filename-120128-friendshipbridge

ក្រសួង​សាធារណការ ពន្យារពេល​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់

ប្រភព៖ ថ្មីថ្មី

គម្រោងកែលម្អស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ជ្រោយចង្វារចាស់) ត្រូវពន្យារពេលដល់ដើមខែមេសាខាងមុខ។ ការពន្យារពេលនេះ ដោយសារភាគីជប៉ុនផ្លាស់ប្តូរនីតិវិធី នៃការដាក់ដេញគម្រោងកែលម្អស្ពាន និងទុកពេលឲ្យភាគីកម្ពុជា រៀបចំប្រព័ន្ធខ្សែភ្លើង ប្រព័ន្ធបំពង់ទឹកស្អាត និងរុះរើលំនៅឋានប្រជាពលរដ្ឋមួយចំនួននៅត្រើយខាងកើត។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសពន្យារពេលជួសជុលកែលម្អស្ពានមិត្តភាពកម្ពុជា-ជប៉ុន(ជ្រោយចង្វារចាស់)ដល់ដើមខែមេសាខាងមុខ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា។

បើតាមលោក ឈឹម ផល្លា មន្ត្រីកិច្ចសហប្រតិ្តបត្តិការអន្តរជាតិនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដែលAKPបានស្រង់សម្តី ការសម្រេចពន្យារពេលជួសជុលស្ពាននេះ គឺដោយសារភាគីជប៉ុនផ្លាស់ប្តូរនីតិវិធី នៃការដាក់ដេញគម្រោងកែលម្អស្ពាន ពីខែធ្នូ ឆ្នាំ២០១៦ ទៅខែមីនា ឆ្នាំ២០១៧វិញ។ ការពន្យារពេលនេះ ក៏ដើម្បីឱ្យភាគីកម្ពុជា សម្រួលការរៀបចំប្រព័ន្ធខ្សែភ្លើង ប្រព័ន្ធបំពង់ទឹកស្អាត និងការតម្រូវឱ្យមានការរុះរើលំនៅឋានប្រជាពលរដ្ឋចំនួន២១គ្រួសារ នៅភាគខាងកើតស្ពានជ្រោយចង្វារ ដើម្បីសម្រួលដល់ការកែលម្អស្ពាននេះ។ នេះបើតាម លោកឈឹម ផល្លា ដដែល។

ដើមឡើយក្រសួងសារធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា នឹងបិទចរាចរណ៍លើស្ពានជ្រោយចងា្វរចាស់ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន ជាបណ្ដោះអាសន្ន ដើម្បីបើកការដ្ឋានជួសជុលកែលម្អ ចាប់ពីខែមករាឆ្នាំ២០១៧ ។  ក្រុមហ៊ុនជប៉ុននឹងចំណាយពេលប្រហែល ២២ខែ ដើម្បីបញ្ចប់ការជួសជុលស្ពាននេះ។  នៅក្នុងអំឡុងពេលដំណើរការជួសជុលស្ពាន អាជ្ញាធរពិចារណាយកស្រឡាងចំនួន២គ្រឿង ពីអ្នកលឿង មកចម្លងអ្នកដំណើរពីត្រើយម្ខាង ទៅត្រើយម្ខាងទៀត។ តាមការបញ្ជាក់របស់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ នៅថ្ងៃទី២៨ខែធ្នូកន្លងទៅ ការឆ្លងស្រឡាងពេលជួសជុលស្ពានជ្រោយចង្វារចាស់ មិនតម្រូវឲ្យបង់ប្រាក់ឡើយ

Leave a Reply