6-2-3

ក្រសួង​ការងារ​ដាក់​ចេញ​វិធានការ​១១​ចំណុច ដើម្បី​បញ្ចៀស​ការ​ដួល​សន្លប់​នៅតាម​រោងចក្រ

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការចំនួន១១ចំណុច សម្រាប់ម្ចាស់រោងចក្រសហគ្រាសនៅស្រុកខ្មែរ ដើម្បីបញ្ចៀសការដួលសន្លប់របស់កម្មករ កម្មការិនី។ នៅក្នុងសេចក្ដីជូនដំណឹងដែលទើបតែត្រូវផ្សព្វផ្សាយនៅល្ងាចថ្ងៃទី៣មករា ក្រសួងការងារបានសង្កត់ធ្ងន់ទៀតថា ខ្លួននឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះម្ចាស់រោងចក្រសហគ្រាសណា ដែលល្មើសនឹងវិធានការទាំង១១ចំណុចនេះ។

វិធានការទាំង១១ចំណុចរបស់ក្រសួងការងារ ដើម្បីបង្ការការដួលសន្លប់របស់កម្មករ កម្មការិនីនៅតាមរោងចក្រ មានខ្លឹមសារជារួម៖ ធ្វើយ៉ាងណាធានាថាមានខ្យល់ចេញចូលគ្រប់គ្រាន់នៅក្នុងអគារផលិតកម្ម, ពិនិត្យបរិវេណរោងចក្រសហគ្រាសដើម្បីទប់ស្កាត់ការសាយភាយក្លិនសារធាតុគីមី ថ្នាំសម្លាប់សត្វល្អិត និងសារធាតុដទៃទៀតទៅក្នុងអគារផលិតកម្ម។ សម្រាប់គ្រឹះស្ថានដែលមានប្រើប្រាស់សារធាតុងាយឆាបឆេះ ក្រសួងការងារតម្រូវឲ្យរៀបចំប្រព័ន្ធឆ្លើយតបក្នុងគ្រាអាសន្ន និងរក្សាទុកសារធាតុទាំងនោះដាច់ដោយឡែក និងដាច់ឆ្ងាយពីអគារផលិតកម្ម។

ក្រៅពីនោះ ក្រសួងក៏តម្រូវឲ្យរោងចក្រសហគ្រាសដាក់ឧបករណ៍វាស់ស្ទង់កំដៅនៅកន្លែងធ្វើការ ដើម្បីងាយស្រួលតាមដានកំដៅនៅក្នុងសហគ្រាសគ្រឹះស្ថាន ក៏ដូចជារៀបចំឲ្យមានគិលានដ្ឋាន ព្រមទាំងមធ្យោបាយសង្គ្រោះបន្ទាន់ប្រចាំរោងចក្រសហគ្រាស។ ការផ្គត់ផ្គង់ទឹកស្អាតសម្រាប់បរិភោគដល់កម្មករនិយោជិត ក៏ជាកត្តាចាំបាច់ដែលក្រសួងទាមទារឲ្យរោងចក្រសហគ្រាសអនុវត្តផងដែរ។ ចំណែកកម្មករនិយោជិតទៀតសោត គឺត្រូវតែបានទទួលការបណ្ដុះបណ្ដាលពីរបៀបជម្លៀសខ្លួន និងសញ្ញាការពារសុវត្ថិភាពនៅតាមប៉ុស្តិ៍ការងារ។

ដោយឡែក ចំពោះរោងចក្រសហគ្រាសដែលមានប្រើប្រាស់ប្រព័ន្ធឡចំហាយ គឺត្រូវរៀបចំតម្លើងប្រព័ន្ធទាំងនោះទៅតាមបទដ្ឋានបច្ចេកទេសនិងសុវត្ថិភាព ដោយមានអ្នកទទួលខុសត្រូវនិងបញ្ជាដែលមានការបណ្ដុះបណ្ដាលត្រឹមត្រូវ។

ក្រសួងការងារបានគូសបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងទៀតថា ខ្លួននឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះម្ចាស់រោងចក្រសហគ្រាសណា ដែលល្មើសនឹងវិធានការទាំង១១ចំណុចនេះ។

សូមជម្រាបជូនថា សេចក្ដីជូនដំណឹងនេះ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុនណោះ ក្រោយពេលដែលរដ្ឋមន្ដ្រីក្រសួងការងារ ព្រមានផ្ទាល់មាត់ ចាត់វិធានការតឹងរ៉ឹងចំពោះការដួលសន្លប់របស់កម្មករ។ នៅខែធ្នូចុងឆ្នាំ២០១៧ ក្រោយពេលមានករណីកម្មករនិយោជិតសន្លប់ច្រើននៅក្នុងរោងចក្រ លោករដ្ឋមន្ដ្រី អ៊ិត សំហេង បានព្រមានផាកពិន័យឬចាត់វិធានការធ្ងន់ៗលើរោងចក្រ បើមានករណីកម្មករនិយោជិតសន្លប់ច្រើន។ ទន្ទឹមគ្នានោះ លោករដ្ឋមន្ដ្រីក៏បានប្រកាសរៀបចំក្រុមអធិការកិច្ចមួយ ដើម្បីត្រួតពិនិត្យបច្ចេកទេស និងអនាម័យតាមរោងចក្រ ដែលក្រុមអធិការកិច្ចនេះ ក៏នឹងត្រូវទទួលខុសត្រូវដែរ នៅពេលមានករណីកម្មករនិយោជិតសន្លប់នៅក្នុងរោងចក្រដែលពួកគេចុះធ្វើការ។

របាយការណ៍របស់អង្គការអន្ដរជាតិខាងការងារ ហៅកាត់ថា ILO បានបង្ហាញពីមូលហេតុជាច្រើនដែលនាំឲ្យកម្មកររោងចក្រកាត់ដេរដួលសន្លប់នៅពេលធ្វើការ។ មូលហេតុទាំងនោះរួមមាន៖ ការកើនឡើងកំដៅខ្លាំងនៅក្នុងរោងចក្រ ខ្វះខ្យល់ចេញចូល សារធាតុគីមី និងកម្មករធ្វើការថែមម៉ោងច្រើនជាដើម៕

ប្រភព៖ RFIKH

Leave a Reply