ក្រុមការងារក្រសួងរ៉ែ និងថាមពល ចុះបង្ក្រាបអាជីវកម្មបូមខ្សាច់ នៅតាមដងទន្លេ, ខណៈសាឡង់បូមខ្សាច់មួយចំនួនៅតែធ្វើសកម្មភាព
Posted On : March, 30, 2015 | By សំឡេងទីក្រុង

ថ្ងៃទី30 ខែមីនា ឆ្នាំ២០១៥, ប្រភព៖ Freshnews

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីប្រតិបត្តិការចុះបង្ក្រាបសកម្មភាព និងអាជីវកម្មបូមខ្សាច់អត់ច្បាប់នៅតាមដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល កាលពីរសៀល និងយប់ថ្ងៃអាទិត្យទី២៩ ខែមីនា ឆ្នាំ២០១៥ ព្រមទាំងការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ទាក់ទងទៅនឹងការ​បូមខ្សាច់នៅតំបន់ កោះអន្លង់ចិន ឃុំអន្លុង​ចិន ស្រុកស្អាង ខេត្តកណ្តាល។

ប៉ុន្តែសម្រាប់យុទ្ធនាការចុះបង្ក្រាបនិងទប់ស្កាត់ សកម្មភាពបូមខ្សាច់ខុសច្បាប់នៅទន្លេ ៤មុខក្នុងរាជធានីភ្នំពេញ នៅតំបន់កោះអន្លុងចិន និងចាប់ពីតាមដងទន្លេមុខវាំង រហូតដល់ឃុំ ក្តីតាកុយនោះ ក្រសួងរ៉ែ និងថាមពល មិនបានបញ្ជាក់ពីលទ្ធផល នៃយុទ្ធនាការឆ្មាំទន្លេលើកទី១នេះឡើយ ​ខណៈដែលសេចក្តីរាយការណ៍មួយចំនួនបានឲ្យដឹងថា សាឡង់បូមខ្សាច់នៅតំបន់កោះប្រាក់ ព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល នៅបន្តសកម្មភាពដដែល គឺនៅពេលយប់តែម្តង​​។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ បានបង្ហាញពីយុទ្ធនាការចុះទប់ស្កាត់ការធ្វើអាជីវកម្មបូមខ្សាច់  ដែលបានបញ្ចប់ទៅនៅវេលាម៉ោង៧ យប់ ហើយបន្តដល់ម៉ោង១០យប់ ដោយមានការចូលរួម ពីកម្លាំងកងរាជអាវុធហត្ថបានបន្តចុះល្បាតត្រួតពិនិត្យ និងការទប់ស្កាត់ការបូមខ្សាច់អាណាធិបតេយ្យនៅតាមដងទន្លេ ពីមុខវាំង ដល់ឃុំក្តីតាកុយ ហើយក្រសួងសំណូមពរឲ្យមានការបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពបូមខ្សាច់ខុសច្បាប់ បើមិន​ដូច្នេះទេ និងទទួលរងការផាកពិន័យ និងដាក់ទោសទៅតាមច្បាប់ជាធរមាន។

យ៉ាងណាក៏ដោយប្រភពព័ត៌មានពីមន្ត្រីម្នាក់ ដែលដឹងរឿងនេះ បានលួចបង្ហើបថា ក្រុមការងារក្រសួងរ៉ែ និងថាមពល បានប្រាប់ទៅកម្លាំងអាវុធហត្ថ ចូលរួមបង្ក្រាបសកម្មភាពបូមខ្សាច់នៅតំបន់កោះប្រាក់ កាលពីថ្ងៃសៅ ថ្ងៃអាទិត្យ ប៉ុន្តែកម្លាំងត្រៀមរួចរាល់ មិនបានចុះទៅវិញ ដូច្នេះទុកឲ្យសកម្មភាពនៅតំបន់នោះធ្វើជាធម្មតា៕​

Urban Voice Cambodia

Urban Voice Cambodia