photo6100458864932661315

ក្រុមហ៊ុន YONWOO នឹង​ចុះហត្ថលេខា​សាងសង់ Gold Tower 42 ម៉ោង១០​ព្រឹក​នេះ

ក្រុមហ៊ុន YONWOO ដែលជាម្ចាស់អាគារ Gold Tower 42 នឹងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនសាងសង់ ដើម្បីចាប់ផ្តើមសាសងសង់អាគារនេះឡើងវិញនៅពេលឆាប់ៗនេះ។យោងតាមប្រភពពីមន្ត្រីស្និទ្ឋនឹងម្ចាស់គំរោងនេះ ដែលបានថ្លែងប្រាប់សារព័ត៌មាន Property Asia តាមទូរស័ព្ទកាលពីម្សិលមិញថា ក្រុមហ៊ុន YONWOO នៅតែជាម្ចាស់កម្មសិទ្ឋរបស់អាគារនេះ ហើយក្រុមហ៊ុននេះនឹងចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់ ដើម្បីចាប់ផ្តើមសាងសង់អាគារនេះឡើងវិញនាពេលឆាប់ៗនេះ។ ក្រុមហ៊ុនដែលនឹងសហការសាងសង់អាគារនេះឡើងវិញ ជាក្រុមហ៊ុនសាងសង់ល្បីឈ្មោះរបស់ប្រទេសចិន តែយ៉ាងណាប្រភពខាងលើមិនទាន់បញ្ជាក់ពីឈ្មោះក្រុមហ៊ុនសាងសង់នៅឡើយទេ។

ប្រភពដដែលបានបញ្ជាក់ថា “ការចុះកិច្ចព្រមព្រៀងនេះនឹងធ្វើឡើងនៅសណ្ឋាគារឡឺរ៉ូយ៉ាល់នាព្រឹកថ្ងៃទី២២ វិច្ឆិកានេះ ហើយការចាប់ផ្តើមសាងសង់អាគារនេះនឹងចាប់ផ្តើមឆាប់ៗនេះហើយ។

ក្រុមហ៊ុន YONWOO ដែលជាម្ចាស់អាគារនេះ បានផ្ញើរលិខិតមកកាន់ក្រសួងកាលពីខែសីហា និងសុំរយៈពេល៦ខែបន្ទាប់ នឹងធ្វើការសាងសង់អាគារនេះឡើងវិញ ហើយបើគិតពីខែសីហា មករយៈពេល៦ខែខាងមុខ អាគារនេះអាចនឹងសាងសង់ឡើងវិញនៅដើមឆ្នាំក្រោយ។

អាគារ Gold Tower 42 គ្រោងសាងសង់ ដោយចំណាយប្រាក់២៤០លានដុល្លារអាមេរិក និងសាងសង់ដោយក្រុមហ៊ុន Hanil Construction ដែលមានមូល ដ្ឋាននៅប្រទេសកូរ៉េ។

អ្នកជំនាញអចលនទ្រព្យនានាសុទ្ឋតែស្វាគមន៍ និងមានសុទិដ្ឋិនិយមពីភាពជោគជ័យរបស់អាគារនេះ ប្រសិនជាបញ្ចប់ការសាងសង់នៅពេលខាងមុខ។

លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ប្រសិនជាអាគារ Gold Tower 42 សាងសង់ឡើងវិញ គម្រោងនេះនឹងទទួលបានជោគជ័យ ព្រោះគំរោងនេះស្ថិតនៅចំទីតាំងលេខ១សម្រាប់ក្រុងភ្នំពេញ ដោយសារវាជាប់ផ្លូវធំទាំងអស់ និងជាតំបន់ពាណិជ្ជកម្មដ៏ល្អ។

លោកបន្តថា “ទោះជាយ៉ាងណាក្រុមហ៊ុនអភិវឌ្ឍន៍អាគារនេះ ត្រូវធ្វើឲ្យមានទំនុកចិត្តសិន មុននឹងប្រកាសលក់ ដោយសារគំរោងនេះហាក់បាត់ទំនុកចិត្តរួចទៅហើយ។

អាគារនេះបានផ្អាកការសាងសង់ នៅកំឡុងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាកលកាលពីឆ្នាំ២០០៨ និងបានសាងសង់ឡើងវិញនៅកំឡុងឆ្នាំ២០១០ ដែលធ្វើឲ្យអាគារនេះសាងសង់សម្រេចបាន៣២ជាន់ ហើយបានផ្អាកការសាងសង់ឡើងវិញរហូតមកទល់ពេលនេះ៕

 

ប្រភព៖ businessnews

Leave a Reply