ក្រសួង​ព្រមាន​រថយន្ត​ក្រុង​៣​ដែល​បង្ក​គ្រោះ​ថ្នាក់​ញឹកញាប់
Posted On : មករា, 5, 2017 | By Vantha

ព្រឹទ្ធសភា កាលពីថ្ងៃម្សិលមិញ បានឯកភាពទាំងស្រុងដោយឥតមានការកែប្រែ លើសេចក្តីព្រាងច្បាប់វិសោធនកម្មមាត្រាចំនួន៩នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដោយសំឡេង៤៩សំឡេងនៃចំនួនវត្តមានសមាជិកក្នុងអង្គប្រជុំទាំងមូលខណៈដែលគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានចេញលិខិតព្រមានក្រុមហ៊ុនរថយន្តដឹកអ្នកដំណើរចំនួន៣ដែលធ្វេសប្រហែសបង្កគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ។

ក្រោយសម័យប្រជុំពេញវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ក្រោមអធិបតីភាព លោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចំនួន ៤៩រូបនោះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានចេញសេចក្តីប្រកាសព័ត៌មានបង្ហាញពីលទ្ធផលថា អង្គប្រជុំបានពិនិត្យ និងឲ្យយោបល់ឯកភាពទាំងស្រុងទៅលើសេចក្តីព្រាងវិសោធនកម្ម មាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ លើមាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០នៃច្បាប់ចរាចរណ៍ផ្លូវគោក ដោយឥតមានការកែប្រែខ្លឹមសារឡើយ។

សេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា ការធ្វើវិសោធនកម្មមាត្រា៨ មាត្រា៤០ និងមាត្រា៤១ ពាក់ព័ន្ធនឹងប័ណ្ណបើកបរនេះ ធ្វើឡើងព្រោះតែកន្លងមក មានបញ្ហាប្រឈមច្រើនបានកើតឡើង ក្នុងនោះ ប្រជាពលរដ្ឋមានភាពលំបាកក្នុងការធ្វើប័ណ្ណបើកបរម៉ូតូ ដោយសារតែពួកគាត់ត្រូវប្រើប្រាស់យានយន្តរួមក្នុងគ្រួសារនីមួយៗ ខណៈដែលការធ្វើវិសោធនកម្មមាត្រា៤៧ និង៤៨ ព្រោះតែកន្លងមក ការទិញមធ្យោបាយដឹកជញ្ជូនតគ្នា ពីមួយទៅមួយ បានចោទជាបញ្ហាស្មុគស្មាញ ដែលតម្រូវឲ្យមានការកំណត់ក្នុងអនុក្រឹត្យ ដើម្បីបើកច្រកឲ្យមានការផ្ទេរមុខងារចុះបញ្ជីផ្តល់បណ្ណសម្គាល់យានយន្ត និងបំពាក់ស្លាកលេខ ទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

ចំណែក ការធ្វើវិសោធនកម្មលើមាត្រា៧៥ ៧៧ និង៨២ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពសង្គមជាក់ស្តែង ដោយបង្កើតឲ្យមានការពិន័យអន្តរការណ៍ ដែលមានន័យថា ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងនូវការផាកពិន័យម្តងរួចមកហើយ ហើយនៅតែបន្តប្រព្រឹត្តបទល្មើសទៀត នោះនឹងត្រូវទទួលរងទណ្ឌកម្មព្រហ្មទណ្ឌ ដោយការផ្តន្ទាទោសដាក់ពន្ធនាគារ និងពិន័យជាប្រាក់។ ដោយឡែក ការធ្វើវិសោធនកម្មមាត្រា ៩០ អំពីការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព សម្រាប់អ្នករួមដំណើរទាំងអស់ជិះនៅកៅអីខាងក្រោយនៃរថយន្តនៅក្រៅទីប្រជុំជន ត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ បន្ទាប់ពីច្បាប់នេះចូលជាធរមាន។

សេចក្តីប្រកាសបានបញ្ជាក់ថា«ជារួមការស្នើធ្វើវិសោធនកម្មខ្លឹមសារច្បាប់់ចំនួន៩មាត្រានេះ នឹងជំរុញឲ្យការអនុវត្តគោលនយោបាយជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់រាជរដ្ឋាភិបាលទទួលបានលទ្ធផលជាវិជ្ជមានថែមទៀតដើម្បីជាគុណប្រយោជន៍ជាតិនិងប្រជាជនយើង»។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភា ដែលមានសំឡេង៩៣លើ១០០សំឡេង សម្រេចអនុម័ត កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ និងបានបញ្ជូនបន្តទៅព្រឹទ្ធសភា ដើម្បីពិនិត្យ និងឲ្យយោបល់់បន្ត កាលពីពេលថ្មីៗនេះ។

ពាក់ព័ន្ធនឹងករណីចរាចរណ៍នេះដែរគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកក៏បានចេញលិខិតព្រមានទៅដល់ក្រុមហ៊ុនរថយន្តដឹកជញ្ជូនអ្នកដំណើរចំនួន៣ផងដែរ រួមមាន ក្រុមហ៊ុន រិទ្ធិមុន្នី ក្រុមហ៊ុន វីរៈប៊ុនថាំ និង ក្រុមហ៊ុន SH15 ដែលបានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ។

អគ្គលេខាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជារដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកស្រី មឹន មាណវី បានថ្លែងថា ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរនោះ ត្រូវបានគណៈកម្មាធិការព្រមានកាលពីអំឡុងឆ្នាំ២០១៦ ដោយសារតែអ្នកបើកបររបស់ពួកគេមានការធ្វេសប្រហែសបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេដូចជាករណីនៅខេត្តស្វាយរៀង ដែលក្រុមហ៊ុន SH15 ដឹកអ្នកដំណើរពីភ្នំពេញទៅវៀតណាម បានបុកជាមួយរថយន្តកម្មករបណ្តាលឲ្យស្លាប់២០នាក់ និងរបួស១៩នាក់ជាដើម។

លោកស្រីបានបន្តថា៖ «យើងបានផ្តាំផ្ញើដល់ក្រុមហ៊ុនមួយៗត្រូវយកចិត្តទុកដាក់ណែនាំដល់អ្នកបើកបរ ឲ្យពួកគាត់ប្រុងប្រយ័ត្នអុីចឹងបើសិនគាត់នៅធ្វើល្មើសទៀតយើងនឹងមានវិធានការក្តៅ ដូចថាបើគាត់ល្មើសទៀតអាចព្យួរអាជីវកម្មរបស់គាត់អុីចឹងតែកន្លងមក យើងបានណែនាំក្រើនរំឮកគាត់ជាប្រចាំដែរ ហើយឥឡូវឃើញថា ការបើកបររបស់ក្រុមហ៊ុនទាំង៣ហ្នឹង មានស្ថានភាពប្រសើរឡើងវិញហើយដែរ»។

ឆ្លើយតបនឹងការព្រមាននេះ លោក សំ វិចិត្រ ប្រធានរដ្ឋបាលក្រុមហ៊ុន រិទ្ធិមុនី បានទទួលស្គាល់ថា រថយន្តដឹកអ្នកដំណើររបស់ខ្លួនពិតជាធ្លាប់មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍តិចតួចដែរកាលពីឆ្នាំកន្លងទៅតែពុំមានច្រើនជាងគេនោះទេបើធៀបនឹងក្រុមហ៊ុនផ្សេងៗទៀត ហើយចំពោះករណីដែលរថយន្តរបស់ក្រុមហ៊ុនបានឆេះកាលពីឆ្នាំ២០១៥បណ្តាលឲ្យឆេះមនុស្សស្លាប់នោះ កើតឡើងដោយអចេតនាប៉ុណ្ណោះ។ តែយ៉ាងណា លោកបន្តថា៖ «បើនិយាយថា បុកគ្នាគឺអត់មានទេបញ្ហាហ្នឹង ហើយមួយរយៈនេះ យើងតែងតែជួបប្រជុំជាមួយតៃកុងឡានដែរ ណែនាំគាត់រហូតលើបញ្ហាហ្នឹង ឲ្យគាត់យកចិត្តទុកដាក់លើការបើកបរ យើងតាមដានការបើកបរគាត់រហូត ទាំងបញ្ហាបច្ចេកទេសឡានដែរ»។

បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៦បានកើតឡើងចំនួន ៣៧០០ករណី បណ្តាលឲ្យស្លាប់មនុស្ស ១៧១៧នាក់ និងរបួស ៦៦០៧នាក់៕

ប្រភព៖ Khmertime

សំឡេងទីក្រុង!

សំឡេងទីក្រុង!