6-boding_1

ក្រសួង​ចែក​ទិន្នន័យ​ដល់​អ្នក​នៅ​ប៊ុលឌិង ​បន្ទាប់ពី​ចុះ​ស្រង់​ស្ថិតិ​រួច

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

មន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់កាលពីម្សិលមិញបានចុះចែកសម្រង់ទិន្នន័យជូនពលរដ្ឋរស់នៅក្នុងអគារប៊ុលឌិងសដើម្បីផ្ទៀងផ្ទាត់បន្ទាប់ពីក្រសួងបានចុះស្រង់កាលពីដើមខែធ្នូកន្លងទៅខណៈដែលមន្រ្តីក្រសួងបានបង្ហើបថាពលរដ្ឋភាគច្រើនជ្រើសរើសយកការលក់ផ្ទះ។

លោក ហ៊ី ចិន្តា អគ្គនាយករងនៃអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានឲ្យដឹងថាកាលពីថ្ងៃទី ០៣ ខែធ្នូ កន្លងមក មន្រ្តីក្រសួងដែនដីបានចុះស្រង់ព័ត៌មានម្ចាស់ឯកជននៃអគារសហកម្មសិទ្ធិ ប៊ុលឌិងស ហើយកាលពីម្សិលមិញមន្រ្តីក្រសួងបានចុះចែកជូនពលរដ្ឋវិញដើម្បីផ្ទៀងផ្ទាត់ថា តើទិន្នន័យទំហំផ្ទះត្រឹមត្រូវដែរឬទេ ហើយបើខុសអាចតវ៉ាកែតម្រូវបានដើម្បីឈានទៅរកការចរចាបន្តទៀត។

លោកបានបន្ថែមថាក្រោយពីការចុះស្រង់ទិន្នន័យ ក្រសួងរកឃើញថាពលរដ្ឋភាគច្រើនចង់លក់ផ្ទះជាជាងការចាកចេញបណ្តោះអាសន្នដើម្បីរង់ចាំទទួលផ្ទះថ្មីក្រោយការអភិវឌ្ឍអគារព្រោះពួកគាត់ហាក់បីដូចជាមិនទុកចិត្តលើរដ្ឋាភិបាល និងក្រុមហ៊ុនក្នុងការអភិវឌ្ឍនោះទេ។

លោកបានថ្លែងថា៖ «ពួកគាត់ខ្លាចគឺខ្លាចចេញទៅហើយត្រឡប់មកវិញអត់បាន។ ឯកសារទាំងអស់នេះគាត់អាចប្តឹងបាន បើគាត់ត្រឡប់មកវិញមិនបាន។ ពួកគាត់អត់យល់។ អគារផ្ទះគាត់ចាស់ហើយបើគាត់ទ្រាំ ៤ ឆ្នាំក្រោយការអភិវឌ្ឍអគាររួចតម្លៃផ្ទះគាត់អាច ២០ ម៉ឺនដុល្លារក៏ថាបាន»។

អ្នកភូមិម្នាក់ឈ្មោះ ប៊ុន ធុន អាយុ ៥០ ឆ្នាំបានឲ្យដឹងថាសម្រង់ទិន្នន័យដែលជាចំណែករបស់លោកអាចទទួលយកបានគឺត្រឹមត្រូវទំហំផ្ទះ និងព័ត៌មានពីគ្រួសារ។

លោកបានបញ្ជាក់ថាសម្រាប់លោកគឺលក់ផ្ទះដើម្បីយកលុយទៅទិញកន្លែងនៅថ្មីព្រោះចេះតែខ្លាចការអភិវឌ្ឍហ្នឹងស្មុគស្មាញ។

លោកថា៖ «ខ្ញុំមិនទុកចិត្តមិនដឹងគេអភិវឌ្ឍ ៤ ឆ្នាំហើយខ្ញុំមិនអាចត្រឡប់មកវិញសមាជិកគ្រួសារខ្ញុំច្រើនខ្ញុំចង់បានលុយដើម្បីចែកពួកគេឲ្យហើយ»។

ចំណែកពលរដ្ឋម្នាក់ទៀតឈ្មោះ ឈុំសុខធឿន អាយុ ៥៧ ឆ្នាំបានឲ្យដឹងថាអ្នកស្រីក៏ចង់លក់ផ្ទះដែរព្រោះគិតថាខ្លួនចាស់ហើយ។

អ្នកស្រីថា៖ «មកដល់ឥឡូវខ្ញុំនៅតែចង់លក់ផ្ទះទោះជារដ្ឋបង្ហាញទំនុកចិត្តក៏ដោយព្រោះខ្ញុំគិតថាខ្ញុំចាស់ហើយចង់លក់ដើម្បីអាចយកទៅធ្វើអ្វីទៀត»។

គម្រោងនេះស្ថិតនៅក្នុងការសិក្សារវាងក្រសួងរៀបចំដែនដីជាមួយក្រុមហ៊ុនជប៉ុន Arakawa ដោយគ្រោងចំណាយថវិកាប្រមាណ ៧០-៨០ លានដុល្លាររួមមាន៖ ការសាងសង់ទីតាំងស្នាក់នៅបណ្តោះអាសន្ន និងអគារថ្មីមានកម្ពស់ ២១ ជាន់ដែលក្នុងនោះត្រៀមធ្វើទីតាំងចំណត ៣ ជាន់ កន្លែងលក់ដូរ ១ ជាន់ និងកន្លែងស្នាក់នៅ ៥ ជាន់ដែលបន្ទប់ស្នាក់នៅនីមួយៗនឹងមានទំហំធំជាងមុន ១០ ភាគរយហើយចាប់ពីជាន់ទី ៩ ឡើងទៅនឹងផ្តល់ជាកម្មសិទ្ធិ វិនិយោគរបស់ក្រុមហ៊ុនជប៉ុន Arakawa៕

អ្នកអាចស្វែងរកប្រភពដើមនៅទីនេះ

រូបភាពដោយ ភ្នំពេញប៉ុស្តិ៍

Leave a Reply