7-angsophealen

ក្រសួង​រៀបចំ​ឲ្យ​មាន​ចលនា​បិទ​ភ្លើង​ ១ ​ម៉ោង​ដើម្បី​ភព​ផែនដី

ក្រសួងបរិស្ថាន និងស្ថាប័នដៃគូមួយចំនួននឹងរៀបចំឲ្យមានចលនាសម្រាប់ផែនដីដោយធ្វើការបិទភ្លើងរយៈពេលមួយម៉ោងនៅចុងសប្តាហ៍នេះហើយប្រជាពលរដ្ឋអាចចូលរួមចលនានេះនៅតាមផ្ទះរបស់ខ្លួនបានដែលចលនានេះគឺជានិមិត្តរូបមួយបង្ហាញពីការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមរបស់បរិស្ថាន។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត កាលពីម្សិលមិញបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្តីការក្រសួងថានៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៧ ក្រសួងសហការជាមួយអង្គការ WWF និងដៃគូមួយចំនួនទៀតនឹងរៀបចំកម្មវិធីមួយនៅមុខវត្តបទុមវតីចាប់ពីម៉ោង ៥ ល្ងាចតទៅ និងអាចមានសិស្ស និស្សិតចូលរួមប្រមាណ ៣០០០ នាក់ដោយមិនទាន់គិតពីចំនួនប្រជាពលរដ្ឋ និងមន្ត្រីរាជការផង។

លោកថា កម្មវិធីនេះក៏មានការប្រគុំតន្រ្តី និងការសម្តែងដែលមានការចូលរួមពីតារាចម្រៀងល្បីៗមួយចំនួនផងដែរ។

ក្នុងចលនានេះលោក សុផល្លែត បញ្ជាក់ថាប្រជាពលរដ្ឋអាចចូលរួមដោយស្ម័គ្រចិត្តក្នុងការបិទភ្លើងរយៈពេលមួយម៉ោងនៅផ្ទះរបស់ខ្លួនដោយចាប់ពីម៉ោង ៨ និង ៣០ នាទីដល់ម៉ោង ៩ និង ៣០ នាទីយប់។

លោកថា ការចូលរួមនេះបង្ហាញពីការចូលរួមទាំងអស់គ្នាក្នុងការការពារបរិស្ថានប្រទេសយើង និងពិភពលោក។

លោកបន្ថែមថា៖ «អ៊ីចឹងអត្ថន័យសំខាន់នៃការបិទភ្លើងហ្នឹងគឺជាសញ្ញាថ្មីមួយថា យើងធ្វើដំណើររួមគ្នានូវដំណើរដ៏វែងទៀតដើម្បីកាត់បន្ថយការប្រឈម និងផលប៉ះពាល់ដល់បរិស្ថានរបស់យើង…ខ្ញុំមានជំនឿជឿជាក់ថាប្រជាជនយើង…គាំពារបរិស្ថានរបស់យើង»។

ចំណែកនាយកប្រតិបត្តិអង្គការ WWF កម្ពុជា លោក ឈឹត សំអាត បានលើកឡើងដែរថាចលនានេះបានចូលរួមផ្សព្វផ្សាយពីបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុដល់ប្រជាពលរដ្ឋ។

លោកបន្តថា ទង្វើរបស់មនុស្សប្រចាំថ្ងៃបានរួមចំណែកបំផ្លាញធនធានធម្មជាតិ និងបរិស្ថានហើយថាចលនានេះគឺដើម្បីឲ្យប្រជាពលរដ្ឋរួមចំណែកការពារបរិស្ថាន និងស្រឡាញ់ធម្មជាតិ។

លោកបានបន្ថែមថា៖ «ចលនានេះដើម្បីកែប្រែឥរិយាបថប្រជាពលរដ្ឋម្នាក់ៗ…ដើម្បីបញ្ជាក់ពីការចូលរួមពីបុគ្គលម្នាក់ៗ…ដើម្បីប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ…»។

លោក ឈឹត សំអាត បានបញ្ជាក់ទៀតថា៖ «ធម្មជាតិកំពុងទទួលរងការគាបសង្កត់ពីសកម្មភាព និងការប្រើប្រាស់របស់មនុស្ស បើយើងមិនគិតពីឥឡូវទេវានឹងបាត់បង់ យើងត្រូវគិតពីពេលនេះទៅ…ចូលរួមទាំងអស់គ្នាដើម្បីការពារផែនដី»។

ចលនានេះបានចាប់ផ្តើមធ្វើឡើងជាលើកដំបូងកាលពីឆ្នាំ ២០០៧ ហើយបច្ចុប្បន្នមានប្រទេសចំនួន ១៧២ បានចូលរួមរៀបចំឲ្យមានចលនាមួយម៉ោងសម្រាប់ភពផែនដីនេះ។ ចលនានេះធ្វើឡើងដើម្បីទាញចំណាប់អារម្មណ៍របស់មហាជនឲ្យបានដឹងពីការប្រើប្រាស់ធនធានដែលមិនបានគិតគូរពីនិរន្តរភាពគឺជាកត្តាចម្បងមួយនាំមកនូវការប្រែប្រួលអាកាសធាតុ៕

ប្រភព៖ .postkhmer.com

Leave a Reply