1483495046

ក្រុមហ៊ុន​ចិន​នឹង​វិនិយោគ​មជ្ឈមណ្ឌល​ផ្គត់ផ្គង់​គ្រឿង​សំណង់​នៅ​ភ្នំពេញ

ក្រុមហ៊ុនរបស់ប្រទេសចិនដែលមានឈ្មោះថា YunnanSengmaoInvestment បានវិនិយោគទឹកប្រាក់ចំនួនប្រហែលជា៦០លានដុល្លារសហរដ្ឋអាមេរិកដើម្បីធ្វើការសាងសង់មជ្ឈមណ្ឌលផ្គត់ផ្គង់សំភារៈសំណង់ដែលមានទីតាំងស្ថិតនៅជាយរាជធានីភ្នំពេញបន្ទាប់ពីឈានដល់កិច្ចព្រមព្រៀងជួលដីពីកំពង់ផែស្វយ័តភ្នំពេញ (PPAP) កាលពីថ្ងៃសុក្រសប្តាហ៍មុន។

មជ្ឈមណ្ឌលនេះនឹងលាតសន្ធឹងលើផ្ទៃដីទំហំ ៩,៣ ហិកតា មានទីតាំងស្ថិតនៅក្នុងខណ្ឌប្ញស្សីកែវដើម្បីផ្គត់ផ្គង់សម្ភារៈសំណង់នាំចូលគ្រប់ប្រភេទពីពិភពលោកក្នុងការឆ្លើយតបទៅនឹងកំណើនឡើងនៃតម្រូវការរបស់ឧស្សាហកម្មមួយនេះនៅកម្ពុជានាពេលបច្ចុប្បន្ន។

លោក ហ៊ី បាវី អគ្គនាយកកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) កាលពីម្សិលមិញបានប្រាប់កាសែត ខ្មែរថាមស៍ ឲ្យដឹងថា កិច្ចព្រមព្រៀងនេះគឺជាអាជីវកម្មថ្មីរបស់ក្រុមហ៊ុនចិនក្នុងកំពង់ផែរបស់លោកក្នុងការស្វែងរកប្រាក់ចំណេញកាន់តែច្រើនបន្ថែមទៀតក្រៅពីសេវាកំពង់ផែនេះ។

លោកបានបន្តឲ្យដឹងទៀតថា ទន្ទឹមនឹងនេះដែរវិស័យសំណង់នៅកម្ពុជាកំពុងរីកចម្រើន និងមានកំណើនយ៉ាងខ្លាំងក្នុងទសវត្សចុងក្រោយនេះ។ មជ្ឈមណ្ឌលនេះនឹងបម្រើក្នុងការផ្គត់ផ្គង់សម្ភារៈសំណង់ល្អបំផុតដល់អតិថិជនដែលចង់បានផលិតផលគ្រប់ប្រភេទដែលមានគុណភាពល្អ និងទទួលស្គាល់ជាសកល។

«យើងបានឈានដល់កិច្ចព្រមព្រៀងជួលដីរយៈពេលវែងដែលមានរយៈពេល ៤០ ឆ្នាំ [២០១៦-២០៥៦] ជាមួយ និងក្រុមហ៊ុនចិនកាលពីចុងឆ្នាំមុនខណៈពួកគេនឹងធ្វើការវិនិយោគជាមួយនឹងទំហំទឹកប្រាក់ចន្លោះពី ៥០ ទៅ ៦០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីធ្វើការសាងសង់មជ្ឈមណ្ឌលផ្គត់ផ្គង់សំភារៈសំណង់ដែលពួកគេបានសង្កេតឃើញអំពីការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងតម្រូវការដ៏ធំនៅក្នុងវិស័យសំណង់ក្នុងប្រទេសរបស់យើង។ ជាមួយគ្នានេះដែរ ពួកគេបានមើលឃើញថា យើងមានឱកាសដ៏ធំមួយក្នុងការរីកលូតលាស់។

លោកថា៖ «កិច្ចព្រមព្រៀងនេះមានមូលដ្ឋានជាគម្រោង កសាង ប្រតិបត្តិ និងផ្ទេរ (BOT) មានន័យថា នៅពេលដែលពួកគេបញ្ចប់កិច្ចសន្យា ពួកគេនឹងផ្ទេរភាពជាម្ចាស់នៃអគារនេះមកកាន់យើងហើយប្រសិនបើពួកគេចង់បន្តកិច្ចសន្យានោះ យើងនឹងរីករាយក្នុងការធ្វើការជាមួយពួកគេ។»

លោកបន្តថា៖ «ខ្ញុំគិតថា ពួកគេនឹងចាប់ផ្តើមការសាងសង់មជ្ឈមណ្ឌលមួយនេះក្នុងពេលឆាប់ៗខាងមុខខណះដែលយើងទទួលបានការអនុម័តពីរាជរដ្ឋាភិបាលរួចហើយ ហើយយើងនឹងបង្កើតជាគណៈកម្មការចម្រុះដើម្បីបន្តការងារនេះ។»

លើសពីនេះទៀត លោកបានបន្ថែមឲ្យដឹងថា មជ្ឈមណ្ឌលនេះនឹងមានស្តង់លក់ផលិតផលសំណង់ប្រមាណជា ៥០០ ទៅ ៧០០ កន្លែង នាំចូលពីបណ្តាប្រទេសជុំវិញពិភពលោកដើម្បីបំពេញតម្រូវការនៅទីនេះខណះដែលក្រុមហ៊ុននេះទទួលបានបទពិសោធយ៉ាងច្រើននៅក្នុងអាជីវកម្មមួយនេះស្របពេលដែលពួកគេមានស្តង់ជាង ២០០០ កន្លែង នៅក្នុងប្រទេសចិន ។

លោកបានបន្ថែមឲ្យដឹងថា «នៅពេលដែលគម្រោងនេះស្ថិតនៅលើអនឡាញ យើងរំពឹងយ៉ាងមុតមាំថា ពួកគេនឹងមានកុងតឺន័រយ៉ាងតិចណាស់ចំនួន ២០០០០០ កុងតឺន័រដែលត្រូវតាមខ្នាតស្តង់ដារកុងតឺន័រអន្តរជាតិ TEU មានប្រវែងរហូតដល់ ២០ ហ្វីត (ជាង ៦ ម៉ែត្រ) ដោយប្រើប្រាស់កំពង់ផែរបស់យើងក្នុងមួយឆ្នាំ។ដូច្នេះ វាគឺជាការដ៏ល្អសម្រាប់អាជីវកម្មរបស់យើងក្រៅពីតម្លៃជួលែលយើងទទួលបាន។ នេះគឺជាការអាជីវកម្មថ្មីសម្រាប់យើងនិងឆន្ទៈដើម្បីទាក់ទាញវិនិយោគិនកាន់តែច្រើនដើម្បីទិញភាគហ៊ុនរបស់យើងនៅក្នុងទីផ្សារភាគហ៊ុននេះផងដែរ។»

យោងតាមទិន្នន័យពីក្រសួងនគរូបនីយកម្មនិងសំណង់បានបញ្ជាក់ឲ្យដឹងផងដែរថាការវិនិយោគសរុបនៅក្នុងការសាងសង់នេះមានតម្លៃប្រមាណជា ៨,២ ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅក្នុងរយៈពេល១១ ខែដំបូងកាលពីឆ្នាំមុនដែលជាកំណើនយ៉ាងខ្លាំងប្រហែល ១៧៨ ភាគរយ ។

លោក ឡៅ ទិព្វសីហា អគ្គនាយករងនៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលត្រូវបានដកស្រង់សម្តីនៅក្នុងរបាយការណ៍កាលពីពេលកន្លងទៅនេះឲ្យដឹងថាគិតត្រឹមខែធ្នូឆ្នាំមុនទុនវិនិយោគក្នុងវិស័យនេះបានកើនដល់ប្រហែល ២,៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែឆ្នាំនេះ ការវិនិយោគបានកើនឡើង ដល់ ៨,២ ពាន់លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងទំហំសំណង់សរុបចំនួន ១៤ លានម៉ែត្រការ៉េ។

លោកថា ការសាងសង់ដែលត្រូវបានចុះបញ្ជីដោយអាជ្ញាធរខេត្តនេះភាគច្រើនគឺជាអគារពាណិជ្ជកម្មធំៗអគារការិយាល័យ ផ្សារទំនើប អគារខុនដូ អគារស្នាក់នៅ រោងចក្រ និងសហគ្រាស ៕

ប្រភព៖ khmertimeskh.com

Leave a Reply