3-contruction

ក្រសួង​រៀបចំ​ដែនដី​គ្រោង​សិក្សា​ពី​ក្រុម​ប្រជាជន​ថ្នាក់កណ្តាល

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានគម្រោងសិក្សាអំពីក្រុមប្រជាពលរដ្ឋវណ្ណៈកណ្តាលសម្រាប់រៀបចំគោលនយោបាយលំនៅឋានសាធារណៈដើម្បីឆ្លើយតបនឹងស្ថានភាពនៃប្រាក់ចំណូលរបស់ប្រជាពលរដ្ឋទាំងនោះ។

លោកបណ្ឌិត បេងហុង សុជាតិខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងនេះបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ក្រសួងមានគម្រោងនឹងសិក្សាលើក្រុមប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដើម្បីដឹងថា ពួកគេមានប្រាក់ចំណូលប៉ុន្មានប្រចាំខែ ឬប្រចាំឆ្នាំប៉ុន្មាន ដែលគួរចាត់ចូលជាក្រុមប្រជាជនវណ្ណៈ ឬមានប្រាក់ចំណូលមធ្យម ប៉ុន្តែការងារនេះទាមទារឲ្យមានការចូលរួមពីដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោកបន្តថា ៖ «ការសិក្សានេះក៏នឹងធ្វើឡើងតាមបណ្តាខេត្តផងដែរ ដើម្បីយើងអាចរកទិន្នន័យធ្វើជាមូលដ្ឋានដែលអាចរៀបចំគោលនយោបាយលំនៅឋានសាធារណៈបែបណាដើម្បីឲ្យមានភាពសមស្របនឹងប្រាក់ចំណូលរបស់ពួកគេ»។ លោកបន្តថា ៖ «កម្រិតប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមានភាពខុសៗគ្នា ហេតុនេះការមានទិន្នន័យនេះមានសារៈសំខាន់ណាស់ ដើម្បីយើងអាចយកមកធ្វើជាមូលដ្ឋានសម្រាប់ពិចារណា»។

ទោះជាយ៉ាងណាលោកមិនបញ្ជាក់ឲ្យដឹងពីការសិក្សានេះនឹងចាប់ផ្តើមនៅពេលណា ហើយនឹងបញ្ចប់នៅពេលណានោះទេ។

រហូតមកទល់ពេលនេះ មិនទាន់មានក្រសួង ឬក្រុមហ៊ុនណាមួយបានសិក្សាពីចង្កោមប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម មានចំនួនប៉ុន្មានភាគរយ និងប្រជាជនមានអត្រាប្រាក់ចំណូលចាប់ពីប៉ុន្មានឡើង ទើបត្រូវចាត់ចូលជាប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យមនោះទេ។

បើយោងតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ធ្លាប់បានមានប្រសាសន៍នៅពេលចូលរួមបើកសម្ពោធការដ្ឋានសាងសង់ សាលពិព័រណ៍រថយន្តម៉ែកសឺដេស កាលពីចុងឆ្នាំមុនថា ៖ «ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលចាប់ពី១០ដុល្លារក្នុងមួយថ្ងៃ ត្រូវបានចាត់ចូលជាប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យម»។

លោក Michael S. Nhim សមាជិកក្រុមអ្នកវិនិយោគនៃក្រុមហ៊ុន SIDO GROUP បានថ្លែងឲ្យដឹងកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ប្រជាពលរដ្ឋនៅកម្ពុជាប្រមាណ ៣០ ភាគរយ ជាអ្នកមានជីវភាពធូរធារ ឬចាត់ជាក្រុមអ្នកមាន ហើយពាក់កណ្តាលនៃប្រជាពលរដ្ឋនៅសល់៧០ភាគរយ ជាអ្នកមានប្រាក់ចំណូលមធ្យម ដែលជាក្រុមមួយមានទំហំធំ ដែលមានតម្រូវការលំនៅឋានច្រើន ហេតុនេះទើបលោកមានគម្រោងវិនិយោគលើលំនៅឋានសម្រាប់ប្រជាជនមានជីវភាពកម្រិតមធ្យម ព្រោះទីផ្សារនេះមានតម្រូវការច្រើន ដោយសារប្រជាពលរដ្ឋកម្ពុជាភាគច្រើនមានវ័យក្មេង។

លោកបន្តថា ៖ «ប្រជាពលរដ្ឋកម្ពុជាមានវ័យក្មេងច្រើន និងស្របពេលជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង ទីផ្សារអចលនទ្រព្យសម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យមនៅតែមានតម្រូវការខ្ពស់»។

លោក អ៊ិន ចាន់នី អគ្គនាយកធនាគារអេស៊ីលីដាបានថ្លែងថា ក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះសេដ្ឋកិច្ចកម្ពុជា មានកំណើន ៧,៧០ ភាគរយ ដែលជាប្រទេសទី៣លើពិភពលោកដែលមានសេដ្ឋកិច្ចលូតលាស់លឿនជាងគេហើយនៅឆ្នាំនេះចំណូលរបស់ប្រជាពលរដ្ឋម្នាក់ បានកើនឡើងដល់ ១ ៣០០ ដុល្លារក្នុងមនុស្សម្នាក់ ហើយកាលពីឆ្នាំ ២០១៤ អត្រាភាពក្រីក្រនៅកម្ពុជាបានធ្លាក់ចុះមកនៅក្នុងរង្វង់ ១០ ភាគរយប៉ុណ្ណោះ ដែលស្មើនឹងចំនួនប្រជាពលរដ្ឋសរុបប្រមាណ ១,៦០ លាននាក់ មានន័យថា គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលដើរលើផ្លូវត្រូវ។

លោកបន្តថា ៖ «ជាមួយចំណូល ១ ៣០០ ដុល្លារក្នុងមនុស្សម្នាក់នៅឆ្នាំនេះកម្ពុជាបានក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប និងរំពឹងថា នឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យម នៅឆ្នាំ ២០៣០ ដែលប្រជាពលរដ្ឋម្នាក់មានប្រាក់ចំណូលប្រមាណ៣០០០ដុល្លារម្នាក់ក្នុងមួយឆ្នាំ»។

លោកបន្តថា ៖ «តាមកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលមានកំណើនក្នុងរង្វង់៧ភាគរយប្រចាំឆ្នាំកម្ពុជានឹងអាចសម្រេចបានតាមគោលដៅនេះ»។

តាមការកំណត់និយមន័យរបស់ធនាគារពិភពលោកបានបង្ហាញថា ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលចន្លោះពី ១ ០៤៥ ដល់ ៤ ១២៥ ដុល្លារក្នុងមួយឆ្នាំ ត្រូវចាត់ចូលជាប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតទាប។

ប្រជាជនមានប្រាក់ចំណូលចន្លោះពី ៤ ១២៥ ដល់ ១២ ៧៤៦ ដុល្លារក្នុងមួយឆ្នាំត្រូវចាត់ចូលជាប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រជាជនដែលមានប្រាក់ចំណូលក្នុងមួយឆ្នាំច្រើនជាង ១២ ៧៤៦ ដុល្លារ ត្រូវបានគេចាត់ចូលជាប្រជាជនមានប្រាក់ចំណូលខ្ពស់៕

ប្រភព៖ postkhmer.com

Leave a Reply