ​ពេល​ក្រោយ»។ លោក​បញ្ជាក់​ថា៖ «ប្រសិន​បើ​ពួក​គេ​មិន​អនុវត្ត​តាម​អ្វី​ដែល​ពួក​គេ​បាន​សន្យា​នោះ​ទេ យើង​នឹង​មាន​វិធានការ​ផ្សេង​ទៀត»។ ប៉ុន្តែ​លោក កែន រដ្ឋា មិន​បាន​បញ្ជាក់​តើ​វិធានការ​អ្វី​នឹង​ត្រូវ​ចាត់​ការ​ប្រឆាំង​នឹង​ក្រុម​ហ៊ុន​ដែល​ប្រព្រឹត្ត​ខុស​នោះ​ទេ។

លោក Hiroshi Suzuki ប្រធាន​សេដ្ឋវិទូ​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​ថា​រដ្ឋាភិបាល​ត្រូវ​ធានា​ការ​ផ្គត់ផ្គង់​ឲ្យ​មាន​ស្ថិរភាព និង​ការ​កំណត់​តម្លៃ​នៅ​ក្នុង​វិស័យ​ប្រេង ព្រម​ទាំង​ការ​ធានា​ឲ្យ​ការ​កំណត់​តម្លៃ​ប្រកួត​ប្រជែង។ លោក​ថ្លែង​ថា៖ «ខ្ញុំ​សូម​កោត​សរសើរ​ដល់​ការ​ធ្វើ​អន្តរាគមន៍​បាន​ទាន់​ពេល​វេលា​របស់​រដ្ឋាភិបាល​ដល់​ទីផ្សារ​ប្រេង​ឥន្ធនៈ​កម្ពុជា​តាម​រយៈ​ការ​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ក្នុង​ចំណោម​ក្រុម​ហ៊ុន​ចែក​ចាយ»។

លោក​បន្ថែម​ថា វា​គឺ​ពេលវេលា​ដ៏​ត្រឹម​ត្រូវ​សម្រាប់​កម្ពុជា​ក្នុង​ការ​បង្កើត​យុទ្ធសាស្ដ្រ​បម្រុង​ប្រេង​ទុក​នៅ​ពេល​តម្លៃ​ចុះ​ទាប​នៅ​លើ​ទីផ្សារ​ពិភពលោក។ លោក​បន្ត​ថា ការ​បម្រុង​ទុក​ទាំង​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​ប្រែប្រួល​តម្លៃ​ប្រេង​ខ្លាំង​នៅ​ពេល​អនាគត។ លោក​បន្ត​ថា៖ «ខ្ញុំ​រំពឹង​ទុក​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល ដោយ​មាន​កិច្ច​សហការ​ដ៏​ល្អ​ពី​វិស័យ​ឯកជន សម្រាប់​ការ​ពង្រឹង​យុទ្ធសាស្ដ្រ​បម្រុង​ទុក​ប្រេង​ដើម្បី​ឆ្លើយតប​នឹង​ការ​ប្រែប្រួល​ខ្លាំង​ដែល​អាច​កើត​ឡើង​នៅ​លើ​ទីផ្សារ​ប្រេង​អន្តរជាតិ​នា​ពេល​អនាគត»។

Chevron ដែល​ជា​ក្រុមហ៊ុន​លក់​ប្រេង​រាយ​បាន​ពិចារណា​លើ​កត្តា​ជាច្រើន​យ៉ាង​ទូលំ​ទូលាយ​មុន​ពេល​សម្រេច​ចិត្ត​លើ​តម្លៃ​នៅ​តាម​ស្ថានីយ ដែល​រួម​មាន​អត្រា​ប្តូរ​ប្រាក់​បច្ចុប្បន្ន កម្រិត​ការ​ស្តុក​ទុក តម្រូវ​ការ​ទីផ្សារ ព្រម​ទាំង​ការ​ប្រតិកម្ម​របស់​ដៃ​គូ​ប្រកួត​ប្រជែង​ចំពោះ​កម្លាំង​ទីផ្សារ។ នេះ​បើ​តាម​លោក Chanlek Than អ្នក​ឯកទេស​ខាង​យីហោ​និង​ទំនាក់​ទំនង​នៅ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​លក់​រាយ Caltex របស់ Chevron។ លោក​ថ្លែង​ថា៖«ការ​ប្រែ​ប្រួល​តម្លៃ​ប្រេង​ឆៅ​អន្តរជាតិ និង​តម្លៃ​ផលិតផល​សម្រេច​ទី​បំផុត​នឹង​ប៉ះពាល់​ដល់​តម្លៃ​ស្ថានីយ​លក់​រាយ​ក្នុង​ស្រុក»។ លោក​បន្ត​ថា ក្រុម​ហ៊ុន Chevron ប្រើ​ប្រាស់​តម្លៃ​ផ្ទាល់​ខ្លួន​ដើម្បី​វាយ​តម្លៃ​កែ​តម្រូវ ព្រម​ទាំង​ត្រួត​ពិនិត្យ​យ៉ាង​ដិត​ដល់ «ទិដ្ឋភាព​ប្រកួត​ប្រជែង​ទីផ្សារ​ប្រេង​ឥន្ធនៈ​នៅ​កម្ពុជា»។

អ្នកស្រី ស៊ន សុវត្តី អ្នក​គ្រប់​គ្រង​ទីផ្សារ និង​ទំនាក់​ទំនង​នៅ​ក្រុមហ៊ុន Total Cambodia បាន​ថ្លែង​ថា Total បាន​គោរព​តាម​សារាចរណ៍​ណែនាំ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​រយៈពេល​កន្លង​មក ប៉ុន្តែ​លោក​ស្រី​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​យន្តការ​ថ្មី​នេះ​ទេ ដោយ​សារ​អ្នក​ស្រី​មិន​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​ដោយ​ការិយាល័យ​កណ្ដាល​នៅ​ប្រទេស​បារាំង​ក្នុង​ការ​អត្ថាធិប្បាយ។ អ្នក​ស្រី​បញ្ជាក់​ថា៖ «យើង​ចូលរួម​យ៉ាង​ទៀង​ទាត់​នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​បាន​រៀបចំ​ដោយ​អាជ្ញាធរ​រដ្ឋាភិបាល។ យើង​គោរព​តាម​បទ​ប្បញ្ញត្តិ​រដ្ឋាភិបាល»៕

Urban Voice Cambodia

Urban Voice Cambodia