ក្រុមហ៊ុន​ចិន​គ្រោង​បោះ​ទុន ១០០ លាន​ដុល្លារ​សាងសង់​ស្ពាន​អាកាស
Posted On : កុម្ភៈ, 9, 2015 | By សំឡេងទីក្រុង

ប្រភព៖​ www.PostKhmer.com, Sat, 7 February 2015,

ក្រុមហ៊ុន ​ចិន​មួយ​គ្រោង​នឹង​បោះទុន​វិនិយោគ ១០០ លាន​ដុល្លារ​អាមេរិក សម្រាប់​សាង​សង់​ផ្លូវ​អាកាស​ប្រវែង​វែង (ប្រភេទ BOT) មួយ​ខ្សែ​ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​មក​កាន់​ចំណុច​កណ្តាល​នៃ​រាជធានី​ភ្នំពេញ។

លោក ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់ ប៉ុស្តិ៍ អចលន​ទ្រព្យ​ថា លោក Liu Yong នាយក​ក្រុមហ៊ុន Henan Provincial Communications planning, Survey & Design Institute Co,Ltd ដែល​ជា​ក្រុម​ហ៊ុន​មាន​មូលដ្ឋាន​នៅ​ប្រទេស​ចិន កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ធ្វើ​បទ​បង្ហាញ​មួយ​ដល់​ថ្នាក់​ដឹក​នាំ​សាលា​ រាជធានី​ភ្នំពេញ ស្តីពី​គម្រោង​វិនិយោគ​សាងសង់​ស្ពាន​អាកាស​មួយ (Express Way) ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ចំណុច​កណ្តាល​នៃ​រាជធានី​ភ្នំពេញ។

លោក​បាន​ថ្លែង​ថា៖ «ជា​គោល​ការណ៍​សាលា​រាជធានី​ភ្នំពេញ មិន​ទាន់​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ គឺ​ទុក​ឲ្យ​ក្រុមហ៊ុន ធ្វើ​ការ​សិក្សា​លម្អិត​ជា​មុន​សិន»។

លោក Liu Yong នាយក​ក្រុមហ៊ុន Henan Provincial Communications planning, Survey & Design Institute Co,Ltd បាន​ប្រាប់​លោក​អភិបាល​រង​រាជធានី​ភ្នំពេញ លោក អៀង អូននី និង​លោក ត្រាក់ ថៃសៀង ក្នុង​ជំនួប​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា គម្រោង​សាងសង់​ស្ពាន​អាកាស​ខាង​លើ​មាន​ជម្រើស​ចំនួន​ពីរ គឺ​ខ្សែ ទី១ អាច​សាងសង់​ចេញ​ពី​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ កាត់​តាម​បណ្តោយ​ផ្លូវ​ដែក​មក​ចំណុច​មុខ​សក្យមុនីចេតិយ និង ទី២ អាច​ចេញ​ពី​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ចេញ​តាម​ច្រក​វត្ត​តាំង​ក្រសាំង កាត់​មក​ផ្លូវ ម៉ុង ឬទ្ធី ត្រង់​តាម​ទំនប់​ទួលគោក​ឆ្ពោះ​មក​គល់​ស្ពាន​ជ្រោយ​ចង្វារ។

លោក​បាន​ ថ្លែង​ថា៖ «ជម្រើស ទី១ មាន​ប្រវែង​ជាង ១៤ គីឡូម៉ែត្រ និង​ជម្រើស ទី២ មាន​ប្រវែង​ជាង ១៦ គីឡូម៉ែត្រ ដែល​គ្រោង​ចំណាយ​ថវិកា​សាង​សង់​រហូត​ដល់​ជាង ១០០ លាន​ដុល្លារ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ពី​ផល​ប៉ះពាល់​របស់​វា​នៅ​ឡើយ​ទេ»។

លោក អៀង អូននី បាន​លើក​ឡើង​ថា៖ «នេះ​ជា​គម្រោង​ដ៏​ប្រសើរ​ក្នុង​ការ​រួម​ចំណែក​កាត់​បន្ថយ​ការ​កក​ស្ទះ​ ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​មុន​នឹង​ស្ថាបនា​គេ​ចាំ​បាច់​ត្រូវ​សិក្សា​ឲ្យ​បាន​លម្អិត​ពី​ផល​ ប៉ះពាល់ ពីព្រោះ​ការ​ស្ថាបនា​ផ្លូវ​អាកាស​ខាង​លើ​នេះ​ត្រូវ​ចំណាយ​ថវិកា​ច្រើន»។

ទោះ ​យ៉ាង​ណា​ក៏​ដោយ​ថ្នាក់​ដឹក​នាំ​នៃ​សាលា​រាជធានី​ភ្នំពេញ មិន​ទាន់​បាន​សម្រេច​ជា​ផ្លូវ​ការ​ថា ត្រូវ​ជ្រើស​រើស​យក​ជម្រើស​ណា​មួយ​នៅ​ឡើយ​នោះ​ទេ ព្រោះ​ទាំង​ក្រុម​ហ៊ុន ទាំង​អាជ្ញាធរ​រាជធានី និង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ត្រូវ​រួម​គ្នា​សិក្សា​លម្អិត​ពី​ផល​ប៉ះពាល់​ជា​មុន​សិន។ បើ​សិក្សា​ចប់​ហើយ​រក​ឃើញ​ជម្រើស​ណា​មាន​ផល​ប៉ះពាល់​តិច វា​អាច​នឹង​ក្លាយ​ជា​ជម្រើស ទី១ សម្រាប់​ការ​ស្ថាបនា​ស្ពាន​អាកាស​នា​ពេល​ខាង​មុខ។

លោក​បណ្ឌិត វ៉ាន់ វ៉ាត អ្នក​ឯកទេស​រៀបចំ​ដែនដី ដែល​ជា​អនុ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយ​កម្ម និង​សំណង់ ខេត្ត​កណ្តាល បាន​ថ្លែង​ថា រាជធានី​ភ្នំពេញ បាន​រៀបចំ​ប្លង់​គោល​រួច​ហើយ ដូច្នេះ​បន្ទាប់​ពី​មាន​ផែនការ​រៀបចំ​ដែន​ដី​ថ្នាក់​ក្រុង​លម្អិត​ហើយ រដ្ឋាភិបាល​ត្រូវ​តែ​មាន​ផែនការ​ប្រើ​ប្រាស់​ដី​នៅ​តាម​សង្កាត់ និង​ខណ្ឌ​លម្អិត​បន្ថែម​ទៀត ព្រោះ​បើ​ចេះ​តែ​សាង​សង់​អ្វី​មួយ​ដោយ​គ្មាន​ការ​សិក្សា​ច្បាស់​លាស់​តាម​ ប្លង់​គោល និង​ការ​ប្រើ​ប្រាស់​ដីធ្លី​របស់​ក្រុង​ច្បាស់​លាស់​ទេ​នោះ វា​នឹង​ធ្វើ​ឲ្យ​បាត់បង់​សោភណភាព ព្រម​ទាំង​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​មាន​ភាព​ច្របូក​ច្របល់ និង​គ្មាន​ប្រសិទ្ធភាព​ទៀត​ផង។

លោក​ថ្លែង​ថា៖ «មុន​ពេល​សម្រេច​សាងសង់​ស្ពាន​បែប​នេះ រាជ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​ទៅ​លើ​ផល​ប៉ះពាល់​ពី​គម្រោង​នេះ​ធំធេង ឬ​អត់ ព្រោះ​បើ​ប៉ះពាល់​ដល់​លំនៅឋាន និង​អារម្មណ៍​ប្រជាជន​ច្រើន​ពេក​វា​មិន​ល្អ​នោះ​ទេ»។

លោក​បាន​បន្ត​ ថា៖ «ដូច្នេះ​ការ​អភិវឌ្ឍ​ទាល់​តែ​មាន​ផល​ប្រយោជន៍​ទាំង​ប្រជាជន ទាំង​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ទើប​ល្អ តែ​បើ​មាន​ផល​ប្រយោជន៍​តែ​ក្រុមហ៊ុន និង​រដ្ឋាភិបាល​តែ​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ការ​អភិវឌ្ឍ​នោះ​គ្មាន​ តម្លាភាព​នោះ​ទេ។ ការ​កសាង​ស្ពាន​អាកាស​វា​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​តែ ​ក៏​ត្រូវ​គិត​ពី​សោភណភាព និង​បរិស្ថាន​ផង​ដែរ»។

លោក​បណ្ឌិត វ៉ាន់ វ៉ាត បាន​បន្ត​ថា ការ​សាង​សង់​ស្ពាន​អាកាស​ប៉ុន្មាន​ក៏​ដោយ​ក៏​វា​មិន​អាច​ជួយ​សម្រួល​ការ​កក​ ស្ទះ​ចរាចរណ៍​ក្នុង​ទីក្រុង​បាន​អស់​នោះ​ទេ ព្រោះ​ការ​កក​ស្ទះ​ចរាចរណ៍​នាពេល​បច្ចុប្បន្ន គឺ​ដោយ​សារ​ប្រជា​ពលរដ្ឋ​មក​ប្រមូល​ផ្តុំ​គ្នា​តែ​នៅ​ទីក្រុង។ ដូច​នេះ​រដ្ឋាភិបាល​គួរ​ជំរុញ​ឲ្យ​អ្នក​វិនិយោគ​ទៅ​ធ្វើ​ការ​អភិវឌ្ឍ​នៅ​តាម ​ប៉ូល​សេដ្ឋកិច្ច​ទាំង ២៥ រាជធានី​ខេត្ត​ទូទាំង​ប្រទេស​ទើប​ជា​ការ​ប្រសើរ ដោយ​វា​នឹង​ជួយ​កាត់​បន្ថយ​លំហូរ​ប្រជា​ពលរដ្ឋ​ចូល​មក​កាន់​ទីក្រុង និង​រួម​ចំណែក​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ផង​ដែរ៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!