ក្រសួងបរិស្ថាន និង JICA ជប៉ុន សហការគ្នាវាយតម្លៃហេតុប៉ះពាល់និងត្រួតពិនិត្យការបំពុលបរិស្ថាន

ក្រសួងបរិស្ថាន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) របស់ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី គម្រោងសម្រាប់ជួយដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យការបំពុលបរិស្ថាននៅកម្ពុជា។

តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ គឺដើម្បី អភិវឌ្ឍន៍សមត្ថភាពនៃក្រសួងបរិស្ថាន ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការអនុវត្តការងារវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងត្រួតពិនិត្យការបំពុលបរិស្ថាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការសហប្រតិបត្ដិការបច្ចេកទេសនេះនឹងត្រូវអនុវត្តរយៈពេល៣ឆ្នាំកន្លះ លើតម្រូវការផ្នែកសមត្ថភាពស្ថាប័ន និងសមត្ថភាពបច្ចេកទេសរបស់ក្រសួងបរិស្ថាន ដើម្បីឱ្យអនុវត្តបេសកកម្មរបស់ខ្លួនក្នុងការធានានូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ចំពោះលទ្ធផលរំពឹងទុករបស់នៃការហសការនេះគឺ ទី១. ការពង្រឹងសមត្ថភាពរបស់អគ្គនាយកដ្ឋានគាំពារបរិស្ថាន (GDEP) ដើម្បីសម្រេចបាននូវភារកិច្ចរបស់ខ្លួន និង ទី២. ការបង្កើត ការកែលម្អ និងការចែករំលែកទៅដល់អ្នកពាក់ព័ន្ធនូវឯកសារច្បាប់ បច្ចេកទេស និងនីតិវិធីនានាពាក់ព័ន្ធនឹងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងការត្រួតពិនិត្យការបំពុលបរិស្ថាន៕

ប្រភព៖ business-cambodia

Leave a Reply