ក្រុមហ៊ុន​អាកាសចរណ៍​​ចិន​ នឹងបើក​សាលា​​ជំនាញ​បើក​យន្តហោះ​នៅ​កម្ពុជា
Posted On : កញ្ញា, 14, 2016 | By សំឡេងទីក្រុង

ប្រភព៖ khmertimeskh

ក្រុមហ៊ុនអាកាសចរណ៍Spring Airline ជាក្រុមហ៊ុនអាកាសចរណ៍មានតម្លៃទាបរបស់ប្រទេសចិនដែលមានមូលដ្ឋាននៅទីក្រុងស៊ាងហៃប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍បើកការិយាល័យក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ ព្រមទាំងសាលាបណ្តុះបណ្តាលជំនាញបើកយន្តហោះនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

លោក ស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines and Tour Group បានជួបជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកាលពីសបា្តហ៍មុនហើយបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការបើកការិយាល័យតំណាងក្រុមហ៊ុនអាកាសចរណ៍ Spring Airline និងក្រុមហ៊ុនទេសចរណ៍ ព្រមទាំងសាលាបណ្តុះបណ្តាលអ្នកបើកបរយន្តហោះ នៅកម្ពុជា។

លោក វត្ថា បន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines នាពេលបច្ចុប្បន្នធ្វើការហោះហើរមកកម្ពុជា ជាលក្ខណៈជួលជារៀងរាល់ថ្ងៃ ប៉ុន្តែថ្មីៗនេះក្រុមហ៊ុនអាកាសចរណ៍មានបំណងបើកការិយាល័យ និងក្រុមហ៊ុនទេសចរណ៍ ព្រមទាំងបើកសាលាបណ្តុះបណ្តាលផ្នែកបើកបរយន្តហោះនៅកម្ពុជា តែម្តង។
លោក វត្ថា ថា៖ «វាគ្រាន់តែជាសំណើ ប៉ុន្តែមិនមានអ្វីជាក់លាក់នោះទេ មានក្រុមហ៊ុនជាច្រើនចង់បើកសាលាបណ្តុះបណ្តាលផ្នែកបើកបរយន្តហោះ ប៉ុន្តែមួយរយៈពេលក្រោយក៏ស្ងាត់ទៅវិញ ខ្ញុំគិតថា ក្រុមហ៊ុនអាកាសចរណ៍ Spring Airlines អាចធ្វើនូវអ្វីដែលពួកគេបានជជែក និងស្នើមកកាន់យើង ពីព្រោះគេក៏បានជួបជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសបា្តហ៍មុនផងដែរ ពួកគេមានគោលដៅច្បាស់លាស់ ដូច្នេះខ្ញុំគិតថា យើងអាចជឿទុកចិត្តគាត់បាន ហើយយើងនឹងគាំទ្រគាត់»។

គូរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ លោក Wang Zhenghua ប្រធានក្រុមហ៊ុន Spring Airlines and Tour Group បានជួបសម្ដែងការគួរសមជាមួយនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលនៅឯទីក្រុង ណាននីង ខេត្តក្វាងស៊ី ប្រទេសចិន។ លោក Wang Zhenghua បានបង្ហាញពីគម្រោងបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ជាពិសេសទៅលើជំនាញបើកយន្តហោះ ហើយក្រុមហ៊ុនរបស់លោកក៏មានបំណងបើកការហោះហើរពីទីក្រុងស៊ាងហៃ មកខេត្តសៀមរាប និងពីទីក្រុងក្វាងចូវ មកខេត្តសៀមរាប ផងដែរ។

លោក សិរីវត្ថា ថា កម្ពុជា ស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមក្នុងការបើកការិយាល័យតំណាង និងក្រុមហ៊ុនទេសចរណ៍ក៏ដូចជាសាលាបណ្តុះបណ្តាលជំនាញបើកយន្តហោះនេះ ប៉ុន្តែក្រុមហ៊ុនត្រូវតែអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិរបស់ប្រទេសកម្ពុជា។

លោក វត្ថា បញ្ជាក់ថា៖ «យើងនឹងជួយពួកគេបើសិនជាពួកគេធ្វើតាមច្បាប់ និងបទប្បញ្ញត្តិកម្ពុជា»។
លោក វុត្ថា បញ្ជាក់ថា កម្ពុជា មិនទាន់មានសាលាបណ្តុះបណ្តាលជំនាញបើកយន្តហោះទេ ដូច្នេះបើសិនជាក្រុមហ៊ុន Spring Airline ចង់បើកសាលាបណ្តុះបណ្តាលមែនវាពិតជាល្អណាស់។

លោកថា៖ «យើងកំពុងខ្វះអ្នកបើកយន្តហោះជាជនជាតិកម្ពុជា ខណៈពេលបច្ចុប្បន្នអ្នកបើកបរយន្តហោះត្រូវបានបណ្តុះបណ្តាលដោយក្រុមហ៊ុនឯកជនហើយជួនកាលសិស្សមួយចំនួនចំណាយលុយទៅរៀនខ្លួនឯង ឬក៏ក្រុមហ៊ុនមួយចំនួនជ្រើសរើសដើម្បីយកទៅបណ្តុះបណ្តាលពីជំនាញបើកបរយន្តហោះនេះ ហើយបន្ទាប់មកបម្រើការនៅក្នុងក្រុមហ៊ុនរបស់ពួកគេ»។

លោកបន្តថា៖ «កម្ពុជា មានអ្នកបើកបរយន្តហោះតិចតួចណាស់ ហើយភាគច្រើនពួកគាត់ចាស់ៗអស់ហើយ ដោយឡែកនាពេលថ្មីៗនេះក្រុមហ៊ុនកម្ពុជា អង្គរ អ៊ែរ បានជ្រើសរើសនិស្សិតចំនួន ៤នាក់ដែលកំពុងបណ្តុះបណ្តាលនៅប្រទេសវៀតណាម។

លោក ធួន ស៊ីណាន ប្រធានសមាគម PATA Cambodia Chapter បានឲ្យដឹងថា វាជារឿងល្អបើសិនជាក្រុមហ៊ុនអាកាសចរណ៍ Spring Airlines បើកការិយាល័យតំណាងនៅកម្ពុជា ពីព្រោះវាអាចផ្តល់ជម្រើសដល់អ្នកធ្វើដំណើររួមទាំងកញ្ចប់ធ្វើដំណើរ និងតម្លៃសំបុត្រយន្តហោះមានការប្រកួតប្រជែង និងទាប។ លោកថា កម្ពុជា ត្រូវការជើងហោះហើរជាច្រើនទៀតមកកាន់កម្ពុជា។

លោកថា៖ «កម្ពុជា ចង់បានក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗទៀត និងក្រុមហ៊ុនវិនិយោគផ្សេងៗទៀតក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៅកម្ពុជា»។
ដោយឡែក ហូ វណ្ឌី ប្រធានសម្ព័ន្ធទេសចរណ៍កម្ពុជា និងជាប្រធានក្រុមហ៊ុន World Travel & Express Tour បានឲ្យដឹងថា វាជាការល្អដែលមានការហោះហើរបន្ថែមទៀតពីប្រទេសចិន មកកម្ពុជា ខណៈពេលឥឡូវមានលំហូរភ្ញៀវទេសចរចិន ជាច្រើនមកកាន់កម្ពុជា ហើយមួយទៀតវាជាការវិនិយោគរបស់ចិន ក្នុងការទាក់ទាញភ្ញៀវទេសចររបស់ពួកគេផងដែរ៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!