ក្រុមហ៊ុនអភិវឌ្ឍន៍ ING Holding ប្រើល្បិចបំពានដីប្រជាពលរដ្ឋ សង្កាត់ជើងឯក ខណ្ឌដង្កោ
Posted On : December, 21, 2015 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភពដោយ Fresh News ថ្ងៃទី19 ខែធ្នូ ឆ្នាំ២០១៥

ក្រុមហ៊ុនអភិវឌ្ឍន៍បឹងទំពុន ING Holding បានប្រើល្បិចបំពានលើដីប្រជាពលរដ្ឋ ដោយការកុហកប្រាប់ម្ចាស់ដីឲ្យ ចេញពីផ្ទះដើម្បី ទៅដោះស្រាយ នៅនឹងសាលាខណ្ឌ ប៉ុន្តែបែរជាលួចនាំកម្មករចូលមកចាក់លើដីទំនាស់ ដែលម្ចាស់មិនមានវត្តមាន។

ភាពមិនស្មោះត្រង់ក្នុងវប្បធម៌សន្ទនា ដើម្បីរកយុត្តិធម៌នេះ បានកើតឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥នេះ លើក្រុមគ្រួសារម្ចាស់ដីឈ្មោះ ចាន់ កុកស្រ៊ុន នៃភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលជាឪពុកលោក គឹម ទៀង បុគ្គលិក Apsara Net របស់ទូរទស្សន៍អប្សរា​ ដែលជាកម្មវិធីព័ត៌មានមួយដ៏ល្បី ដែលធ្លាប់បានជួយដល់ ប្រជាពលរដ្ឋជាច្រើន ប៉ុន្តែនៅពេលនេះត្រូវបានរងគ្រោះវិញហើយ។​ ភាពមិនស្មោះត្រង់ ក្នុងវប្បធម៌សន្ទនានេះហើយ បានធ្វើឲ្យកេរ្តិ៍ឈ្មោះក្រុមហ៊ុន ING Holding ដែលមានថ្នាក់ឧកញ៉ានៅពីក្រោយ ត្រូវគេឃើញថា បានរងឥទ្ធិពល សាបរលាប និងបាត់បង់ការជឿជាក់ពីប្រជាពលរដ្ឋ។

គួររំលឹកថា ក្រុមហ៊ុនអភិវឌ្ឍន៍បឹងទំពុន ING Holding បានធ្វើកិច្ចសន្យាមួយជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងផ្លូវថ្មីឈ្មោះ «មហាវិថីសម្តេចតេជោ» ដែលមានទទឹង៦០ម៉ែត្រ និងបណ្តោយប្រវែងជាង៩ គីឡូម៉ែត្រ ភ្ជាប់ពីផ្លូវលេខ២៧១ ក្បាលថ្នល់ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ ២ ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមអាជ្ញាធរក្រុមហ៊ុន គឺត្រូវដោះស្រាយ រាល់ការប៉ះពាល់នានាដែលពាក់ព័ន្ធ នឹងដីជាកម្មសិទ្ធិរស់នៅ របស់ប្រជាជន ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍន៍ បឹងទំពុន ING Holding មិនបានធ្វើតាមដូចបានសន្យាជាមួយនឹងរាជរដ្ឋាភិបាលឡើយ។ កាលពីម្សិលមិញក្រុមហ៊ុន បានបញ្ជាកម្មករឲ្យចូល បំពានលើដីនោះផងដែរ ប៉ុន្តែដោយសារភាពមុះមុត តបតរបស់ម្ចាស់ដី បានធ្វើឲ្យការប៉ុនប៉ងនោះបរាជ័យ។

តំណាងក្រុមហ៊ុនបានព្រមានថា គេនឹងបន្តធ្វើកិច្ចការចាក់ផ្លូវនេះ ដោយមិនរវល់នឹងការតវ៉ា ពីប្រជាជនជាម្ចាស់ដីនោះឡើយ។ នៅថ្ងៃទី១៨ ខែធ្នូនេះ ជាមួយនឹងការប្រើល្បិច ឲ្យម្ចាស់ដីចេញទៅក្រៅដោយនិយាយថា នឹងដោះស្រាយដីទំនាស់ នៅនឹងសាលាខណ្ឌដង្កោ ស្រាប់តែក្រុមហ៊ុនដែល មានឧកញ៉ាសម្បូរទ្រព្យនៅពីក្រោយ បានប្រើកម្លាំងកម្មករចាក់ដី រំលោភបំពានលើទ្រព្យសម្បត្តិ ក្រុមគ្រួសាររបស់លោក ចាន់ កុកស្រ៊ុន។

ការបង្កហេតុ ដោយក្រុមហ៊ុនអភិវឌ្ឍន៍បឹងទំពុន ING Holding ត្រូវម្ចាស់ដីបញ្ជាក់ថា នឹងធ្វើការតវ៉ាតាមផ្លូវច្បាប់បន្ថែមទៀត និងសង្ឃឹមលើការ ដោះស្រាយដ៏ត្រឹមត្រូវមួយផ្អែក តាមជំហរច្បាប់របស់សមត្ថកិច្ច និងអាជ្ញាធរ៕

Urban Voice Cambodia

Urban Voice Cambodia