ក្រុម​សកម្មជន​ដីធ្លី​​មក​ពី​ជាង​៤០​សហគមន៍​បាន​ធ្វើ​ក្ដារ​មឈូស​ដង្ហែ​​​ទៅ​ពន្ធ​នាគារ ​ព្រៃ.សទាមទារ​ឲ្យ​អាជ្ញាធរ​ដោះ​លែង​ស្ត្រី​១១​នាក់​​កំពុង​ជាប់​ឃុំ
Posted On : March, 9, 2015 | By សំឡេងទីក្រុង

ដោយ៖ផ្កាយព្រឹក,កោះសន្ដិភាព,  ថ្ងៃទី០៨ខែមីនា ឆ្នាំ២០១៥

រាជ​ធានី​​ភ្នំពេញ​ ៖ ក្រុម​សកម្មជន​ដីធ្លីដែល​មក​ពី​ជាង​៤០​សហគមន៍ រួម​និ​ងង្រុ​ម​អង្គការ​សង្គម​ស៊ី​វិល​នានា សរុប​ប្រមាណ​ជិត​១​ពាន់​នាក់ បាន​រៀបចំ​ធ្វើ​ក្ដារ​មឈូស ព្រមទាំង​ទង់ក្រពើ ដែល​មាន​សរសេរ​អក្សរ តុលាការ និង​សិទ្ធិ​នារី ហើយ​ភាគច្រើន​ស្លៀក​សម្លៀក​បំពាក់ពណ៌​ខ្មៅ​ និង​ជួតក្បាល​ក្រណាត់​ពណ៌​ខ្មៅ ដោយ​មានសរសេរអក្សរ​ថា​ដោះ​លែង​​ ​បាន​នាំ​គ្នា​ដង្ហែក្បួនតាម​ផ្លូវ​ដោយ​ថ្មើរជើង​ផង​ និង​ដោយ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បីជា​ច្រើន​គ្រឿង​ផង ចេញពី​ភ្នំពេញឆ្ពោះទៅ​កាន់ពន្ធនាគារ​ព្រៃ​សទាមទារ​ឲ្យ​មានការ​ដោះ​លែងស្ត្រី ​ដែល​ជា​សកម្មជនដីធ្លី​ចំនួន១១​នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរចាប់ខ្លួន​កាលពី​ប៉ុន្មាន​ខែ​មុន​កន្លង​ទៅ​នេះ​។

​សកម្មភាព​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៨​ និង​៣០​នាទីព្រឹក ​ថ្ងៃ​ទី​៨ ​មីនា ​​២០១៥ នៅពន្ធនាគារ​ព្រៃ​ស ស្ថិត​ក្នុងភូមិ​កំ​រៀង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។
លោកស្រី​យ៉ោ​ម បុប្ផា សកម្មជន​ដីធ្លី​នៅ​​​បឹង​កក់បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃនេះ មាន​មនុស្ស​ប្រមាណ​ជិត​១​ពាន់​នាក់ មក​ពី​​ជាង​៤០សហគមន៍​បានជួបជុំ​គ្នា​រៀបចំដង្ហែ​ក្បួន​នេះ​ឡើង ក្នុង​គោលបំណងអបអរសាទរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា ។

ទិវា​នេះ​មិនមែនធ្វើ​តែ​នៅ​​ប្រទេស​កម្ពុជាប៉ុណ្ណោះ​ទេ​ គឺបាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ទូ​ទាំង​សាកលលោក ហើយ​ការ​ធ្វើ​ក្ដារម​ឈូស គឺ​តំណាងឲ្យ​ក្រសួង​កិច្ច​ការ​នារី ដោយ​ចង់​និយាយ​ថា ពេល​នេះ​នារី​កំពុង​មានទុក្ខ ហើយក្រសួង​កិច្ចការ​នារីកំពុង​តែ​ដើរតួ​នាទី​ជា​អ្វី នា​រីកំពុង​តែ​ដ​ង្ហោយ​ហៅរក ហេតុ​អ្វីបានជា​មិនឃើញក្រសួង​កិច្ចការ​នារី និយាយ​អ្វី​សូ​ម្បី​តែ​មួយ​ម៉ាត់​សោះ ។​ ​ក្ដារ​មឈូស​មួយទៀត តំណាង​ឲ្យ​តុលាការ គឺ​តុលាការ​នៅ​ក្នុង​ប្រទេសកម្ពុជា​បាន​ស្លាប់​បាត់​ទៅ​ហើយ ដូច្នេះ​ហើយ​តុលាការ​​ គឺ​ទៅ​នៅ​ក្នុង​ក្ដារមឈូស​ហើយ មិន​បាន​មើលឃើញ​ពី​យុ​ត្តិ​ធម៌​ឡើយ​។

ដោយឡែក​លោក សំអាត ដែល​ស្ថិត​នៅ​ក្នុងក្រុម​អ្នក​សកម្មជន​នោះ​ដែរ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃនេះ​សហគមន៍​បាន​ធ្វើ​ជា​ទង់ក្រពើនេះ​ឡើង​ដែល​យើង​ដឹងហើយ​ថា​ ទង់​នេះ​គឺ​ធ្វើ​ឡើង​សម្រាប់​តែ​ពិធី​បុណ្យសព​ដែល​មាន​មនុស្ស​ស្លាប់ និងមាន​ក្ដារ​មឈូស​២ គឺ​មួយ​តំណាង​ឲ្យ​តុលាការ បាន​ន័យ​ថា សហគមន៍​ទាំងអស់នឹងសន្មត់​ថា​ តុលាការ​បាន​ស្លាប់​ហើយ ដែល​ពាក្យ​ថា​ស្លាប់​នេះ ទី​១-ដោយសារបញ្ហាដីធ្លី បើ​ប្រជាពលរដ្ឋ​ទន់ខ្សោយអត់​ដែល​ឈ្នះ​ទេ ចឹ​ង​គាត់​ចាត់​ទុក​ថា យុត្តិធម៌ត្រូវ​បាន​ស្លាប់ ទី​២-អ្នក​ដែល​តវ៉ា​រឿង​ដីធ្លី ត្រូវ​បាន​ចាប់​យក​ទៅ​ដាក់​ពន្ធនាគារ ដូចនេះ​ហើយ​ទើប​ពួក​គាត់ សន្មត់​ថា​ ប្រព័ន្ធ​តុលាការ​បាន​ស្លាប់ គឺ​គាត់អស់ជំនឿទៅ​លើ​ប្រព័ន្ធ​តុលាការ​តែ​ម្ដង​។​

ចំណែក​មឈូស​មួយទៀត គឺ​តំណាងឲ្យ​សិទ្ធិ​ស្ត្រី ដោយសារ​តែ​ស្ត្រី​ដែល​ជា​អ្នកការពារ​សិទ្ធិ​មនុស្ស ត្រូវ​បាន​ចាប់ខ្លួនដាក់​ពន្ធន​គារ ហើយ​វា​ខុស​ពី​អង្គ​​​ប្រជុំ​របស់អង្គការសហ​ប្រជា​ជាតិ ដែល​ថ្មី​ៗនេះបាន​ចេញ​សេចក្ដីសម្រេច​បន្ថែម​ទៀតឲ្យ​រដ្ឋ​ដែល​ជា​ភាគី​ នឹងត្រូវ​យកចិត្តទុកដាក់ការពារ​សិទ្ធិ​ស្ត្រី ដូច្នេះ​ហើយ​ទើប​ពួក​គាត់ធ្វើ​អ៊ីចឹ​ង​ ដោយ​គិត​ថា យុត្តិធម៌ និង​សិទ្ធិ​ស្ត្រីបាន​ស្លាប់​​​នៅ​ក្នុង​ក្ដារ​មឈូស​ហើយ​។

​ទាក់ទិន​ទៅ​នឹង​ហេតុ​ការ​ណ៌​ខាងលើ​នោះ ក្រុម​សកម្មជន​អ្នក​ហែក្បួន​ខាងលើ​​ត្រូវ​បានកម្លាំង​សមត្ថកិច្ច​ប៉ូ​ លិសខណ្ឌដង្កោ​ស្ទាក់​នៅ​ពេល​ដែលក្បួននោះ​ទៅ​ដល់ត្រង់​ចំណុច​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ដោយ​ប៉ូ​លិសបានចាប់ដកយក​ក្ដារ​មឈូសទាំង​២​នោះ​ទៅ​ដុត​កម្ទេច​ចោល ​ដោយសមត្ថកិច្ច​បាន​ប្រាប់​ថា នាំ​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​ ប៉ុន្តែ​ទោះបីជា​បែប​ណា​មិន​បាន​ឃាត់​ដំណើរក្បួន​នោះឡើយ ៕

Urban Voice Cambodia

Urban Voice Cambodia