untitled-1

ក្រសួង​សាធារណការ ពិន័យ​យានយន្ត​ដឹក​លើស​ទម្ងន់ បាន​ជាង​៣៦៧​លាន​រៀល​ក្នុង​ខែធ្នូ​ឆ្នាំ​២០១៦

ក្រសួងសាធារណការ នៅក្នុងខែធ្នូ ឆ្នាំ២០១៦ ទទួលបានប្រាក់ពិន័យជាង៣៦៧លានរៀល សមមូលជាង៩ម៉ឺនដុល្លារអាមេរិក ពីយានយន្តដែលដឹកលើសទម្ងន់។ បើតាមក្រសួងសាធារណការ យានយន្តដែលរកឃើញថាល្មើសក្នុងខែធ្នូ កើនឡើងចំនួន៤២ គ្រឿង ធៀបនឹងខែវិច្ឆិកា។

នៅក្នុងខែធ្នូ ឆ្នាំ២០១៦  លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់បានចំនួន១៨៦គ្រឿង ពីស្ថានីយចំនួន២៥ ក្នុងខេត្តក្រុងចំនួន១៨ ។  នេះបើយោងតាមរបាយការណ៍ប្រចាំខែ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ តាមរបាយការណ៍ដដែល ក្រុមការងារពិន័យបានថវិកាសរុបចំនួន ៣៦៧.០៤៥.០០០រៀល សមមូលនឹង ៩១,៧៦១ដុល្លារអាមេរិក។ ចំនួនរថយន្តដែលចាប់បាន កើនឡើងចំនួន ៤២ គ្រឿង ធៀបនឹងខែវិច្ឆិកាដែលមានរថយន្តចំណួន១៤៤គ្រឿង បានរកឃើញថាបានល្មើស។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ។

ទាក់ទងនឹងករណីយានយន្តដឹកលើសទម្ងន់នេះដែរ នៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ លោក ស៊ុន ចាន់ថុល បានអះអាងថាក្រសួងធ្លាប់ជួបការអន្តរាគមន៍មួយពីររបស់អ្នកមានឥទ្ធិពល នៅក្នុងអំឡុងពេលធ្វើយុទ្ធនាការបង្រា្កបរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ និងរថយន្តតទ្រុងខុសបច្ចេកទេស ប៉ុន្តែមន្ត្រីក្រោមឱវាទលោកបានបដិសេធនឹងការអន្តរាគមន៍ទាំងនោះ និងចាត់វិធានការតាមច្បាប់ជាធរមាន។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ធ្លាប់លើកឡើងដែរថា ទាំងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវទាំងអស់ ភាគច្រើនត្រូវបានខូចខាតព្រោះតែរថយន្តដឹកលើសទម្ងន់នេះតែម្ដង ហើយក្រសួងនិងចាត់វិធានការ ចំពោះរថយន្តដែលល្មើសច្បាប់ទាំងអស់ ទោះបីជារថយន្តអ្នកតូចក្ដី រថយន្តរបស់អ្នកធំក្ដី៕

ប្រភព៖ thmeythmey.com

Leave a Reply