ក្រសួង​សាធារណការ​ព្រមាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ចំនួន ៣
Posted On : September, 12, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៏

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងជួបពិភាក្សាជាមួយក្រុមហ៊ុនដឹកជញ្ជូននៅក្នុងខែនេះបន្ទាប់ពីបានប្រគល់លិខិតព្រមានដល់ក្រុមហ៊ុនដឹកជញ្ជូន ឬក្រុមហ៊ុនដឹកអ្នកដំណើរចំនួនបីដែលបើកបរធ្វេសប្រហែសបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខណៈក្រសួងនេះបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណើរកុំឲ្យដំឡើងថ្លៃធ្វើដំណើរក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌដើម្បីកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្រីក្រ។

ការព្រមានរួមនឹងការអំពាវនាវនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកប្រចាំខែកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដែលមានការចូលរួមពីសមាជិកគណៈកម្មាធិការ សមាគមដឹកជញ្ជូន ក្រុមហ៊ុនដឹកជញ្ជូន និងអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធ។

តាមគេហទំព័របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានដកស្រង់ប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងសាធារណៈការលោក ស៊ុន ចាន់ថុល ឱ្យដឹងថា៖ «ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានប្រគល់លិខិតព្រមានផងដែរដល់ក្រុមហ៊ុនដឹកជញ្ជូនទាំងបីដែលបើកបរធ្វេសប្រហែសខ្វះការប្រុងប្រយ័ត្ន និងមិនគោរពច្បាប់ចរាចរណ៍ដែលក្នុងនោះរួមមានក្រុមហ៊ុនដឹកអ្នកដំណើរ វីរៈប៊ុនថាំ ក្រុមហ៊ុនដឹកអ្នកដំណើររិទ្ធិមុនី និងក្រុមហ៊ុនដឹកអ្នកដំណើរ ១៥ SH»។

លោក ស៊ុន ចាន់ថុល ក៏បានស្នើជួបពិភាក្សាជាមួយក្រុមហ៊ុនដឹកជញ្ជូននានាដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២២ ខែកញ្ញាឆ្នាំ ២០១៦ ដើម្បីពិភាក្សាអំពីបញ្ហានេះផងដែរ។

អ្នកនាំពាក្យក្រសួងសាធារណការលោក វ៉ា ស៊ឹម សុរិយា បានប្រាប់ភ្នំពេញប៉ុស្តិ៍បន្ថែមកាលពីម្សិលមិញថាក្រសួងមិនទាន់មានវិធានការដល់ការបិទក្រុមហ៊ុនដឹកអ្នកដំណើរទេតែជាការព្រមានដល់ក្រុមហ៊ុនឱ្យមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឡើងវិញ។ «ក្រសួងមិនទាន់មានលក្ខខណ្ឌជ្រៅជាងហ្នឹងទេគ្រាន់តែព្រមានឧទាហរណ៍រថយន្តមួយអ្នកបើកបរមិនប្រយ័ត្នប្រយែងអ៊ីចឹងយើងបញ្ឈប់រថយន្តនោះ ឬដកប័ណ្ណបើកបរប៉ុន្តែដល់ពេលការបិទក្រុមហ៊ុនខ្ញុំមិនទាន់ជម្រាបបានទេ»។

ក្នុងពិធីនោះលោករដ្ឋមន្ត្រីក៏បានស្នើឲ្យសមាគមដឹកជញ្ជូនពិចារណាលើការបញ្ចុះថ្លៃឈ្នួលធ្វើដំណើរឱ្យបានសមស្របទៅនឹងការធ្លាក់ចុះថ្លៃប្រេងដើម្បីផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋដែលពួកគាត់ធ្វើដំណើរទៅលេងសាច់ញាតិនៅឯស្រុកកំណើតទូទាំងប្រទេសនៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខ។

លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា៖ «ក្នុងនាមខ្ញុំជាទេសរដ្ឋមន្ត្រីថ្មីសូមអង្វរម្តងកុំឡើងថ្លៃពេលបុណ្យភ្ជុំបិណ្ឌបានទេព្រោះអីឡានដឹកទៅអត់មានស៊ីសាំងលើសផងសាំងនៅដដែលហើយសាំងចុះថោកទៀតខ្ញុំអត់យល់ដែរយើងខ្ញុំនឹងធ្វើលិខិតអំពាវនាវកុំឱ្យឡើងថ្លៃហើយបើនៅតែឡើងថ្លៃយើងនឹងធ្វើការកត់សម្គាល់ទុកហើយមានវិធានការ ឬផ្សព្វផ្សាយពេញហ្វេសហ៊ុក ឬទូរទស្សន៍ថាថ្ងៃក្រោយកុំជិះឡាននោះឱ្យសោះព្រោះឡាននោះបើកអាក្រក់ណាស់»។

បន្ថែមពីនេះលោករដ្ឋមន្ត្រីក៏បានប្រគល់លិខិតសរសើរជូនដល់ក្រុមហ៊ុនដឹកអ្នកដំណើរកាពីតូល និងក្រុមហ៊ុនសុខនដែលបានចូលរួមចំណែកក្នុងការធ្វើឱ្យផ្លូវថ្នល់មានសុវត្ថិភាពជាងមុនសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

ប្រធានគ្រប់គ្រងក្រុមហ៊ុនវីរៈប៊ុនថាំ សាខានៅភ្នំពេញលោក នៅ គាវីរៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាជារឿយៗខាងក្រុមហ៊ុនតែងតែណែនាំ និងបង្រៀនច្បាប់ចរាចរណ៍បន្ថែមដល់អ្នកបើកបររបស់ខ្លួនទាំងផ្នែកសីលធម៌ និងច្បាប់ចរាចរណ៍។

លោកថា៖ «ពាក់ព័ន្ធពីការណែនាំរបស់ក្រសួងយើងនឹងធ្វើការពង្រឹងពួកគាត់បន្ថែមទៀតឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជាក់ស្តែងក្នុងមួយខែយើងមានការប្រជុំជាមួយតៃកុងឡាន ៤ លើកដើម្បីណែនាំពាក់ព័ន្ធការបើកបរច្បាប់ចរារណ៍ និងការងារមួយចំនួនទៀត»។

បើតាមលោក នៅ គាវីរៈ ក្រុមហ៊ុនធ្លាប់បានបណ្តេញតៃកុងឡានចំនួន ៥ នាក់ហើយដោយសារតែពួកគាត់បើកបរមិនគោរពច្បាប់ចរាចរណ៍ និងបើកបរធ្វេសប្រហែសបង្កឱ្យមានគ្រោះថ្នាក់ដល់ភ្ញៀវ។

នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍លោក អ៊ា ចរិយា បានសាទរថា៖ «ជារឿងល្អប្រសើរដែលក្រសួងបង្ហាញអំពីការយកចិត្តទុកដាក់ និងការអនុវត្តច្បាប់ដែលពីមុនគ្រាន់តែចេញសេចក្តីជូនដំណឹងដែលធ្វើឱ្យក្រុមហ៊ុនមួយចំនួនមិនយកចិត្តទុកដាក់ហើយការអនុវត្តនេះជាគំរូដល់ក្រុមហ៊ុនដទៃអ៊ីចឹងក្រុមហ៊ុនទទួលបានលិខិតព្រមាននេះគួរតែអនុវត្តទៅតាមច្បាប់ដើម្បីកុំឱ្យមានការបិទ ឬការផ្អាកដំណើរការក្រុមហ៊ុនរបស់គាត់»៕

Urban Voice Cambodia

Urban Voice Cambodia