ក្រសួងរ៉ែ និងថាមពល ប្រកាសឲ្យអាជ្ញាធររាជធានី-ខេត្ត ចាត់វិធានផ្លូវច្បាប់ករណីបន្តបូមខ្សាច់
Posted On : January, 5, 2015 | By សំឡេងទីក្រុង
ប្រភព៖ VOD, ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ ទី5 មករា 2015, 03:55 PM
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានស្នើឲ្យអភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រៃវែង ចាត់វិធានការម៉ឹងម៉ាត់ទៅតាមផ្លូវច្បាប់លើការបន្តបូមខ្សាច់នៅ ក្នុងតំបន់របស់ខ្លួន ដោយបញ្ជាក់ថាបុគ្គល ឬក្រុមហ៊ុនទាំងនោះមិនមានអាជ្ញាប័ណ្ណបូមខ្សាច់នោះទេ។
លិខិតជម្រាបជូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល និងព្រៃវែង ចុះថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៤ ឲ្យដឹងថា ក្រសួងបានកំណត់តំបន់ហាមឃាត់មិនអនុញ្ញាតឲ្យមាន អាជីវកម្មបូមខ្សាច់នៅតាមដងទន្លេមេគង្គលើ មេគង្គក្រោម និងទន្លេបាសាក់ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កណ្តាល និងព្រៃវែង។ លិខិតឲ្យដឹងទៀតថាអតីតក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានប្រកាសនិរាករណ៍រាល់អាជ្ញាប័ណ្ណបូមខ្សាច់ទាំងអស់ក្នុងតំបន់ ទាំងនេះតាំងពីឆ្នាំ២០១១មកម្ល៉េះ ហើយកន្លងមកក្រសួងរ៉ែ និងថាមពល មិនដែលផ្តល់អាជ្ញាប័ណ្ណអាជីវកម្មបូមខ្សាច់ដល់នីតិបុគ្គល ឬរូបវន្តបុគ្គលណាមួយក្នុងតំបន់ទាំងនេះទេ។ ក្រសួងបន្តថារាល់សកម្មភាពបូមខ្សាច់ទាំងឡាយណាដែលកើតឡើងក្នុងតំបន់ ទាំងអស់ខាងលើនេះ គឺជាសកម្មភាពអានាធិបតេយ្យ ល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រង និងការធ្វើអាជីវកម្មធនធានរ៉ែ ដែលត្រូវទទួលទោសបញ្ញត្តិស្របតាមមាត្រា៣៥នៃច្បាប់នេះ។
ក្រសួងរ៉ែ និងថាមពល បញ្ជាក់ថាបើអាជ្ញាធរខេត្តឃើញមានកាណូត ទូក សាឡង់ ឬសកម្មភាពណាមួយ ដែលធ្វើការបូមខ្សាច់ក្នុងតំបន់ហាមឃាត់ទាំងនេះ លោកអភិបាលខេត្តត្រូវចាត់វិធានការទប់ស្កាត់ បង្រ្កាប និងផ្តន្ទាទោសតាមច្បាប់ជាធរមានឲ្យបានម៉ឹងម៉ាត់បំផុត។ ក្រសួងបន្តអាជ្ញាធរចាត់វិធានការតឹងរឹងចំពោះក្រុមហ៊ុន អាជីវករ ដែលបានលួចធ្វើអាជីវកម្មអានាធិបតេយ្យក្នុងតំបន់ហាមឃាត់ទាំងនោះ និងតំបន់ផ្សេងៗទៀត ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់នានា និងលើកកម្ពស់ការប្រមូលចំណូលរដ្ឋពីការធ្វើអាជីវកម្មខ្សាច់ស្រប ច្បាប់។
គួររំឮកថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់នៅកម្ពុជា លោក លឹម គានហោ ឲ្យដឹងថាអាជីវកម្មបូមខ្សាច់សព្វថ្ងៃនេះ មិនមានអាជ្ញាប័ណ្ណស្របច្បាប់នោះទេ ចាប់តាំងពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់នៅកម្ពុជា ក្នុងអាណត្តិទី៥នេះ។ លោកព្រមានថានឹងចាត់វិធានការលើក្រុមហ៊ុនបូមខ្សាច់ណា ដែលមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដោយស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យរឹបអូសយកទ្រព្យសម្បត្តិទាំងនោះទុកជាសម្បត្តិរដ្ឋ។ លោកមានប្រសាសន៍ថា«ឆ្លៀតពេលនេះផ្តាំផ្ញើតែម្តង រហូតដល់ថ្ងៃនេះអត់ទាន់មានផ្តល់នូវអាជ្ញាប័ណ្ណ ឬការសម្រេចណាមួយក្នុងការធ្វើអាជីវកម្មបូមខ្សាច់ទេ នេះហើយដែលហៅថាអ្នកល្មើស ដែលយើងខ្ញុំប្រើវិធានការដោយចាប់ទុក ហើយចាប់ទុកលើកនេះ សូមបញ្ជាក់ជូនថា អត់មានធ្វើកិច្ចសន្យាដោះលែងវិញទេ គឺយើងខ្ញុំនឹងស្នើដល់រាជរដ្ឋាភិបាលរឹបអូសជាសម្បត្តិរបស់រដ្ឋ»។
លោក លឹម គានហោ បន្តថារហូតមកដល់ពេលនេះ នៅតែមានការបូមខ្សាច់សមុទ្រនៅតាមព្រែកដែលដឹកទៅលក់នៅក្រៅ ប្រទេស។ លោកបន្តថារហូតមកដល់ពេលនេះមានក្រុមហ៊ុនថ្មីចន្លោះពី៣០ទៅ៤០ ដែលបានដាក់ពាក្យសុំបើកអាជីវកម្មបូមខ្សាច់សាជាថ្មី៕