ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌូណេស៊ី នឹង​ហោះហើរ​ត្រង់​មក​កាន់​ភ្នំពេញ
Posted On : សីហា, 24, 2016 | By សំឡេងទីក្រុង

ប្រភព៖ khmertime

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី Garuda កំពុងពិចារណាចាប់ផ្ដើមការហោះហើរត្រង់ពីទីក្រុងហ្សាកាតា មកកាន់ទីក្រុងភ្នំពេញ ដើម្បីសម្រួលដល់វិស័យទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសដែលជាសមាជិកអាស៊ាន ទាំងពីរនេះ។


លោក Pitono Purnomo ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំកម្ពុជា បានឲ្យដឹងកាលពីថ្មីៗនេះថា លោកបានជួបពិភាក្សាជាមួយក្រុមហ៊ុនអាកាសចរណ៍នេះ ហើយពួកគេឆ្លើយតបថា ពួកគេកំពុងសិក្សាសក្ដានុពលទីផ្សារ ដើម្បីចាប់ផ្តើមការហោះហើរត្រង់មកកាន់កម្ពុជា។
លោក Pitono ថ្លែងថា៖ «កាលពីខែមុន ខ្ញុំបានជួបនាយកប្រតិបត្តិក្រុមហ៊ុន Garuda ឥណ្ឌូណេស៊ី ហើយនាយកប្រតិបត្តិក្រុមហ៊ុន បានប្រាប់ខ្ញុំថា ពួកគេនឹងពិចារណា ហើយពួកគេនឹងសិក្សាពីការហោះហើរនៅទីនេះ ជាថ្មីម្តងទៀត»។
លោកថា ការហោះហើរត្រង់នេះនឹងធ្វើឲ្យមានភាពងាយស្រួល និងកាត់បន្ថយពេលវេលាច្រើននៅលើជើងហោះហើរដែលបច្ចុប្បន្នការហោះហើរត្រូវឆ្លងកាត់ទីក្រុងបាងកក ប្រទេសថៃ ឬប្រទេសសិង្ហបុរី ឬកូឡាឡាំពួរ ហើយត្រូវចំណាយពេលពី ៦ ទៅ ៧ ម៉ោងក្នុងពេលដែលការហោះហើរត្រង់ចំណាយថេរវេលាជុំវិញ ២ ម៉ោង កន្លះប៉ុណ្ណោះ។
លោកបានថ្លែងថា៖ «ការរំពឹងទុកលើការហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងទីក្រុងហ្សាកាតា គឺត្រូវចំណាយពេល ២ម៉ោង កន្លះប៉ុណ្ណោះ មិនយូរទេ។ ឥឡូវនេះ យើងត្រូវសុំចតនៅប្រទេសសិង្ហបុរី និងកូឡាឡាំពួរ ត្រូវការប្រហែល ៦ ទៅ៧ម៉ោង មុននឹងមកដល់កម្ពុជា។ ប្រសិនយើងមានជើងហោះហើរត្រង់ វាចំណាយពេលត្រឹម ២ម៉ោងកន្លះ។ ដូច្នេះខ្ញុំកំពុងតែព្យាយាមជំរុញក្រុមហ៊ុនអាកាសចរណ៍របស់យើង។ ប៉ុន្តែជាការពិតណាស់ យើងត្រូវតែស្វាគមន៍ ក្រុមហ៊ុនអាកាសចរណ៍ពីប្រទេសកម្ពុជា ទៅកាន់ទីក្រុងហ្សាកាតា ដោយសារតែយើងមានអនុស្សរណៈយោគយល់គ្នារួចហើយ»។

លោក ស៊ីន ចាន់សេរីវុដ្ឋា អ្នកនាំពាក្យលេខាធិការដ្ឋានអាកាសចរណ៍កម្ពុជា បានឲ្យដឹងកាលពីម្សិលមិញថា ពេលវេលាដែលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើការហោះហើរជាយូរមកហើយ ហើយរង់ចាំតែក្រុមហ៊ុនអាកាសចរណ៍ចាប់ផ្តើមធ្វើការហោះហើរទេ។

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!