ក្រសួង​បរិស្ថានកំពុង​​​សិក្សា​ពី​ការ​ធ្វើ​ប្រឡាយ​ទឹក ដើម្បី​រំដោះ​ទឹក​លិច​​ភ្នំពេញ​
Posted On : មករា, 6, 2015 | By សំឡេងទីក្រុង

ដោយ ស៊ុន​ ណារិន​,​ ថ្ងៃទី ៦ មករា ២០១៥,​ VOD

រដ្ឋមន្ត្រី ​ក្រសួង​បរិស្ថាន លោក សាយ សំ​អាល់ នៅ​ព្រឹក​ថ្ងៃ​អង្គារនេះ​លើកឡើង​ថាក្រសួង​បរិស្ថាន បាន​កំពុង​​ធ្វើ​ការ​​ជាមួយ​ភាគីពាក់ព័ន្ធក្នុង​ការ​សិក្សា​ពី​ការ​ស្ថាបនា​ ប្រឡាយ​ទឹក និង​ប្រព័ន្ធ​លូ​ ដើម្បី​រំដោះ​ទឹក​លិច​នៅ​រាជធានីភ្នំពេញ។​

ក្នុង ​សន្និសីទ​សារព័ត៌មាន​អំពី​ការងារ​គ្រប់​គ្រង​ដី​សម្បទាន​ សេដ្ឋកិច្ចនៅកម្ពុជា លោក សាយ សំអាល់​ មានប្រសាសន៍​ថា​ភាគីពាក់​ព័ន្ធ​បាន​កំពុង​​សិក្សា​ធ្វើ​ប្រឡាយ​ទឹក​បែប​ម៉េច ដើម្បី​ឲ្យ​ភ្នំពេញ​លែង​លិច​ទឹក​បន្ត​ទៀត។ លោក​​បញ្ជាក់ថា​​នេះ​ជា​ការ​ងារ​ធំ​មួយ និង​មាន​ការ​លំបាក។ លោកបញ្ជាក់​ថា​ «យើង​បាន​នឹង​កំពុង​តែ​សិក្សាជាមួយ​អ្នក​ពាក់​ព័ន្ធ​ទាំងអស់។ ​សិក្សា​មើល​ថា​តើ​យើង​ត្រូវ​ធ្វើ​ប្រឡាយ​រំដោះ​ទឹក​របៀប​ម៉េច ដើម្បី​កុំ​ឲ្យ​មាន​ការ​លិច​ទឹក​នៅ​រាជ​ធានី​ភ្នំពេញទៀត។ ​នេះ​ជា​ការងារ​ធំ ហើយ​ក៏មាន​ការងារ​លំបាក​ដែរ ព្រោះ​ការ​ងារ​ធ្វើ​ប្រឡាយ​ទឹក និងប្រព័ន្ធ​លូ​ដែល​មាន​នៅ​ទីក្រុង​ភ្នំពេញ យើង​មិន​ធ្វើ​សម្រាប់​តែ​ថ្ងៃ​ស្អែក​ទេ។ ​យើ​ងត្រូវ​ប្រមើល​​តើ​ស្ថានភាព​៣០ឆ្នាំទៅ​មុខ​ទៀត ទី​ក្រុង​ភ្នំពេញ​រីក​ទៅ​ប៉ុណ្ណា តើ​ចំនួន​​ប្រជា​ជន​នឹង​កើនយ៉ាងម៉េច?»

​ កាល​ពី​ថ្ងៃ​ទី​២៣​ខែ​កក្កដា ឆ្នាំ​២០១៤ លោក សាយ សំអាល់ បាន​បដិសេធ​នឹង​ការ​​លើកឡើងថា​​ការ​លិច​ទឹក​នៅ​រាជធានី​ភ្នំពេញ បណ្តាល​មក​ពី​ការ​លុប​បឹង​មួយចំនួន។ លោក​បញ្ជាក់​ថា​«តាមពិតខ្ញុំមិនឯកភាពគំនិតថា មកដោយសារយើងលុបបឹងបានលិច មិនមែនទេ ខ្ញុំអត់គិតថាអ៊ីចឹង តែខ្ញុំគិតថា ចំនួនទឹកភ្លៀង និងភាពស្រុតរបស់លូក្នុងក្រុងភ្នំពេញ វាមិនស្រុតខ្លាំងទេ ស្រុតតែបន្តិចទេ ដោយសារយើងមិនបានធ្វើលូរំដោះទឹកភ្លៀងនេះ បានវាលិច»។

​ ប្រជា​ពលរដ្ឋ និង​អ្នកស្រាវជ្រាវ​ការអភិវឌ្ឍ​សង្គមមួយ​ចំនួន​​ ធ្លាប់​​លើកឡើង​ថារាជ​រដ្ឋាភិបាល​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុនឯកជន​ចាក់ដី​ លុប​បឹង​មួយចំនួន​ដែល​ធ្លាប់​រំដោះ​ទឹក​ដូចជា បឹងកក់ បឹងទំពុន បឹង​ពោងពាយ បឹង​បា​យ៉ាប ជាដើម ទើប​បណ្តាលឲ្យ​មាន​ការលិចលង់​រាជធានី​ភ្នំពេញ​ខ្លាំង​ជាង​ពី​មុន​៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!