ក្រុង​សាកល្បង​ប្រើប្រាស់​អំពូល​ភ្លើង​ប្រភេទ LED បំភ្លឺ​ផ្លូវ​សាធារណៈ​លើកដំបូង នៅ​ផ្លូវ​ភ្នំពេញ​-​ហាណូយ
Posted On : February, 8, 2015 | By សំឡេងទីក្រុង

ថ្ងៃទី 8 កុម្ភៈ 2015, ដោយ: កូឡាប, CEN

ភ្នំពេញ: អំពូល​ភ្លើង​ប្រភេទ LED ចំនួន ១០៤ អំពូល​និង​បង្គោល​ភ្លើង​ចំនួន ៥០ ដើម​ត្រូវបាន​សាលា​រាជធានី​ភ្នំពេញ សាកល្បង​ប្រើប្រាស់​ជា​លើកដំបូង​លើ​កំណាត់​ផ្លូវ​ភ្នំពេញ​-​ហាណូយ ចាប់ពី​មហាវិថី​សហព័ន្ធ​រុស្សី ដល់​ផ្លូវ​លេខ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ក្រោយពី​កំណាត់​ផ្លូវ​នេះ ត្រូវបាន​ស្ថាបនា​រួច​ជា​ប្រភេទ​ផ្លូវ​បេតុង​។
​    ​
​លោក រស់ ម៉េង អ្នកគ្រប់គ្រង​ការដ្ឋាន​របស់​ក្រុមហ៊ុន BBE ដែល​ម៉ៅការ​ស្ថាបនា​កំណាត់​ផ្លូវ​ហាណូយ បាន​ឲ្យ​ដឹងថា ប្រសិនបើ​អំពូល​ភ្លើង​នេះ ទទួលបាន​លទ្ធផល​ល្អ យើង​នឹង​យកទៅ​ប្រើប្រាស់​ដាក់​តាម​ដង​ផ្លូវ ១ ចំនួន​ទៀត ក្នុង​រាជធានី​ភ្នំពេញ ដូចជា ផ្លូវ​លេខ​៥៩៨ ជាដើម ក៏ដូចជា ផ្លូវ​សំខាន់ៗ​១​ចំនួន​ទៀត​។ លោក​បន្តថា ពេលនេះ​កំណាត់​ផ្លូវ​ហាណូយ ដែល​ក្រុមហ៊ុន​របស់លោក​ទទួល​ស្ថាបនា​នោះ បាន​រួចរាល់​ហើយ​នៅសល់តែ​ការស្ថាបនា​ពង្រីក​ស្ពាន​១​កន្លែង ត្រង់ចំណុច​អូ​អា​គុច​ឲ្យ​បាន​ទំហំ ២ ម៉ែត្រ​កន្លះ​សង្ខាង រួមទាំង​ការកែលម្អរ​ចិញ្ចើមផ្លូវ​១​ចំនួន​តែប៉ុណ្ណោះ​។ ជាមួយគ្នានេះ​ការងារ​ដាំ​ស្មៅ ដាំ​ផ្កា ដាំ​ដើម​ស្លា​លើ​សួន ពុះ​ចែក​ទ្រូងផ្លូវ ក៏​សំរេចបាន​រួចរាល់​ហើយ​ដែរ​។​
​    ​
​កន្លង​សាលា​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​គោល​ការ​ណ៏​កែលំអរ​ផ្លូវ ប្រព​ន្ធ័​លូ សួនច្បារ​ក៏​ដូច​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​លើក​កំពស់​សោ​ភណ្ឌ​ភាព បរិស្ថាន​ទីក្រុង​ឲ្យ​កាន់តែ​ស្រស់បំព្រង និង​ស្របតាម​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ដែល​ត្រូវការ​ភាពស្រស់ស្អាត និង​សោ​ភណ្ឌ​ភាពស្រស់​បំព្រង​។ កំណាត់​ផ្លូវ​ហាណូយ ដែល​ទើប​ស្ថាបនា​រួច​នេះ​មាន​ប្រវែង ១០៩០ ម៉ែត្រ ទទឹង​សាច់​បេតុង ២២ ម៉ែត្រ ដោយមាន​សួន​កណ្តាល​ទទឹង ២ ម៉ែត្រ​កន្លះ ដោយបាន​បើក​ការដ្ឋាន​ស្ថាបនា​នៅ​ថ្ងៃទី​២០ ខែ​មិនា ឆ្នាំ​២០១៤ នឹង​បាន​រួចរាល់​នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០១៤​។​

​លោក រស់ ម៉េង បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​អម​សង្ខាង​កំណាត់​ផ្លូវ​ហាណូយ សុំ​ចូលរួម​ថែរក្សា​ផ្លូវ ដែល​បាន​ស្ថាបនា​រួច​នេះ ឲ្យ​បានល្អ​ជៀសវាង​យក​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​ដាក់តាំង​ទំនិញ​លក់ដូរ ធ្វើ​ឲ្យ​ផ្លូវ​រួម​តូច​បង្ក​ការកកស្ទះ​ចរាចរ និង​គ្រោះថ្នាក់​ចរាចរ​។ ផល​លំបាក​១​ទៀត គឺ​បង្កឡើង​ដោយ​រថយន្ត​ធុន​ធំ​ដឹក​ធ្ងន់​ឆ្លងកាត់ ពិសេស​រថយន្ត​ដឹក​ដី ដឹក​ខ្សាច់ ដែល​ធ្វើ​ឲ្យ​ខ្សាច់​ជ្រុះ​ពេញ​ផ្លូវ​បេតុង​បណ្តាល​ឲ្យ​ផ្លូវ​រអិល​។

​ម្យ៉ាងទៀត​មាន​ទីតាំង​សាលា​ឯកជន​មួយចំនួន ក៏បាន​បង្ក​ការកកស្ទះ​ចរាចរ​ដែរ នៅពេល​សិស្ស​ចេញ​-​ចូល​នៅ​ម៉ោង​សិក្សា ដែល​ម្ចាស់​សាលា​ទាំងនោះ ត្រូវ​គិតពី​សុវត្ថិភាព របស់​សិស្ស​របស់ខ្លួន​ផងដែរ​៕

Urban Voice Cambodia

Urban Voice Cambodia