ក្រសួង​សាធារណការ​ពិន័យ​រថ​យន្ត​ល្មើស​បាន​ជាង ៤២៥ លាន​រៀល
Posted On : តុលា, 12, 2016 | By សំឡេងទីក្រុង

ប្រភព៖ thmeythmey

ក្រសួងសាធារណការ និងដឹកកជញ្ជូន ក្នុងខែកញ្ញា បានធ្វើការពិន័យលើរថយន្តដឹកលើសទម្ងន់ ១៣៧គ្រឿង និងពិន័យជាប្រាក់បានជាង ៤២៥លានរៀល។ នេះបើតាមរបាយការណ៍ប្រចាំខែរបស់ក្រសួងសាធារណៈ និងដឹកជញ្ជូន។

របាយការណ៍បូកសរុប រថយន្តដឹកជញ្ជូនលើសទម្ងន់ ដែលត្រូវបានឃាត់ខ្លួន និងផាកពិន័យ ប្រចាំខែកញ្ញា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញថាក្រសួង បានឃាត់រថយន្តដឹកលើសទម្ងន់បានចំនួន១៣៧គ្រឿង និងពិន័យជាប្រាក់បានចំនួន ៤២៥.៦២៦.០០០រៀល។

របាយការណ៍ដដែលបានបញ្ជាក់ផងដែរថា រថយន្តដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ៤៨គ្រឿង ដោយប្រៀបជាមួយនឹងខែសីហា ដែលមានត្រឹមតែ ៨៩គ្រឿងប៉ុណ្ណោះ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ មានរថយន្តផ្ទុកលើសទម្ងន់កម្រិតកំណត់គឺមានចាប់ពី ៤តោន រហូតដល់ ៣៤តោន។

កន្លងទៅលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់លើកឡើងធ្ងន់ៗថា ក្រសួងនិងចាត់វិធានការ ចំពោះរថយន្តដែលល្មើសច្បាប់ទាំងអស់ ទោះបីជារថយន្តអ្នកតូចក្ដី រថយន្តរបស់អ្នកធំក្ដី។ លោកស៊ុន ចាន់ថុល ធ្លាប់អះអាងថា ទាំងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវទាំងអស់ ភាគច្រើនត្រូវបានខូចខាតព្រោះតែរថយន្តដឹកលើសទម្ងន់នេះតែម្ដង៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!