ក្រសួង​ស្នើ​ អភិបាល​រាជធានី-ខេត្ត​ បញ្ជ្រាប​ការ​យល់​ដឹង​ពី​ទិវា​ជាតិ​ទីក្រុង​ស្អាត​ដែល​ប្រារព្ធ​ចុង​ខែ​កុម្ភៈ
Posted On : January, 25, 2019 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ភ្នំពេញៈ ក្រសួងទេសចរណ៍​តាមរយៈ​គណៈកម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត គ្រោង​នឹង​រៀបចំ​កម្មវិធី​ទិវា​ជាតិ ទីក្រុង​ស្អាត លើក​ទី៧ ឆ្នាំ ២០១៩ ក្រោម​ប្រធាន​បទ «ទីក្រុង​ស្អាត ទីក្រុង​ផ្តល់​ភាព​កក់​ក្តៅ» អម​ជាមួយ​ពិធី​ប្រគល់​ជយ​លាភី ធុរកិច្ច បៃតង ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី ៣ និង​ជយ​លាភី​បដិសណ្ឋារ​កិច្ច​ល្អ​របស់​ច្រកទ្វារ​អន្តរជាតិ​លើក​ទី ២ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ។

សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​ទេសចរណ៍​ចេញផ្សាយ​នៅ​ថ្ងៃទី ២៣ ខែមករា បាន​ឲ្យ​ដឹង​ថា ដើម្បី​ឲ្យ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី ៧ ប្រព្រឹត្ត​ឡើង​ដោយ​ជោគ​ជ័យ គណៈ​កម្មាធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុង​ស្អាត ស្នើ​ឱ្យ​អភិបាល​រាជធានី-ខេត្ត ទាំង​អស់ រៀបចំ​កម្មវិធី​ចំនួន២ គឺ​ទី ១.កម្មវិធី​បញ្ជ្រាប​ការ​យល់​ដឹង និង ទី២ កម្មវិធី​សម្អាត​ទីក្រុង នៅ​ថ្ងៃទី ២៧ ខែ​កុម្ភៈ ឆ្នាំ ២០១៩។

ក្រសួងទេសចរណ៍​បាន​ប្រាប់​ទៅ​អភិបាល និង​អភិបាលរង​រាជធានី-ខេត្ដ​ទទួល​បន្ទុក​ទីក្រុង​ស្អាត អភិបាល​ក្រុង-ខណ្ឌ ត្រូវ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ផ្សព្វផ្សាយ​ដើម្បី​ជូន​ដំណឹង​ដល់​សាធា​រណ​ជន​ឲ្យ​បាន​ដឹង​អំពី​ការ​ប្រារព្ធ ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី៧ ឆ្នាំ ២០១៩ ពិសេស​កម្មវិធី​បញ្ជ្រាប​ការ​យល់​ដឹង និង​ការ​សម្អាត​ទីក្រុង​របស់​ខ្លួន ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​ចូលរួម គាំទ្រ​ទាំង​អស់​គ្នា។

ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី ៧ នេះ ក្រសួង​ទេសចរណ៍​បាន​ដាក់​ចេញ​នូវ​ពាក្យ​ស្លោក​មួយ​ចំនួន​រួម​មាន «ប្រជា​ពលរដ្ឋ​គ្រប់​រូប​ជា​ម្ចាស់​នៃ​ភាព​ស្អាត និង​ភាព​បៃតង នៅ​តាម​ទីក្រុង​របស់​ខ្លួន និង​ពលរដ្ឋ​គំរូ​ចូលរួម​គិតគូរ​ពី​បរិស្ថាន និង​សោភណ​ភាព​ទីក្រុង» ជាដើម។

លោក​ កែន ស​ត្ថា អភិបាលខេត្ដ​កែប ដែលជា​ខេត្ដ​មាន​សក្ដានុ​ពល​ទេសចរណ៍​នៅ​កម្ពុជា ថ្លែង​ថា ចំពោះ​ការ​រៀបចំ​ទីក្រុង​ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​ស្អាត ខេត្ដ​កែប​មិន​មែន​ទើប​តែ​ចាប់​ផ្ដើម​អនុវត្ដ​នៅ​ពេល​ក្រសួង​ជូន​ដំណឹង​នោះ​ទេ ប៉ុន្ដែ​គឺ​ត្រូវ​អនុវត្ដ​វិធានការ​សម្អាត​ទីក្រុង និង​ការ​ផ្សព្វផ្សាយ​អប់រំ ជា​រៀង​រាល់​ថ្ងៃ។

ទាក់ទង​នឹង​ទីក្រុង​ស្អាត​នេះ​លោក​អភិបាល​បន្ដថា ខេត្ដ​កែប​ធ្លាប់​ទទួល​បាន​ពាន «និរន្តរភាព​ទីក្រុង​ស្អាត​អាស៊ាន» ពី​ប្រទេស​ប្រ៊ុយណេ ឆ្នាំ ២០១៧ សំដៅ​លើ​ខ្យល់​ស្អាត ទឹក​ស្អាត និង​ដី​ស្អាត។

លោក​ថា៖ «កិច្ចការងារ​រៀបចំ​ទីក្រុង​ស្អាត​នេះ យើង​ធ្វើជា​ប្រចាំ មិន​សម្រាប់​តែ​ប្រចាំ​ឆ្នាំ​ទេ។ ក្នុង​ឆ្នាំ​នេះ​យើង​ខិតខំ​ពង្រឹង​និង​ពង្រីក​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវថ្នល់ ឲ្យ​ទៅ​ជា​ផ្លូវ​ថ្នល់​ទេសចរណ៍​ស្ដង់ដា​មាន​ផ្លូវ​រថយន្ដ ទោចក្រ​យានយន្ដ ផ្លូវ​ធ្វើ​ដំណើរ​ដោយ​កង់ និង​ផ្លូវ​ថ្មើរ​ជើង ដែល​យើង​ត្រូវ​រៀបចំ​ឲ្យ​មាន​សួន​ច្បារ​និង​បំពាក់​ភ្លើង​ពណ៌ និង​អំពូល​ភ្លើង​ដែល​ប្រើ​ថាមពល​កើត​ឡើង​វិញ​ជាដើម»។

លោក ​វ៉ី សំណាង អភិបាលខេត្ដ​កំពង់ស្ពឺ បាន​ថ្លែង​ដែរ​ថា លោក​បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​ថ្នាក់​ខេត្ដ ធ្វើការ​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​រៀបចំ​ទុក​ដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​អភិបាល​បន្ដថា៖ «យើង​ក៏​កំពុង​ធ្វើ​ចលនា ទៅគ្រប់​រោងចក្រ សហគ្រាស ឲ្យ​ពួកគាត់​ចូលរួម ជា​ថវិកា និង​សម្ភារ ប្រមូល​សំរាម និង​ទិញ​រថយន្ដ​ប្រមូល​សំរាម។ ខ្ញុំ​ជឿ​ថា បន្ទាប់​ពី​មាន​ការ​យល់​ដឹង​ពី​បងប្អូន​ប្រជាពលរដ្ឋ​យើង​ហើយ​យើង​មាន​ក្រុម​ការងារ​ដើរ​ប្រមូល​សំរាម​ចល័ត​ទៀត យើង​ជឿថា​រឿង​សម្អាត​ទីក្រុង​នេះ​នឹង​រឹត​តែ​ប្រសើរ​ថែម​ទៀត»។

លោក​ថា៖ «យើង​ខិតខំ​ជំរុញ​ទៅគ្រប់​កន្លែង​ទាំងអស់​ជុំវិញ​ការរៀបចំ​ទីក្រុង​ស្អាត​នេះ។ និយាយ​រួម​ទាំង​មន្ដ្រី​និង​បងប្អូន​ប្រជាពលរដ្ឋ​និង​ម្ចាស់​រោងចក្រ​សហ​គ្រាស​នាំគ្នា​ចូលរួម​ថែរក្សា​បរិស្ថាន»។

លោក ​វ៉ី សំណាង ឲ្យ​ដឹងថា បច្ចុប្បន្ន​ខេត្តកំពង់ស្ពឺ​បាន​ផ្តួចផ្ដើម ចែក​ជូន​ចាន​ស្រាក់ និង​ដប​ទឹក​ដល់ក​ម្មករ កម្មការិនី នៅ​តាម​រោងចក្រ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ផង​ដែរ។

លោក ​ផៃ ប៊ុន​វណ្ណៈ អភិបាលរង​ខេត្ដ​ព្រះសីហនុ ថ្លែងថា ខេត្ដ​ព្រះសីហនុ​បាន​និង​កំពុង​ធ្វើ​ការងារ​ទៅ​លើ​ការ​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​សម្អាត​តាម​មាត់​ឆ្នេរ​សមុទ្រ ឲ្យ​ក្លាយ​ទៅ​ជា​ឆ្នេរ​គំរូ។ លោក​បន្ដ​ថា៖ «យើង​មិន​ឲ្យ​មាន​ទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ​ទៀត​ទេ​ព្រោះ​ពីមុន​មក​វា​ធ្លាប់មាន​បញ្ហា​ខ្លះ​ព្រោះ​ការ​អភិវឌ្ឍ​វិស័យ​សំណង់​មាន​ការ​កើន​ឡើង»។

លោក​ថា៖ «ឥឡូវនេះ​យើង​កំពុង​រៀបចំ​ឆ្នេរ មាន​ឆ្នេរ​នៅ​អូរត្រេស​ឲ្យ​ក្លាយ​ទៅ​ជា​ឆ្នេរ​គំរូ។ ចំណែក​ឆ្នេរ​អូរ​ឈើ​ទាល យើង​កំពុង​រៀបចំ​តូប​លក់​ដូរ​ឲ្យ​ទៅ​ជា​ស្ដង់ដា​ដែរ»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Urban Voice Cambodia

Urban Voice Cambodia