ក្រសួង​រ៉ែ​និង​ថាមពល​បន្ត​ពន្យា​រអាជ្ញាប័ណ្ណ​បូម​ខ្សាច់
Posted On : March, 27, 2015 | By សំឡេងទីក្រុង

តាំង វីដា, Fri, 27 March 2015, Phnom Penh Post

ភ្នំពេញៈ រដ្ឋមន្រ្តី​ក្រសួង​រ៉ែ និង​ថាមពល បាន​សម្រេច​បន្ត​ពន្យារ​អាជ្ញា​ប័ណ្ណ​បូម​ខ្សាច់​ដល់​អាជីវករ ដែល​មាន​អាជ្ញា​ប័ណ្ណ​ផុត​សុពលភាព​នៅ​ក្នុង​តំបន់​អាជីវកម្ម​របស់​ខ្លួន ដែល​បាន​សិក្សា​រួច​ជា​ស្រេច​ទៅ​លើ​ផល​ប៉ះ​ពាល់​សង្គម​សេដ្ឋកិច្ច និង​បរិស្ថាន ចំណែក​អាជ្ញាប័ណ្ណ​ថ្មី ក្នុង​តំបន់​ថ្មី គឺ​ទាមទារ​នូវ​ការ​វាយ​តម្លៃ និង​សិក្សា​ពី​ផល​ប៉ះ​ពាល់​ជា​មុន។

ការ​សម្រេច​នេះ បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ដ្រី​ហ៊ុន សែន បាន​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​រ៉ែ ​និង​ថាមពល​ទាំង​ស្រុង ជា​អ្នក​ចេញ​អាជ្ញា​ប័ណ្ណ​និង​ទទួល​ខុស​ត្រូវ​គ្រប់​បែប​យ៉ាង​លើ​ការ​ធ្វើ​អាជីវកម្ម​ខ្សាច់​​គ្រប់​ប្រភេទ។

ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ​ រដ្ឋ​មន្រ្តី​ក្រសួង​រ៉ែ ​លោក​ស៊ុយ សែម​ បាន​ឲ្យ​ដឹង​ថា ការ​សម្រេច​បន្ត​ពន្យារ​អាជ្ញា​ប័ណ្ណ​បូម​ខ្សាច់​នេះ គឺ​ដើម្បី​បង្ការ​នូវ​ភាព​អនាធិបតេយ្យ​នៃ​អាជីវកម្ម​បូម​ខ្សាច់ ដែល​កើត​ឡើង​បន្ទាប់​ពី​អាជ្ញា​ប័ណ្ណ​មុន បាន​ផុត​សុពលភាព និង​ដើម្បី​សម្រួល​ដល់​អាជីវករ​ដែល​រង់​ចាំ​អាជ្ញា​ប័ណ្ណ​ថ្មី​ក្រោយ​ពី​ការ​សិក្សា​វាយ​តម្លៃ​លើ​ផល​ប៉ះ​ពាល់​ជា​ថ្មី​នោះ។

លោក​ថា៖ «កន្លែង​ហ្នឹង ខ្សាច់​នៅ​មាន​អាច​ធ្វើ​អាជីវ​កម្ម​ទៀត​បាន​ទើប​បន្ត​ឲ្យ​អាជីវករ​នៅ​កន្លែង​ដដែល​ហ្នឹង ដើម្បី​ដោះ​ស្រាយ​ភាព​អនាធិបតេយ្យ និង​បញ្ហា​ប្រឈម​​របស់​អាជីវករ»។

លោក សែម ក៏​បាន​បញ្ជាក់​ថា៖ «ក្រសួង​នឹង​សិក្សា​ជា​ថ្មី​ថា ​តើ​ក្រុមហ៊ុន​ណា​នឹង​ទទួល​អាជ្ញាប័ណ្ណ​​បន្តនិង​ទី​តាំង​ណា​ដែល​ត្រូវ​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ដើម្បី​ចៀស​វាង​បាក់​ច្រាំង​ទន្លេ​និង​ផល​ប៉ះ​ពាល់​​ផ្សេងៗ»។

នៅក្នុង​សន្និ​សីទ​នេះ​​ដែរ​ រដ្ឋ​មន្ដ្រី​ក្រសួង​បរិស្ថាន​លោក សាយ សំអាល់ បាន​ឲ្យ​ដឹង​ថា ក្រសួង​បរិស្ថាន​នឹង​ធ្វើ​ការ​សិក្សា​វាយ​តម្លៃ​លើ​ដងទន្លេ​ទាំង​មូល​ដើម្បី​ចេញ​អាជ្ញាប័ណ្ណ​ ដោយ​គ្មាន​ការ​ធ្វើ​ដោយ​ដុំ តាម​ការ​ស្នើ​សុំ​របស់​អាជីវករ​ដូច​ពេល​មុនៗ​នោះ​ឡើយ ។

លោក​ថា៖ «កន្លែង​ខ្លះ​បើ​មិន​បូម​ទេ​នាំ​ឲ្យ​ពិបាក​ធ្វើ​ចរាចរណ៍​ និង​បាក់​ច្រាំង​ទៅ​វិញ អ៊ីចឹង​យើង​​ចង់​កំណត់​ឲ្យ​ច្បាស់​ថា កម្រិត​បូម​ប៉ុនណា ​ក្នុង​កម្រិត​ណា​?…ការ​សិក្សា​វាយ​តម្លៃ​ជា​ប្រចាំ​យ៉ាង​ហោច​ណាស់​ ១ ​ឆ្នាំ​ម្តង​ដើម្បី​ឲ្យ​ងាយ​ស្រួល​សម្រេច​ចិត្ត​ពេល​ក្រុមហ៊ុន​ស្នើ​សុំ»។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន ក្រសួង​រ៉ែ និង​ថាមពល ក៏​បាន​ដាក់​ចេញ​វិធានការ​មួយ​ចំនួន​រួម​មាន ការ​បង្កើត​ឲ្យ​មាន​លេខ​ទូរស័ព្ទ (Hotline) ដើម្បី​ទទួល​ពាក្យ​បណ្តឹង​ទាក់ទង​នឹង​ការ​បូម​ខ្សាច់​នៅ​តាម​សមុទ្រ ដង​ទន្លេនិង​ស្ទឹង។ ការ​ធ្វើ​យុទ្ធនា​ការ​ ឆ្មាំ​ទន្លេ ការ​ប្រមូល​កម្លាំង​ទាំងអស់​ដើម្បី​ការពារ​ទន្លេ ទប់​ស្កាត់​ការ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ខុស​ច្បាប់​និង​វិធាន​ការ​មួយ​ចំនួន​ទៀត។

មេបញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា បាន​ឲ្យ​ដឹង​ថា កម្លាំង​ប្រដាប់​​អាវុធ​ ក៏​បាន​ត្រៀម​ខ្លួន​​ក្នុង​ការ​ជួយ​ដល់​មន្ត្រី​ក្រសួង​រ៉ែ ដែល​ចុះ​ពិនិត្យ​ការ​ដ្ឋាន​បូម​ខ្សាច់​នានា​ដែរ។

លោក​បន្ត​ថា៖ «ក្នុង​ប្រតិបត្តិការ​នេះ​ បើ​សិន​ជា​មាន​ជន​ណា​ប្រព្រឹត្ត​បទ​ល្មើស​ដែល​ស្ថិត​នៅ​ក្នុង​បទ​ល្មើស​ឧក្រិដ្ឋ​ ដែល​ក្រម​ព្រហ្មទណ្ឌ​បាន​ចែង​ គឺ​អាវុធហត្ថ​មាន​តួនាទី​បង្ក្រាប​តាម​ផ្លូវ​ច្បាប់»។

តាម​របាយ​ការណ៍​ដែល​អាន​ដោយ​លោក ស៊ុយ សែម ក្រុមហ៊ុន​បូម​ខ្សាច់​ដែល​មាន​​អាជ្ញាប័ណ្ណ​ទាំង​អស់​មាន​ចំនួន​ ១៤២ ក្រុមហ៊ុន ក្នុង​នោះ​រាជធានី​ភ្នំពេញ​មាន ៧ ខេត្ត​កណ្តាល​មាន ៤១ ព្រៃវៃង ៦ កំពង់ឆ្នាំង ៣ កំពង់ធំ ១២ កំពង់ស្ពឺ​មាន ១៣ កោះកុង ១០ កំពត ២២ ព្រះ​សីហនុ ៧ កែប ៣ តាកែវ ៣ ពោធិ៍សាត់ ៩ សៀមរាប ៤ និង​ខេត្ត​ស្ទឹងត្រែង ១។

ជា​ញឹក​ញាប់​គេ​តែងតែ​​ឃើញ​ប្រជាពលរដ្ឋ​ជាច្រើន​បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​បូម​ខ្សាច់ ដោយ​ពួកគេ​និយាយ​ថា ក្រុមហ៊ុន​ទាំង​នោះ បាន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ច្រើន​ហួស​ប្រមាណ​ដែល​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​បាក់​ច្រាំង​ទន្លេ​ ដែល​ធ្វើ​ឲ្យ​រលំ​ផ្ទះ​និង​បាត់​បង់​ដី​ចម្ការ​របស់​ពួកគេ៕

Urban Voice Cambodia

Urban Voice Cambodia