3-map_0

ក្រុង​គ្រោង​បង្កើត​សេវា​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​បន្ថយ​ការ​ស្ទះចរាចរណ៍

សាលារាជធានីភ្នំពេញគ្រោងបង្កើតសេវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកចាប់ពីស្ពានព្រែកព្នៅទៅក្រុងតាខ្មៅដើម្បីបន្ថយការស្ទះចរាចរណ៍ បន្ទាប់ពីសេវាដឹកអ្នកដំណើរតាមរថយន្តក្រុងទទួលបានការគាំទ្រពីសាធារណជន។ នេះបើតាមមន្ត្រីសាលារាជធានីភ្នំពេញកាលពីម្សិលមិញ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថាពេលនេះមន្ត្រីជំនាញសាលារាជធានីភ្នំពេញកំពុងសិក្សារួមគ្នាជាមួយអ្នកជំនាញមកពីក្រុមហ៊ុន LVP Group របស់លោកឧញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាពីផលប៉ះពាល់លំនៅឋានបណ្ដែតទឹករបស់ប្រជានេសាទតាមដងទន្លេសាប និងទន្លេបាសាក់ ខណៈគំរូប្លង់ខ្សែរថ និងទីតាំងចំណតរង់ចាំរួមទាំងចំណតឡើងចុះរបស់អ្នកដំណើរមានរហូតដល់ ៩ កន្លែងគិតចាប់តាំងពីស្ពានព្រែកព្នៅដល់ក្រុងតាខ្មៅត្រូវបានគាំទ្រទាំងស្រុងពីសំណាក់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញកាលពីថ្ងៃអង្គារ។

លោក មាសភក្ដី បានបញ្ជាក់ថា៖ «បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលសិក្សាពីលក្ខណៈបច្ចេកទេស និងផលប៉ះពាល់នៅឡើយ ប៉ុន្តែបើគ្មានការរាំងស្ទះទេនឹងអាចដាក់ឲ្យដំណើរការសាកល្បងនៅដើមឆ្នាំ ២០១៨ ខាងមុខនេះ»។

បើតាមលោក មាសភក្ដី ពេលគម្រោងនេះចាប់ផ្ដើមនាវាល្បឿនលឿនចំនួន ២០ គ្រឿងដែលក្នុងមួយគ្រឿងអាចផ្ទុកអ្នកដំណើរបាន ៩៩ នាក់នឹងត្រូវដាក់ឲ្យប្រតិបត្តិការចាប់ពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ៨ យប់។

ជុំវិញគម្រោងនេះលោក ប៉ា សុជាតិវង្ស ក៏បានផ្សព្វផ្សាយឲ្យដឹងតាមរយៈបណ្ដាញសង្គមរបស់លោកកាលពីម្សិលមិញផងដែរដោយបង្ហាញអំពីទំនុកចិត្ត និងសុទិដ្ឋិនិយមថានឹងទទួលបានការគាំទ្រពីសាធារណជនគ្រប់ស្រទាប់វណ្ណៈ។

លោកក៏បានបង្ហាញការយល់ឃើញដែរថា៖ «ខ្ញុំគិតថាគម្រោងនេះពិតជាល្អ និងអាចផ្តល់សារៈសំខាន់ច្រើនដល់ការរំដោះបញ្ហាកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញបានមួយផ្នែកធំ»៕

ប្រភព៖ postkhmer

Leave a Reply