ក្រុមហ៊ុន​សឡា​ទារ​សំណង​ ជិត​៥​លាន​ដុល្លារ​ សម្រាប់​ការបញ្ចប់​កិច្ចសន្យា​វិនិយោគ​ ផ្លូវ​មុន​កំណត់​​
Posted On : June, 24, 2015 | By សំឡេងទីក្រុង

ប្រភព៖ VOD, ដោយ៖​ ទូច សុខា​ | ថ្ងៃពុធ ទី24 មិថុនា 2015, 06:15 PM​

សាលា​រាជធានី​ភ្នំពេញ​ឲ្យដឹងថា ក្រុមហ៊ុន​សឡា​អិន​វ៉េ​ស​មែន​គ្រុប បាន​ស្នើ​សុំ​ការ​ប៉ះប៉ូវ​ជា​ទឹកប្រាក់​៤,៨​លាន ដុល្លារ​សម្រាប់​ការបញ្ឈប់​កិច្ចសន្យា​មុន​ពេល​កំណត់​ក្នុង​ការ​យក​កម្រៃ​លើ ​ផ្លូវ​២០០៤ និង​ផ្លូវ​៣៧១ ។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉ង់ ឲ្យ​VOD​ដឹង​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ថា ក្រុមហ៊ុន​សឡា​អិន​វ៉េ​ស​មែន​គ្រុប​បាន​ធ្វើ​ការស្នើសុំ​បែបនេះ​នៅក្នុង​ កិច្ចប្រជុំ​ជាមួយ​សាលា​រាជធានី កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ។ ទោះយ៉ាងណា លោក​ថា សាលា​រាជធានី​មិន​ទាន់​យល់ព្រម​ទៅ​នឹង​សំណើ​នេះ​នៅឡើយ​ទេ ដោយ​លោក​ថា​សាលា​រាជធានី​ត្រូវ​ធ្វើ​ការពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជាមុនសិន ។

​លោក ឡុង ឌី​ម៉ង់ បន្តថា លោក​មិន​ទាន់​អាច​បញ្ជាក់បាន​ពី​កាលបរិច្ឆេទ​ក្នុង​ការឆ្លើយតប​ទៅ​ភាគី​ក្រុមហ៊ុន នៅឡើយ​ទេ ។

VOD មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ពី​ភាគី​ក្រុមហ៊ុន​សឡា​អិន​វ៉េ​ស​មែន​គ្រុប បាន​នៅឡើយ​ទេ​នៅ​រសៀល​នេះ ។

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០១៥ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការបញ្ឈប់​ កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​សឡា​អិន​វ៉េ​ស​មែន​គ្រុប ក្នុង​ការ​យ​កម្រៃ​សេវា​ពី​រថយន្ត​ដែល​ឆ្លងកាត់​ផ្លូវ​២០០៤ និង​ផ្លូវ​៣៧១ (​ផ្លូវ​សឡ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​) ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៥ ។ សាលា​រាជធានី​ភ្នំពេញ លើក​ហេតុផល​ថា សាលា​រាជធានី​ភ្នំពេញ​បាន​មើលឃើញ​ថា​ចរាចរណ៍​នៅលើ​ផ្លូវ​ទាំង​ពីរ​នេះ​មាន សភាព​មមាញឹក និង​ជា​ពិសេស​ផ្លូវ​២០០៤ ជា​ផ្លូវ​មួយ​ដែល​អាច​ជួយ​រំលែក​លំហូរ​ចរចា​រណ៍​ពី​ផ្លូវ​សហព័ន្ធ​រុស្សី ទើប​សាលា​រាជធានី​ភ្នំពេញ​បាន​សុំ​គោល​ការ​ទៅ​រដ្ឋាភិបាល​ឲ្យ​បញ្ចប់ កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​សឡា​អិន​វ៉េ​ស​មែន​គ្រុប និង​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដោយ​ឥត​បង់ថ្លៃ ៕

Urban Voice Cambodia

Urban Voice Cambodia