ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​ ទទួល​ខុស​ត្រូវ​ចេញ​អាជ្ញាបណ្ណ​ប្រកប​អាជីវកម្ម​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ
Posted On : May, 24, 2015 | By សំឡេងទីក្រុង

ចុះផ្សាយ​នៅ​ថ្ងៃ 24/05/2015, ដោយ អ៊ឹម រចនា, ប្រភព៖ RFI

រដ្ឋាភិបាល​កម្ពុជា បាន​អនុម័ត​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដី​ពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការ​ស្នើ​សុំ​អាជ្ញាបណ្ណ​ប្រកប​អាជីវកម្ម​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់។ បើ​តាម​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​ គឺ​ជា​ស្ថាប័ន​តែ​មួយ​គត់ ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ចេញ​អាជ្ញាបណ្ណ​ប្រកប​អាជីវកម្ម​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​​ផ្លូវ​ថ្នល់​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋ​មន្ដ្រី កាល​ពី​ថ្ងៃ​​សុក្រ​កន្លង​​ទៅ​។

 

សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដី​ពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការ​ស្នើ​សុំ​អាជ្ញាបណ្ណ​ប្រកប​អាជីវកម្ម​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ការ​ថែ​ទាំ​ផ្លូវ​ថ្នល់ និង​ការ​បើក​មន្ទីរ​ពិសោធន៍​វិស័យ​ផ្លូវ​ថ្នល់ ត្រូវ​បាន​កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋ​មន្ដ្រី​អនុម័ត​គាំទ្រ​ជា​ផ្លូវ​ការ ដោយ​គ្រាន់​តែ​កែ​សម្រួល​ចំណុច​ចំនួន​ពីរ តាម​អនុសាសន៍​របស់​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន។

ចំណុច​ទាំង​ពីរ​នោះ​រួម​មាន​៖ ទី​១ អង្គភាព​រដ្ឋ​ឬ​ក្រុមហ៊ុន​ឯកជន ដែល​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ តម្រូវ​ឲ្យ​មាន​អាជ្ញាបណ្ណ​ត្រឹម​ត្រូវ មុន​នឹង​ប្រកប​អាជីវកម្ម​។ និង​ទី​២ សមត្ថកិច្ច​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ចេញ​អាជ្ញាបណ្ណ គឺ​មាន​តែ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន​តែ​ប៉ុណ្ណោះ​។

គួរ​ជម្រាប​ជូន​ថា សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដី ពី​លក្ខខណ្ឌ និង​នីតិវិធី​នៃ​ការ​ស្នើ​សុំ​អាជ្ញាបណ្ណ​ប្រកប​អាជីវកម្ម​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ ការ​ថែ​ទាំ​ផ្លូវ​ថ្នល់ និង​ការ​បើក​មន្ទីរ​ពិសោធន៍​វិស័យ​ផ្លូវ​ថ្នល់​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រសួង​សាធារណៈការ​និង​ដឹក​ជញ្ជូន។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ដ្រី គោល​បំណង​និង​គោលដៅ​នៃ​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ គឺ​ដើម្បី​លើក​កម្ពស់​គុណភាព​ការ​សាង​សង់ ការ​ជួស​ជុល ការ​ថែ​ទាំ និង​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ឲ្យ​មាន​ចីរភាព ព្រម​ទាំង​ធានា​បាន​អភិវឌ្ឍ​ប្រកប​ដោយ​និរន្ដរភាព​។ បន្ថែម​ពី​លើ​នេះ សេចក្ដី​ព្រាង​អនុក្រឹត្យ​ដដែល ក៏​នឹង​ដាក់​ចេញ​នូវ​គោលការណ៍​លក្ខខណ្ឌ​និង​នីតិវិធី​នៃ​ការ​ស្នើ​សុំ​អាជ្ញាបណ្ណ​ប្រកប​អាជីវកម្ម​លើ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ ការ​ថែ​ទាំ​ផ្លូវ​ថ្នល់ និង​ការ​បើក​មន្ទីរ​ពិសោធន៍​ផ្លូវ​ថ្នល់​ផង​ដែរ​៕

Urban Voice Cambodia

Urban Voice Cambodia