ក្រសួង​កសិកម្ម​សុំ​ឲ្យ​ផ្អាក​អនុវត្ត​សាលក្រម​ស្ថាពរ​តុលាការ​កំពូល​រឿង​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញថ្មី
Posted On : March, 12, 2015 | By សំឡេងទីក្រុង

ដោយ៖អ៊ុក សាវបូរី, វិទ្យុអាស៊ីសេរី,  ថ្ងៃទី១២ខែមីនា ឆ្នាំ២០១៥

RFA 001

ទីតាំង​ដី​មាន​ជម្លោះ​ដែល​ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចុះ​អនុវត្ត​សាល​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល លេខ​៧៥​ឈ ចុះ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១១ នៅ​សង្កាត់​ភ្នំពេញថ្មី រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៥។ RFA/Ouk Savborey

ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក កុល បុន នៅ​ថ្ងៃ​ទី​១២ ខែ​មីនា មិន​អាច​អនុវត្ត​សាល​ដីកា​ស្ថាពរ​លេខ​៧៥​ឈ ចុះ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១១ បាន​ទេ ដោយសារ​លិខិត​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សុំ​ឲ្យ​ផ្អាក​អនុវត្ត​សាលក្រម​ស្ថាពរ​នោះ។

សាលក្រម​នោះ ពាក់ព័ន្ធ​ផ្ទៃដី​ទំហំ​ជាង ១​ម៉ឺន​ម៉ែត្រ​ការ៉េ ដែល​កំពុង​នៅ​ក្នុង​ប្លង់​កម្មសិទ្ធិ​ក្រុមហ៊ុន គឹម ហាប់ និង​កំពុង​តែ​មាន​ប្រជាពលរដ្ឋ​ពីរ​ក្រុម ដែល​ម្ខាង​តំណាង​ដោយ លោកស្រី ព្រីង សុជាតិ និង​ម្ខាង​តំណាង​ដោយ លោកស្រី ជា សារុម។ ក្រុម​ទាំង​ពីរ​នោះ សុទ្ធតែ​អះអាង​ថា មាន​ចំនួន​គ្រួសារ ១៦៣​ដូច​គ្នា ដែល​ធ្លាប់​រស់នៅ​លើ​ដី​មាន​ជម្លោះ​នោះ ហើយ​នាំ​គ្នា​ប្ដឹង​រហូត​ឈ្នះ​ក្តី​ដូច​គ្នា។ បច្ចុប្បន្ន ក្រុម​ទាំង​ពីរ​កំពុង​មាន​ជម្លោះ​គ្នា​ឯង​ដណ្ដើម​ចូល​រស់នៅ​លើ​ដី​នោះ។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក អ៊ុក រ៉ាប៊ុន ផ្ញើ​លិខិត​ជូន​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា សុំ​ផ្អាក​អនុវត្ត​សាលក្រម​ស្ថាពរ​លេខ​៧៥​ឈ ចុះ​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១១។

សាលក្រម​នោះ នឹង​អនុវត្ត​ដោយ លោក កុល បុន ព្រះរាជ​អាជ្ញា​រង​នៃ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ លោក​គ្រោង​អនុវត្ត​សាលក្រម​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៥ នៅ​ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​ទៅ​វិញ។ លោក កុល បុន មិន​ផ្តល់​បទសម្ភាសន៍​ជូន​អ្នក​សារព័ត៌មាន​ពី​មូលហេតុ​យល់​ព្រម​ផ្អាក តាម​ការ​ស្នើសុំ​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ទេ។

ពាក់ព័ន្ធ​បញ្ហា​នេះ មន្ត្រី​ច្បាប់​អង្គការ​សិទ្ធិ​លំនៅឋាន លោក ណន អូនី ថ្លែង​ថា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម មិន​គួរ​ផ្អាក​ពេល​អនុវត្ត​សាល​ដីកា​របស់​តុលាការ​ទេ ព្រោះ​ដី​នោះ​ជា​ដី​ឯកជន ដែល​ស្ត្រី​ជា​ភរិយា​មន្ត្រី​ផ្នែក​គ្រឿងយន្ត​ក្រសួង​កសិកម្ម ដែល​ចាញ់​ក្តី​ពលរដ្ឋ ១៦៣​គ្រួសារ គឺ​មិន​ពាក់ព័ន្ធ​ក្នុង​ក្រសួង​កសិកម្ម ឡើយ៖ «ខ្ញុំ​ភ្ញាក់​ផ្អើល​មែន​ទែន​ចំពោះ​ការ​សម្រេច​ចិត្ត​យោង​ទៅ​តាម​ លិខិត​របស់​ក្រសួង​កសិកម្ម នេះ ព្រោះ​វា​អត់​មាន​ទៅ​ពាក់ព័ន្ធ​នៅ​ក្នុង​ជម្លោះ​ហ្នឹង​ទេ។ ហេតុ​អី​បាន​ជា​ក្រសួង​កសិកម្ម បែរ​ជា​លើក​ហេតុផល​ថា ដី​នេះ​ជា​ដី​របស់​រដ្ឋ​ទៅ​វិញ។ អ៊ីចឹង បើ​ដី​របស់​រដ្ឋ ហេតុ​អី​តុលាការ​កាត់​ឲ្យ​ប្រជាពលរដ្ឋ»

តំណាង​ពលរដ្ឋ​ភូមិ​រោងចក្រ លោកស្រី ជា សារុម ឲ្យ​ដឹង​ថា គាត់​ជា​តំណាង​អ្នក​រស់នៅ​ពិត​ប្រាកដ ១៦៣​គ្រួសារ ហើយ​ឈ្នះ​ក្តី លោកស្រី ជា នីម ដែល​មក​អះអាង​ថា ដី​នោះ​ជា​របស់​នាយកដ្ឋាន​គ្រឿងយន្ត​កសិកម្ម ព្រោះ​ប្ដី លោកស្រី ជា នីម បាន​ធ្វើ​ការ​នៅ​ក្នុង​នោះ។ លោកស្រី ជា សារុម អះអាង​បន្ត​ថា បាន​ឈ្នះ​ក្តី​នៅ​តុលាការ​ទាំង ៣​ថ្នាក់ ហើយ​បាន​ទទួល​សាលក្រម​ស្ថាពរ​របស់​តុលាការ​កំពូល តាំង​ពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១១ មក​ម្ល៉េះ។ ប៉ុន្តែ តុលាការ​មិន​ទាន់​អាច​អនុវត្ត​សាល​ដីកា​បាន ដោយសារ លោកស្រី ព្រីង សុជាតិ ប្ដឹង​ទាស់​ដោយ​សំអាង​ថា គាត់​ជា​តំណាង​ឲ្យ ១៦៣​គ្រួសារ​ដូច​គ្នា​ដែរ៖ «ដី​នេះ​នៅ​ជា​ដី​ដដែល ហើយ​ប្រជាជន​ខ្ញុំ ១៦៣​គ្រួសារ​ក៏​នៅ​ជា​ប្រជាជន​ដែរ ហើយ​ការ​ដែល​គាត់​ចង់​បាន​រំលោភ​បំពាន​មក​លើ​ខ្ញុំ ចោទ​ប្រកាន់​ខ្ញុំ​ថា​យក​ទៅ​លក់​យក​ម្នាក់​ឯង​អី​នេះ គឺ​រឿង​មួយ​ដែល​គាត់​ប្រឌិត​ច្នៃ ដើម្បី​រំលោភ​បំពាន​យក​ដី​នេះ​ពី​ប្រជាជន​ខ្ញុំ ១៦៣​គ្រួសារ ដែល​ខ្ញុំ​ខំ​ចំណាយ​ពេលវេលា ខំ​ចំណាយ​ថវិកា ខំ​តស៊ូ​នឹង​បញ្ហា​ទំនាស់​គ្រប់​សព្វ​បែប​យ៉ាង រហូត​ដល់​បាន​ឈ្នះ​ក្តី»

បំភ្លឺ​ចំពោះ​ការ​លើក​ឡើង​នោះ លោកស្រី ព្រីង សុជាតិ ចោទ​ប្រកាន់ លោកស្រី ជា សារុម វិញ​ថា បាន​ក្បត់​សមាជិក​របស់​ខ្លួន​ទៅ​ត្រូវរ៉ូវ​ជាមួយ លោកស្រី ជា នីម ទំនង​លក់​ដី​សហគមន៍​ឲ្យ​ទៅ​ក្រុមហ៊ុន គឹម ហាប់ ទើប​ក្រុមហ៊ុន គឹម ហាប់ មាន​ប្លង់​កម្មសិទ្ធិ​ផ្តល់​ដោយ លោក ឆាយ ឬទ្ធីសែន ប្រធាន​មន្ទីរ​សុរិយោដី​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៩៖ «ហើយ​ក៏​ ខ្ញុំ​ស្នើសុំ​ទៅ​លោក​អភិបាល​ខណ្ឌ ដើម្បី​ចូល​រស់នៅ​លើ​ដី​ហ្នឹង​ជាមួយ លោកស្រី ជា សារុម ដែរ គឺ​យើង​ត្រូវ​បាន​នៅ​មួយ​ចំហៀង​ម្នាក់ រង់ចាំ​ពេល​ដែល​ខ្ញុំ​ដោះស្រាយ​ជាមួយ​ក្រសួង​កសិកម្ម ហើយ​សិន គឺ​លោក អ៊ុក រ៉ាប៊ុន ហ្នឹង»

មេធាវី​ការពារ​ក្តី​ឲ្យ លោកស្រី ជា សារុម គឺ​លោក ជ័យ សុវណ្ណ ថ្លែង​ថា សាល​ដីកា​តុលាការ​កំពូល បាន​អនុវត្ត​ចប់​សព្វ​គ្រប់​អស់​ហើយ​តាម​ផ្លូវ​ច្បាប់។ លោក​មិន​យល់​ការ​ចុះ​អនុវត្ត​សាលា​ដីកា​ស្ថាពរ​តុលាការ​កំពូល នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ព្រះរាជ​អាជ្ញា​រង​នោះ​មាន​អ្វី​ជា​សំអាង។

ទោះ​យ៉ាង​ណា នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៥ ក្រសួង​កសិកម្ម ចង់​សើរើ​ដី​នោះ​ឡើង​វិញ ទើប​ចេញ​លិខិត​សុំ​ផ្អាក​ការ​អនុវត្ត​សាល​ដីកា​ស្ថាពរ​របស់​តុលាការ​កំពូល នេះ៕

Urban Voice Cambodia

Urban Voice Cambodia