ក្រុមយុវជនមួយក្រុមបានចូលរួមសម្អាតឆ្នេរសមុទ្រព្រះសីហនុ
Posted On : December, 26, 2016 | By Vantha

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី ១៧ ខែ ធ្នូ គឺជាថ្ងៃដំបូងដែលក្រុមយុវជនសំឡេងទីក្រុង បានធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ។ បន្ទាប់ពីរបានទៅដល់គោលដៅក្រុមយុវជនបានទៅរកកន្លែងដើម្បីសម្រាកនឹងងូតទឹកសម្អាតកាយរៀងៗខ្លួនដើម្បីចុះធ្វើយុទ្ធនាការរើសសម្រាមនៅតាមតំបន់ឆ្នេរសមុទ្រ ហើយបានធ្វើការផ្សព្វផ្យាយឲ្យប្រជាពលរដ្ឋបានយល់ដឹងអំពីការទុកដាក់សំរាមអោយបានត្រឹមត្រូវ  ជាមួយនឹងបដាដែលមានពាក្យស្លោក ដើម្បីឲ្យប្រជាពលរដ្ឋបានឃើញផងដែរ។

ក្នុងយុទ្ធនាការរើសសម្រាមនោះ ក៏មានការចាប់អារម្មណ៍ពីភ្ញៀវទេសចរបរទេសផងដែរ  ពួកគាត់បានសួរយើងថា តើអ្នករើសសម្រាមនៅទីនេះជារៀងរាល់សប្តាហ៍ឬ? ខ្ញុំក៍បាននិយាយតបថា៖ អត់ទេលោកក្រុមរបស់ខ្ញុំគឺមកពីទីក្រុងភ្នំពេញដោយសារតែពួកយើងស្រលាញ់បរិស្ថានដូច្នេះពួកយើងក៍ចុះមកទីនេះ ហើយក៏ដោយសារតែជិតដល់ថ្ងៃបុណ្យសមុទ្រផងដែរ។ កាលពីឆ្នាំមុន(២០១៥) ខ្ញុំបានចូលរួមបុណ្យសមុទ្រនៅ ខេត្តកំពត ខ្ញុំបានឃើញប្រជាជនមួយចំនួនតូចទុកដាក់សម្រាមបានល្អ បើគិតជាភាគរយមានតែ (១០%) រីឯប្រជាជនមួយចំនួនធំពួកគាត់ទទួលទានអាហារហើយ វេចខ្ចប់មិនបានល្អចោលពាសវាលនៅតាមឆ្នេរសមុទ្រ។ អាស្រ័យហេតុនេះហើយបានជាពួកយើងបានរៀបចំយុទ្ធនាការនេះ ដើម្បីធ្វើការផ្សព្វផ្សាយនិងរើសសម្រាមនៅតាមតំបន់ឆ្នេរដើម្បីឲ្យប្រជាពលរដ្ឋ បានដឹងនិងគិតម្តងទៀតអំពីការចោលសម្រាមនៅក្រៅធុង។

ភ្ញៀវទេសចរ បានបន្តទៀតថា៖ អ្នកធ្វើនេះពិតជាល្អសម្រាប់ខ្ញុំ នឹងប្រជាពលរដ្ឋដ៍ទៃទៀត ដែលនេះជាគំរូ ឲ្យពួកគេបានមើលឃើញ។  ហើយបន្ទាប់មកទៀតពួកគាត់ក៍បានចូលរួមរើសសម្រាមជាមួយក្រុមរបស់យើងផងដែរ។ ប្រសិនបើនៅតែបន្តបោះចោលសម្រាមពាសវាលពាសកាល ឬក៏បោះចោលនៅក្រៅធុងសម្រាម គឺមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ហើយម្យ៉ាងវិញទៀតអាចធ្វើឲ្យភ្ញៀវអន្តរជាតិមកលេងកំសាន្តនៅតំបន់នេះបែរជាមិនចង់មកទៀត ព្រោះតែការទុកដាក់សម្រាមមិនបានល្អប្រសើរ។ នេះជាមូលហេតុដែលធ្វើឲ្យតំបន់ឆ្នេរសមុទ្រមានអត្រាភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិមានចំនួនថយចុះពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារមានប្រទេសមីយ៉ាន់ម៉ាជាដៃគូប្រកួតប្រជែងផងផ្នែកទេសចរណ៍ផងនោះ។

ចូលមកដល់ថ្ងៃទី ១៨ ក្រុមយុវជនបានធ្វើការប្រកួតប្រជែងកែរច្នៃសម្រាមដែលគេប្រមូលបាន មកធ្វើជារបស់របរប្រើប្រាស់ដែលមានប្រយោជន៍ ដូចជា: កែវ ប្រអប់ដាក់ប៊ិច ធុងសម្រាមជាដើម ។ ល ។ ហើយការប្រកួតនេះគឺសំរេចយកតែមួយក្រុមប៉ុណ្ណោះជាអ្នកឈ្នះរង្វាន់ (មាន ៤ ក្រុមដែលបានចូលរួមការប្រកួតប្រជែង) ។ នៅរសៀលម៉ោង ៣:00 ក្រុមយុវជនបានធ្វើដំណើរចាកចេញពីក្រុងព្រះសីហនុដើម្បីត្រឡប់មកកាន់ក្រុងភ្នំពេញវិញ ។ នៅពេលដែលពួកយើងបានធ្វើដំណើរមកវិញនោះ អ្នកដឹកនាំក្រុមបានប្រកាសលទ្ធផល ក្រុមដែលទទួលជ័យជំនះនោះគឺក្រុមទី ២ ។ ខ្ញុំពិតជាត្រេកអរខ្លាំងណាស់ដែលក្រុមទី ២ មានស្នាដៃល្អ ធ្វើការកែរច្នៃដ៏មានភាពទាក់ទាញយ៉ាងខ្លាំងទៅដល់ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់នៅទីនោះ។ ចំណែកខ្ញុំវិញគឺនៅក្នុងក្រុមទី ៤ ។

ជាចុងក្រោយនេះផងដែរ ខ្ញុំបាទពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង នឹងជ្រាលជ្រៅបំផុត ដែលបានចូលរួមសកម្មភាពដ៏ល្អមួយនេះ។ ខ្ញុំសូមអរគុណទៅដល់សមាគមធាងត្នោតនិងសម្លេងទីក្រុងដែលបានយកចិត្តទុកដាក់នឹងស្រលាញ់ទៅលើបញ្ហាបរិស្ថានជាខ្លាំង មិនតែប៉ុណ្ណោះ គឺការផ្តោតលើបញ្ហាព្រៃឈើ និងបញ្ហាការកកស្ទះចរាចរណ៍ ដែលខិតខំប្រឹងប្រែងព្យាយាមដើម្បីឲ្យប្រទេសជាតិទាំងមូលទទួលបាននូវសុខសុវត្ថិភាព និងភាពរុងរឿងទៅថ្ងៃអនាគត។

By Sovannaroth

Urban Voice Cambodia

Urban Voice Cambodia