ក្រសួង​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​រៀបចំ​ប្រព័ន្ធ​សញ្ញា​ចរាចរណ៍​ជុំ​វិញ​សាលារៀន​ឱ្យ​បាន​ច្បាស់​លាស់
Posted On : ឧសភា, 11, 2015 | By សំឡេងទីក្រុង

ប្រភព៖ http://news.kqube.net   ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ ដោយ៖ ចេង ចំរើន
រាជធានី​ភ្នំពេញ៖ មន្ត្រី ​ជាន់​ខ្ពស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ណែនាំ ឱ្យ​មន្ត្រី​ជំនាញ​របស់​ខ្លួន​នៅ​តាម​មន្ទីរ​សាធារណការ​ទាំង​អស់​ត្រូវ​យក​ ចិត្ត​ទុក​ដាក់ និង ពិនិត្យ​លើ​ការ​រៀបចំ ដាក់​ស្លាក​សញ្ញា និង​គំនូស​សញ្ញា​ចរាចរណ៍​លើ​ដង​ផ្លូវ​ថ្នល់ នៅ​ជុំ​វិញ​សាលារៀន​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី បង្ហាញ​ជា​សញ្ញា​ឱ្យ​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ​អាច​មើល​ឃើញ​ស្លាក​ សញ្ញា និង​បន្ថយ​ល្បឿន ខណៈ​ពេល​ដែល​មាន​កុមារ​ឆ្លង​កាត់​តាម​ដង​ផ្លូវ​នោះ​។
ក្នុង ​កម្ម​វិធី​គាំទ្រ​ទិវា​សប្ដាហ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សកល​លើក​ទី​៣ របស់​អង្គការ​សហប្រជាជាតិ ក្រោម​ប្រធាន​បទ​សង្គ្រោះ​ជីវិត​កុមារ​ពី​គ្រោះថ្នាក់​ចរាចរ នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​ឧសភា ឆ្នាំ​២០១៥ នៅ​សាលាបឋមសិក្សា​ទួលគោក លោក​ជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​មាន​ប្រសាសន៍​ថា ក្រសួង​នឹង​ត្រូវ​រៀបចំ​គូស​គំនូស​ចរាចរណ៍​ឆ្លងកាត់​ផ្លូវ និង​ដាក់​ស្លាក​សញ្ញា​បន្ថយ​ល្បឿន​នៅ​លើ​ដង​ផ្លូវ​ថ្នល់​ជុំវិញ​សាលារៀន ដើម្បី​ឱ្យ អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ គោរព​ស្លាក​សញ្ញា និង​បន្ថយ​ល្បឿន​នៅ​ពេល​ដែល​សិស្សានុសិស្ស ឬ​កុមារ​ឆ្លង​កាត់​ផ្លូវ​ថ្នល់​ចូល​សាលារៀន​។
លោកជំទាវ បាន​បញ្ជាក់​ថា ស្ថានភាព​គ្រោះថ្នាក់​ចរាចរ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ទិន្ននា​ការ​កើន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ដោយ​ក្នុង​ឆ្នាំ​២០១៤ កន្លង​មក​នេះ មាន​ជន​រងគ្រោះ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ប្រមាណ​ជាង​ ២.០០០​នាក់ ក្នុង​នោះ​មាន​កុមារ​ចំនួន ១៦.៨ ភាគរយ បាន​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​ពេល​ដើរ​ឆ្លង​កាត់​ផ្លូវ​ថ្នល់​ ពិសេស​កុមារ​ធ្វើ​ដំណើរ​ទៅ​សាលារៀន​។
លោក​ជំនាវ​ បាន​បន្ត​ថា ការ​រៀបចំ​កម្ម​វិធី​ទិវា​សប្ដាហ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​សកល​លើក​ទី ​៣ ​នៅ​ពេល​នេះ​គឺ​ជា​ការ​វាយ​ជួង​ជា​ថ្មី​ទៀត​របស់​រាជរដ្ឋាភិបាល​ឱ្យ​លាន់​ឮ​ ស្នូរ​រំពង​គ្រប់​ទិស​ទី រួម​ជា​មួយ​នឹង​ការ​ផ្សព្វផ្សាយ​ច្បាប់ ស្ដី​ពី​ចរាចរណ៍​ផ្លូវ​គោក​ថ្មី ដើម្បី​ដាស់​តឿន​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំង​ថ្មើរ​ជើង ទាំង​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ ឱ្យ​ខិតខំ​ផ្លាស់ប្ដូរ​ឥរិយាបថ​គោរព​ច្បាប់​ចរាចរណ៍​ពេល​ធ្វើ​ដំណើរ​ឬ​នៅ​ ពេល​បើក​យានយន្ត ដើម្បី​រួម​គ្នា​ទប់​ស្កាត់ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរ​នៅ​តាម​ដង​ផ្លូវ​។​
លោក ​ជំទាវ​រដ្ឋលេខាធិការ​ក៏​បាន​អំពាវនាវ​ដល់​អ្នក​បើកបរ​យានយន្ត​ និង​អ្នក​បើកបរ​ម៉ូតូ​ព្រម​ទាំង​អ្នក​រួម​ដំណើរ​ទាំង​អស់ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ និង​ពាក់​មួក​សុវត្ថិភាព​ឱ្យ​បាន​គ្រប់​ៗ​គ្នា បើ​ទោះ​បី​ធ្វើ​ដំណើរ​ជិត ឬ​ឆ្ងាយ និង​គ្រប់​ពេល​វេលា ពិសេស​សិស្សានុសិស្ស ត្រូវ​ចូល​រួម​ជួយ​ផ្សព្វផ្សាយ​ដល់​បង​ប្អូន ក្រុម​គ្រួសារ និង​មិត្តភ័ក្ដិ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ពេល​ធ្វើ​ដំណើរ ដើម្បី​រួម​ចំណែក​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​នៅ​លើ​ផ្លូវ ហើយ​ក៏​ជា​កាយ វិការ​មនុស្ស​ធម៌​មួយ​ដ៏​ល្អ​ប្រពៃ​នៅ​ក្នុង​សង្គម​ផង​ដែរ​។
លោក ស្ទីវវឹន អ៊ីឌីង ប្រធាន​ក្រុម​ការងារ​ជំងឺ​មិន​ឆ្លង និង​សុខភាព​បរិស្ថាន នៃ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ នៅ ក្នុង​ប្រទេស​កម្ពុជា ស្ទើរ​តែ​ជា​រៀង​រាល់​ថ្ងៃ​មាន​កុមារ​ម្នាក់​បាន​ស្លាប់​នៅ​ពេល​ធ្វើ​ដំណើរ​ តាម​ដង​ផ្លូវ ដែល​កត្តា​ហានិភ័យ​ចម្បង​បង្ក​ឱ្យ​មាន​ការ​ស្លាប់ គឺ​ការ​បើកបរ​លើស​ល្បឿន​កំណត់ ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង និង​ការ​មិន​ពាក់​មួក សុវត្ថិភាព​។
លោក​បាន​ឱ្យ​ ដឹង​ទៀត​ថា ចាប់​ពី​ពេល​នេះ​ទៅ​ កុមារ​កម្ពុជា​ត្រូវ​តែ​ទទួល​បាន​នូវ​សុវត្ថិភាព​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់ ​សាលារៀន និង​មក​ពី​សាលារៀន​វិញ​។ លោក​ក៏​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល និង​ដៃ​គូ​អភិវឌ្ឍ​ទាំង​អស់ ត្រូវ​បន្ដ​ការ​យក​ចិត្ត​ទុក​ដាក់ និង​បង្កើន​ការ​វិនិយោគ​ទៅ​លើ​ផ្នែក​សុវត្ថិភាព ចរាចរណ៍ ដើម្បី​ធានា​បាន​ថា ជីវិត​របស់​កុមារ​ត្រូវ​បាន​ការពារ​នៅ​ពេល​ដែល​ពួក គេ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ ពី​ព្រោះ​កុមារ​គឺ​ជា​អនាគត​របស់​ប្រទេស​ជាតិ​។
យោង ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក បាន​ឱ្យ​ដឹង​ថា នៅ​លើ​ពិភព​លោក​ជា​រៀងរាល់​ឆ្នាំ​មាន​កុមារ​ប្រមាណ ១៨៦.៣០០​នាក់ បាន​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរ​ក្នុង​នោះ​ប្រមាណ ៥០០​នាក់ បាន​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ ហើយ​កុមារ​ដែល​បាន​ស្លាប់​នៅ​លើ​ដង​ផ្លូវ​មាន​ ៣៨ ភាគរយ ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង ៣៦ ភាគរយ​ជា​អ្នក​ប្រើប្រាស់​យានយន្ត និង​អ្នក​ជិះ​ម៉ូតូ ១៤​ភាគ​រយ​។ ចំណែក​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ បើ​តាម​របាយការណ៍​បឋម​នៃ​ប្រព័ន្ធ​ព័ត៌មាន​ជន​រងគ្រោះ និង​គ្រោះ​ថ្នាក់​ចរាចរ​ឆ្នាំ​២០១៤ បាន​បង្ហាញ​ថា មាន​ជន​រងគ្រោះ ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរ​សរុប​ ២.២២៦​នាក់ ក្នុង​នោះ​មាន​កុមារ​អាយុ​ក្រោម ១៨​ឆ្នាំ​ស្លាប់​ចំនួន ២៣៩​នាក់ ដែល​ភាគ​ច្រើន នៃ​កុមារ​ជា​ជន​រងគ្រោះ​បាន​ធ្វើ​ដំណើរ​ថ្មើរ​ជើង​មាន​ ៣១ ភាគរយ និង​អ្នក​ជិះ​ម៉ូតូ ៤៥​ភាគរយ​៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!