ក្រសួង​បញ្ជាក់​ពី​ការ​ដំឡើង​ថ្លៃ​បង់​ពន្ធ ​ទៅ​លើ​រថយន្ត​ធុន​ធ្ងន់
Posted On : September, 7, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ ភ្នំពេញ ប៉ុស្តិ៏

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់ថាការដំឡើងប្រាក់បង់ពន្ធចំពោះរថយន្តដឹកទំនិញធុនធ្ងន់គឺដើម្បីទ្រទ្រង់រាល់ការចំណាយក្នុងការថែទាំផ្លូវដែលត្រូវទទួលរងការខូចខាតដោយរថយន្តប្រភេទនេះ និងប៉ះប៉ូវនូវការលុបចោលការប្រមូលពន្ធលើត្រីចក្រយានយន្តគ្រប់ប្រភេទដែលមានកម្លាំង ១៥០ សេះ។

ការបញ្ជាក់នេះបានធ្វើឡើងបន្ទាប់ពីម្ចាស់យានយន្តដឹកទំនិញធុនធ្ងន់មួយចំនួនរួមនៅខេត្តកំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រៃវែងបាននាំគ្នាស្នើសុំរក្សាការអនុវត្តការបង់ប្រាក់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០១៦ ចំពោះរថយន្តធុនធ្ងន់ឱ្យនៅដូចឆ្នាំចាស់ដដែល (ឆ្នាំ ២០១៥)។

សេចក្តីបំភ្លឺរបស់នាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចចេញផ្សាយកាលពីថ្ងៃទី ៥ ខែ កញ្ញាបានលើកឡើងថាមូលហេតុនៃការដំឡើងពន្ធចំពោះរថយន្តដឹកទំនិញធុនធ្ងន់ដោយសាររថយន្តប្រភេទនេះបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

សេចក្តីបំភ្លឺគូសបញ្ជាក់ថា៖ «រថយន្តប្រភេទនេះអាចបណ្តាលឱ្យប៉ះពាល់ខ្លាំងដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងបរិស្ថានដែលរាជរដ្ឋាភិបាលចំណាយធនធានយ៉ាងច្រើនក្នុងការកសាង ជួសជុល ថែទាំ ម្យ៉ាងទៀតប្រាក់ពន្ធនៃប្រភេទរថយន្តដឹកទំនិញទាំងនេះមិនធ្លាប់ដំឡើងនៅឡើយទេចាប់តាំងពីឆ្នាំ ១៩៩៨ រហូតដល់បច្ចុប្បន្នដែលមានរយៈពេល ១៨ ឆ្នាំហើយ»។

ក្រសួងបន្ថែមថា លើសពីនេះទៀតកម្រិតប្រាក់ពន្ធនៃប្រភេទរថយន្តដឹកទំនិញទាំងនេះនៅមានកម្រិតទាបបើប្រៀបធៀបទៅនឹងកម្រិតប្រាក់ពន្ធនៃប្រភេទរថយន្តទេសចរណ៍ដែលត្រូវបានដំឡើងពន្ធជាច្រើនដងរួចមកហើយ។

ក្នុងលិខិតបន្ថែមទៀតថាការកែសម្រួលប្រាក់ពន្ធចំពោះរថយន្តដឹកទំនិញធុនធ្ងន់ក៏ត្រូវបានធ្វើឡើងដើម្បីប៉ះប៉ូវការលុបចោលការប្រមូលពន្ធលើទោចក្រយានយន្ត និងត្រីចក្រយានយន្តគ្រប់ប្រភេទផងដែរ។

ក្រសួងសង្កត់ធ្ងន់ថាក្នុងឋានៈជាស្ថាប័នអនុវត្តច្បាប់អគ្គនាយកដ្ឋានពន្ធដារមិនអាចផ្តល់ការអនុគ្រោះចំពោះបុគ្គលណាម្នាក់បានទេម្យ៉ាងវិញទៀតភាគច្រើននៃម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់បានមកប្រកាសបង់ពន្ធរួចរាល់ហើយដែរ។

ប្រកាសស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ ២០១៦ បានឱ្យដឹងថាពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទត្រូវប្រមូលចាប់ពីថ្ងៃទី ១ កក្កដាដល់ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៦។ ឧបសម្ព័ន្ធ ១ ស្តីពីការប្រមូលពន្ធសម្រាប់ឆ្នាំ ២០១៦ បានកំណត់ថារថយន្តដឹកទំនិញមានទម្ងន់សរុបដល់ ៣ តោនត្រូវបង់ពន្ធ ២០ ម៉ឺនលើសពី ៣ តោន ដល់ ១០ តោន ៥០ ម៉ឺនលើសពី ១០ តោនដល់ ២០ តោន ១ លាន និងលើសពី ២០ តោនត្រូវបង់ពន្ធ ២ លានរៀល។ ឧបសម្ព័ន្ធស្តីពីការប្រមូលពន្ធសម្រាប់ឆ្នាំ ២០១៥ កំណត់ថារថយន្តដឹកទំនិញមានទម្ងន់ពី ៣ តោនដល់ ១០ តោន ២៥ ម៉ឺន ពី ១០ តោនដល់ ២០ តោន ៤៥ ម៉ឺន និងលើសពី ២០ តោនត្រូវបង់ពន្ធ ៧៥ ម៉ឺនរៀល។

លោក មាស ម៉ាច ជាម្ចាស់ក្រុមហ៊ុន Unit Freight Service ដែលមានរថយន្តដឹកទំនិញចំនួន ៥ គ្រឿងចន្លោះពី ៥ តោនចុះក្រោមថ្លែងថាការដំឡើងពន្ធលើប្រភេទរថយន្តនេះពិតជាប៉ះពាល់ដល់ការចំណាយរបស់លោក និងម្ចាស់រថយន្តប្រភេទនេះជាច្រើនទៀតខណៈលោកបានខ្ចីលុយពីធនាគារមកប្រកបមុខរបរនេះ។

លោកថា៖ «និយាយរួមប៉ះពាល់ខ្លាំងព្រោះយើងធ្លាប់បង់ពន្ធតិចឥឡូវបង់ច្រើនហើយខ្ញុំជឿថាប៉ះពាល់ដល់ពលរដ្ឋច្រើនព្រោះភាគច្រើនពលរដ្ឋធម្មតាប្រើឡានផ្ទុកទំនិញ ៥ តោនចុះក្រោមហើយពលរដ្ឋខ្ចីលុយធនាគារទិញច្រើនចំណែករថយន្តចាប់ពី ១០ ទៅ ២០ តោនមិនទៅប៉ះពាល់ទេព្រោះគេសុទ្ធតែជាអ្នកមាន»៕

Urban Voice Cambodia

Urban Voice Cambodia