20141224_12

ក្រុមហ៊ុន​សិង្ហបុរី​ដក​ចេញ​ពី​គម្រោង​នៅ​បឹងកក់

ដោយ ភ្នំពេញប៉ុស្ដិ៍ ថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០១៤

ភ្នំពេញៈ ក្រុមហ៊ុន​ស៊ូកាគូអ៊ីន បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍ HLH របស់​សិង្ហបុរី បាន​ដើរ​ចេញ​ពី​គម្រោង​ដែល​មាន​ទឹកប្រាក់​ ១៤,៩​ លាន​ដុល្លារ​លើ​ផ្ទៃដី​ ១,៣​ ហិកតា​ដ៏ចម្រូងចម្រាស​នៃ​តំបន់​បឹងកក់​។

HLH ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចុះ​បញ្ជី​នៅ​ប្រទេស​សិង្ហបុរី​ដែល​បាន​ចូល​ក្នុង​ កិច្ចព្រមព្រៀង​ទិញ​ដី​ ១,៣ ​ហិកតា​នៅ​បឹងកក់ បាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នោះ​ហើយ​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន​។

កិច្ចព្រមព្រៀង​មាន​តម្លៃ​ ១៤,៩ ​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​ក្រុមហ៊ុន HLH និង​ក្រុមហ៊ុន​អភិវឌ្ឍន៍ ស៊ូកាគូអ៊ីន កាលពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ដើម្បី​ទិញ​ដី​នៅ​បឹងកក់​ជា​កន្លែង​មាន​ជម្លោះ​ដ៏ចម្រូងចម្រាស​ក្នុង​បំណង​ អភិវឌ្ឍ​តំបន់​នេះ​ទៅ​ជា​តំបន់​ពាណិជ្ជកម្ម និង​ផ្សារទំនើប​។ ប៉ុន្តែ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ​បានពី​ក្រុមហ៊ុន HLH បង្ហាញ​ទៅ​ផ្សារហ៊ុន​ប្រទេស​ សិង្ហបុរី​ថា កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ដក​ចេញ​ហើយ​។

សេចក្ដី​ប្រកាស​ឲ្យ​ដឹង​ដោយ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ថា​៖ «​ក្រុមប្រឹក្សា​នេះ​ចង់​ប្រកាស​ថា អ្នក​លក់ និង​អ្នក​ទិញ​បាន​យល់ព្រម​ទៅវិញ​ទៅមក និង​សម្រេច​បាន​ការ​បញ្ចប់​កិច្ចព្រមព្រៀង​កាលពី​ថ្ងៃ​ទី​ ១៦ ខែ​ធ្នូ ឆ្នាំ​២០១៤ ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​លក់ និង​ទិញ ដោយសារ​តែ​ហេតុផល​ពាណិជ្ជកម្ម ដែល​បញ្ជាក់​ច្បាស់​ដោយ​គ្មាន​ការ​ទទួល​ខុសត្រូវ​ឬ​ការ​រំលោភបំពាន​របស់​ ភាគី​ទាំង​ពីរ​ឡើយ​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ឲ្យ​ដឹង​ថា ប្រាក់កក់​ចំនួន​១,៤៦​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​សង​ទៅ​ឲ្យ​ក្រុមហ៊ុន HLH វិញ​។

ក្រុមហ៊ុន HLH មិន​បាន​ឆ្លើយតប​នឹង​ការ​ស្នើ​ធ្វើ​អត្ថាធិប្បាយ​ទេ ប៉ុន្តែ​លោក Johnny Ong Bee Huat អនុប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​កាលពី​ខែ​មុន​បាន​ថ្លែង​ថា ក្រុមហ៊ុន​ចាំបាច់​ត្រូវ​បញ្ចប់​នីតិវិធី​ត្រួតពិនិត្យ​ឲ្យ​បាន​ល្អិតល្អន់​ មុន​ពេល​កិច្ចព្រមព្រៀង​នេះ​អាច​ត្រូវ​បាន​បញ្ចប់​។

ក្រុមហ៊ុន ស៊ូកាគូអ៊ីន របស់​លោក ឡាវ ម៉េងឃីន សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សម្បទាន​ជួល​រយៈពេល​ ៩៩ ​ឆ្នាំ​លើ​ផ្ទៃដី​ជាង ​១០០ ​ហិកតា​នៅក្នុង​តំបន់​នេះ​កាលពី​ឆ្នាំ ​២០០៧​។ បច្ចុប្បន្ន​ បឹងកក់​ត្រូវ​បាន​ចាក់​បំពេញ​ដោយ​ខ្សាច់​ទាំង​ស្រុង​។

តំបន់​បឹងកក់​បាន​ក្លាយ​ជា​កន្លែង​តវ៉ា​ប្រឆាំង​អស់​រយៈពេល​រាប់​ឆ្នាំ ដោយ​មាន​ប្រជាជន ២០ ០០០​ នាក់​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ចាកចេញ​ពី​លំនៅឋាន​។

ស្ដ្រី​បឹងកក់​៧​នាក់​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់គុក​រយៈពេល​១​ឆ្នាំ​ បន្ទាប់ពី​ពួកគេ​ធ្វើការ​តវ៉ា​បិទ​ផ្លូវ​ កាលពី​ខែ​មុន​ ប្រឆាំង​ការ​លិច​លំនៅឋាន​របស់​ពួកគេ​ជា​ប្រចាំ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត ​កន្លែង​អភិវឌ្ឍ​នេះ​។

កាលពី​ខែ ​សីហា ​អ្នក​តវ៉ា​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​សិង្ហបុរី​ប្រឆាំង​នឹង​ការ​ទិញ​ដី​បឹងកក់​របស់​ក្រុមហ៊ុន HLH​។

កាលពី​ម្សិលមិញ​ លោក ចាន់ ពុទ្ធិស័ក្ដ តំណាង​អ្នក​បឹងកក់ បាន​អបអរសាទរ​ដល់​ក្រុមហ៊ុន HLH ដែល​បាន​សម្រេចចិត្ត​ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​ការ​ទិញ​ដី​នេះ ។

លោក​លើក​ឡើង​ថា​៖ «​ក្រុមហ៊ុន HLH ប្រហែល​មិន​ដឹង​ថា ក្រុមហ៊ុន​ស៊ូកាគូ អ៊ីន​មិន​អាច​លក់​ដី​នេះ​បាន​ទេ​មុន​ពេល​ពួកគេ​បាន​ចូល​ក្នុង​ កិច្ចព្រមព្រៀង​ទិញ​ដី​នេះ ប៉ុន្តែ​បន្ទាប់ពី​ការ​ធ្វើ​បាតុកម្ម នៅពេល​នេះ​ពួកគេ​បាន​ដឹង ហើយ​ពួកគេ​បាន​បញ្ចប់​វា​»។

លោក​បន្ត​ថា​៖ «​វា​បង្ហាញ​ថា​ពួកគេ​មាន​ការ​ទទួល​ខុសត្រូវ មាន​តម្លាភាព ហើយ​ជា​ក្រុមហ៊ុន​មួយ​គោរព​តាម​ស្ដង់ដារ​អន្តរជាតិ​»។

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បាន​យល់ព្រម ​កាលពី​ឆ្នាំ ​២០១១ កាត់ដី​ ១២,៤៤ ​ហិកតា​នៃ​ដី​សម្បទាន​របស់​ក្រុមហ៊ុន​ឲ្យ​អ្នក​ត្រូវ​គេ​បណ្ដេញ​ចេញ ប៉ុន្តែ​នៅ​មាន​គ្រួសារ​ជាច្រើន​ទៀត​កំពុង​រង់ចាំ​ការ​ផ្ដល់​កម្មសិទ្ធិ​ កាន់កាប់​ដី​ពី​អាជ្ញាធរ។

លោក​ពុទ្ធិស័ក្ដ​បន្ថែម​ថា​៖ «​យើង​មិន​ហាមឃាត់​រាល់​ការ​វិនិយោគ​នៅ​លើ​ទីតាំង​នេះ​ទេ យើង​គ្រាន់តែ​ស្នើសុំ​តម្លាភាព​ពី​ការ​អភិវឌ្ឍ​ប៉ុណ្ណោះ។ រាល់​កិច្ចព្រមព្រៀង គួរ​តែ​ត្រូវ​បញ្ឈប់​ជា​បណ្ដោះអាសន្ន​រហូត​មាន​ដំណោះស្រាយ​សម្រាប់​អ្នកភូមិ ​បឹងកក់​សិន​»​។

ការ​ដក​ខ្លួន​ចេញ​របស់ HLH ធ្វើ​ឡើង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍ បន្ទាប់ពី​ក្រុមហ៊ុន​ស៊ូកាគូ បាន​ប្រកាស​ថា ក្រុមហ៊ុន​នេះ​កំពុង​បង្កើន​ការ​អភិវឌ្ឍ​នៅ​តំបន់​បឹងកក់ ជាមួយ​នឹង​ផែនការ​សម្រាប់​គម្រោង​មជ្ឈមណ្ឌល​ទីក្រុង​ភ្នំពេញ​របស់​ពួកគេ «​ទីក្រុង​ធម្មជាតិ​» ដោយ​ដាក់​បញ្ចូល​សណ្ឋាគារ លំនៅឋាន មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ជាច្រើន​ទៀត​។

លោកស្រី Amu Pillay ប្រធាន​ផ្នែក​ទំនាក់ទំនង និង​ទំនាក់ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ ថ្ងៃ​ទី​២ ខែ​ធ្នូ​ថា​៖ «​មិន​មាន​បញ្ហា​ហិរញ្ញវត្ថុ​នោះ​ទេ ហើយ​គម្រោង​សំខាន់​កំពុង​ដំណើរការ​យ៉ាងល្អ និង​តាម​ការកំណត់​»​។

លោកស្រី​ថ្លែង​ថា​៖ «​ការងារ​សាងសង់​បណ្ដាញ​ប្រព័ន្ធ​បង្ហូរ​ទឹក​នឹង​ចាប់ផ្ដើម​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៤​។ កាងារ​បណ្ដាញ​ប្រព័ន្ធ​បង្ហូរ​ទឹក​ទាំង​មូល​ត្រូវ​រំពឹង​ថា​នឹង​បញ្ចប់​នៅ​ ឆ្នាំ​២០១៧​»​។

លោក​ទទួល​ស្គាល់​នៅពេល​នោះ​ថា​ក្រុមហ៊ុន​នេះ​អាច​មាន​ការ​គ្រប់គ្រង​ កាន់តែ​ល្អ​ប្រសើរ​លើ​នីតិវិធី​ទីតាំង​ថ្មី ប៉ុន្តែ​នៅពេល​នេះ​ក្រុមហ៊ុន​បាន​ផ្ដោត​លើ​អត្ថប្រយោជន៍​បាន​ពី​គម្រោង ដែល​រួមមាន​ការងារ និង​ឧទ្យាន​សម្រាប់​សហគមន៍​៕PB

About សំឡេងទីក្រុង

Urban Voice is a map-based visualisation of developments in the urban space that allows anyone to contribute. The citizens of Phnom Penh have many different interests, and Urban Voice is the place where these can be brought together. Urban Voice is a source of information, as well as a site for civic engagement. Check here for information on news, events, urban issues and many other developments that concern the city.

Leave a Reply